ព័ត៌មានអន្តរជាតិ

ថ្ងៃនេះវៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១៣០០០ករណី

ហាណូយ ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,៣២១ នាក់ដែលក្នុងនោះមាន ១៣,៣០៦ ករណី បានឆ្លងក្នុងស្រុក និងនាំចូល ១៥ ករណី។

ក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់ ៥៨៩,៤១៧ករណី ជាមួយនឹងការស្លាប់ចំនួន ១៤,៧៤៥ នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ករណីសហគមន៍ភាគច្រើន ត្រូវបានរកឃើញនៅតំបន់ ភាគខាងត្បូងរួមមាន ៧,៥៣៩ករណី នៅចំណុចកណ្តាល ទីក្រុងហូជីមិញ ៣,៥៦៣ករណី នៅខេត្តប៊ិញឌឿងក្បែរនោះ និង ៨២៣ករណី នៅខេត្តដុងណៃ ។

រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ ចំនួន ៣៥០,៩២១ នាក់ បានជាសះស្បើយ ដោយកើនឡើង ១២,៧៥១ នាក់ ពីថ្ងៃព្រហស្បតិ៍ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ២៥,៩ លានដូស ត្រូវបានផ្តល់នៅជូន ទូទាំងប្រទេស។

ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រម្សិលមិញនេះ វៀតណាមបានចុះបញ្ជី ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកសរុបចំនួន ៥៨៥,០៥១ករណី ចាប់តាំងពីការចាប់ផ្តើម នៃរលកនាចុងខែមេសាកន្លងទៅនេះ ។

នៅថ្ងៃសុក្រម្សិលមិញនេះដែរ ក្រសួងបានអនុម័តវ៉ាក់សាំង Hayat-Vax ដែលជាវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ផលិតនៅប្រទេសចិន និងវេចខ្ចប់នៅអារ៉ាប់រួម ដើម្បីប្រើប្រាស់ជាបន្ទាន់ នៅវៀតណាម ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទី៧ ដែលត្រូវបានគាំទ្រ នៅក្នុងប្រទេសនេះ ៕
ដោយ ឈូក បូរ៉ា

To Top