ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន អំពាវនាវឲ្យបណ្ដាប្រទេស GMS ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្ដិការ (Video)

ប៉េកាំង៖ នាយករដ្ឋមន្រ្តីចិនលោក លី កេឈាំង នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវដល់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមាហរណកម្មនៅក្នុងអនុតំបន់។

លោកលី បានធ្វើការកត់សម្គាល់តាមរយៈតំណភ្ជាប់វីដេអូនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចមហាអនុតំបន់ទន្លេមេគង្គដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ចូលរួមកិច្ចប្រជុំកំពូលវីដេអូនេះផងដែរមាននាយករដ្ឋមន្រ្តីឡាវលោក ផាន់ខាំ វីផាវ៉ាន់ ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោកសេន-ឧត្ដមសេនីយ៍មីន អ៊ុងឡាំង នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធចាន់អូឆា នាយករដ្ឋមន្រ្តីវៀតណាមលោក ផាមមិញឈិន និងប្រធានធនាគារអភិវឌ្ឍន៍អាស៊ីលោក Masatsugu Asakawa ។

ដោយកត់សម្គាល់ថាបច្ចុប្បន្នជំងឺរាតត្បាតកូវីដ -១៩ នៅតែមានការប្រែប្រួលនៅទូទាំងពិភពលោក ហើយអស្ថិរភាព និងភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ចពិភពលោកកំពុងកើនឡើង លោក លី បានលើកឡើងថា ការងើបឡើងវិញនៃសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាពនៃបណ្តាប្រទេសនៅក្នុងអនុតំបន់កំពុងប្រឈមនឹងបញ្ហាថ្មីៗ។

លោកលី បានលើកឡើងថា “យើងគួរតែបង្កើតការមូលមតិគ្នាបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ ពង្រីកតំបន់កិច្ចសហប្រតិបត្តិការ កែលម្អកម្រិតកិច្ចសហប្រតិបត្តិការ និងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងរួមបញ្ចូលគ្នានៃអនុតំបន់នេះ” ។

លោកលី បានអំពាវនាវឱ្យបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ បង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើធនធានទឹក ដើម្បីជាផលប្រយោជន៍ដល់ប្រទេសនៅតាមតំបន់ឆ្នេរ។ លោកលី បានលើកឡើងផងដែរថា ពួកគេគួរតែធ្វើការរួមគ្នា ដើម្បីការពារ និងគ្រប់គ្រងជំងឺរាតត្បាតពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនិងរួមគ្នាជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ។

ចាប់តាំងពីឆ្នាំមុនប្រទេសចិន បានផ្តល់ឱ្យប្រទេសមេគង្គទាំង ៥ នូវទិន្នន័យជលសាស្ត្រប្រចាំឆ្នាំនៅលើដងទន្លេឡានឆាង ហើយបានផ្តួចផ្តើមគំនិតក្នុងការបើកដំណើរការគេហទំព័រវេទិកាចែករំលែកព័ត៌មាន ស្តីពីកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង

លោកបានលើកឡើហថា“ យើងមានឆន្ទៈរួមគ្នាក្នុងការរៀបចំកិច្ចប្រជុំ និងកិច្ចសហប្រតិបត្តិការថ្នាក់រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គលើកទី ២ និងពង្រឹងសមត្ថភាពការគ្រប់គ្រងអាងទន្លេរួម និងការគ្រប់គ្រងធនធានទឹកតាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ”៕

ដោយ ឈូក បូរ៉ា

To Top
×