ព័ត៌មានអន្តរជាតិ

អាមេរិក និងម៉ិកស៊ិកស្តារឡើងវិញ នូវកិច្ចពិភាក្សាសម័យ លោក អូបាម៉ា ដើម្បីដោះស្រាយបញ្ហាជំនួញ និងអន្តោប្រវេសន៍

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ នឹងបន្តកិច្ចពិភាក្សាសេដ្ឋកិច្ច លំដាប់ខ្ពស់ ជាមួយប្រទេសម៉ិកស៊ិក ដែលបានផ្តួច ផ្តើមបង្កើតឡើង កាលពីប៉ុន្មានឆ្នាំមុន ដោយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ។

សេតវិមានបាននិយាយពីមុនថា កិច្ចពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍នេះ នឹងផ្តោតលើគោលការណ៍សំខាន់ៗ ចំនួន៤ គឺកសាងចំណងមិត្តភាព ដែលមានស្រាប់របស់ប្រទេស ទាំងពីរ លើកកម្ពស់ដំណើរ អភិវឌ្ឍន៍ សេដ្ឋកិច្ចនិង សង្គមជានិរន្តរភាព នៅក្នុងប្រទេសម៉ិកស៊ិក ភាគខាងត្បូង និងអាមេរិកកណ្ដាល ដែលជាឧបករណ៍ធានា ដល់វិបុលភាពអនាគត និងការវិនិយោគលើប្រជាជន ។

ក្រៅពីនោះ កិច្ចពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍នេះ ក៏ត្រូវបានរចនាបង្កើតឡើង ដើម្បីជួយប្រទេសទាំងពីរ ឲ្យប្រសើរឡើង ពីជម្ងឺកូវីដ១៩ កសាងភាពធន់អាកាសធាតុ ជាដៃគូលើសន្តិសុខ និងដោះស្រាយមូលហេតុជាឫសគល់ នៃអន្តោប្រវេសន៍ខុសច្បាប់ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Gina Raimondo រដ្ឋមន្ត្រីសន្តិសុខផ្ទៃប្រទេស លោក Alejandro Mayorkas និងតំណាងពាណិជ្ជកម្ម សហរដ្ឋអាមេរិក លោក Katherine Tai នឹងចូលរួមក្នុងកិច្ចពិភាក្សាគ្នានោះ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top