ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ ចេញយន្តហោះ យ៉ាងប្រញាប់ ដើម្បីឃ្លាំមើល សកម្មភាពយោធាចិន

បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ បានចេញយន្តហោះ យ៉ាងប្រញាប់ ដើម្បីឃ្លាំមើល សកម្មភាពយោធាចិន ដោយក្រសួងការពារជាតិ តៃវ៉ាន់ និយាយថា យន្តហោះយោធាចិន ១៩គ្រឿង រួមមានទាំងយន្តហោះទម្លាក់គ្រាប់ សមត្ថភាព នុយក្លេអ៊ែផង បានហោះចូលក្នុងតំបន់ កំណត់ការពារដែនអាកាស របស់តៃវ៉ាន់។

កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួននោះ ត្អួញត្អែអំពីបេសកកម្ម ធ្វើដោយកងទ័ពអាកាសចិន ម្តងហើយម្តងទៀត នៅជិតកោះលទ្ធិប្រជាធិបតេយ្យនេះ ដែលជាញឹកញាប់នោះ នៅក្នុងផ្នែក នៃភាគនិរតី នៃតំបន់កំណត់ការពារ ដែនអាកាស ជិតប្រជុំកោះ Pratas ដែលតៃវ៉ាន់គ្រប់គ្រង។

បេសកកម្មយោធាចិន ដ៏ថ្មីបំផុតនេះ មានការចូលរួម ដោយយន្តហោះចម្បាំង J-16 ចំនួន១០គ្រឿង យន្តហោះចម្បាំង Su-30 ចំនួន៤គ្រឿង យន្តហោះទម្លាក់គ្រាប់ ដែលអាចបំពាក់ អាវុធនុយក្លេអ៊ែ H-6 ចំនួន៤គ្រឿង និងយន្តហោះប្រឆាំង នាវាមុជទឹក១គ្រឿង នេះបើតាមសម្តីក្រសួងការពារជាតិ របស់កោះតៃវ៉ាន់។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយបន្តថា យន្តហោះចម្បាំង តៃវ៉ាន់ ត្រូវបានបញ្ជូនឲ្យទៅព្រមាន ឲ្យយន្តហោះចិនចាកចេញ ទន្ទឹមនឹងការដាក់ពង្រាយ ប្រព័ន្ធមីស៊ីល ដើម្បីឃ្លាំមើលយន្តហោះចិន ទាំងនោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top