ព័ត៌មានអន្តរជាតិ

តៃវ៉ាននិយាយថា យន្តហោះចម្បាំងចិន ១៩គ្រឿង ហោះចូលដែនអាកាស របស់ខ្លួន

បរទេស៖ កោះតៃវ៉ាន់នៅថ្ងៃចន្ទ បានធ្វើការអះអាងថា កងកម្លាំងទ័ពអាកាស របស់ប្រទេសចិន ក្នុងទ្រង់ទ្រាយធំមួយ បានធ្វើការហោះហើរ ដោយខុសច្បាប់ ពីលើដែនអាកាសរបស់ខ្លួនកាលពីថ្ងៃអាទិត្យ ។

ក្រសួងការពារជាតិ នៃកោះតៃវ៉ាន់ បានបញ្ជាក់ថាយន្តហោះចម្បាំង សរុប១៩គ្រឿង ព្រមទាំងយន្តហោះ ទម្លាក់គ្រាប់បែកមួយចំនួនផង បានធ្វើការហោះហើរ ចូលមកក្នុងតំបន់ដែន អាកាសរបស់កងកម្លាំងការពារជាតិ ឬហៅថា ADIZ ដែលជាសកម្មភាពកោះតៃវ៉ាន់ បានធ្វើការចោទប្រកាន់ជាង១ឆ្នាំ មកហើយ ថាបានបន្តធ្វើឡើង ជាញឺកញាប់ មកលើដែនអាកាសរបស់ខ្លួន។

ក្រសួងបានបញ្ជាក់ទៀតថា យន្តហោះចម្បាំងភាគច្រើន ជាយន្តហោះសម្រាប់ប្រឆាំង ទៅនឹងនាវាមុជទឹក ព្រមជាមួយនឹងយន្តហោះ ទំលាក់គ្រាប់បែក ដែលអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ ប្រភេទ H-6 ចំនួន៤គ្រឿង ផងដែរ។

ទោះបីជាយ៉ាងណាក្តី សម្រាប់រដ្ឋាភិបាល ប៉េកាំង វិញនៅមិនទាន់ធ្វើការឆ្លើយតបណាមួយ ពាក់ព័ន្ធទៅនឹងព័ត៌មាន ទាំងនេះនៅឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top