បរទេស៖ ប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ នឹងបញ្ជូនបន្ថែមនូវរថក្រោះថ្មី ចំនួន៣០គ្រឿង ឲ្យដល់មូលដ្ឋានយោធា របស់ខ្លួនមួយ នៅក្នុងប្រទេសតាជីហ្គីស្ថាន ដែលមានព្រំដែន ជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយកាសែតរុស្ស៊ី Interfax។
ទីក្រុងមូស្គូ នាពេលថ្មីៗនេះ បានប្រារព្ធធ្វើសមយុទ្ធយោធា នៅក្នុងប្រទេសតាជីហ្គីស្ថាន និងបានពង្រីកចំនួន ឧបករណ៍យោធា នៅមូលដ្ឋានក្នុងប្រទេសនោះ ដែលជាមូលដ្ឋានយោធា ដ៏ធំបំផុត របស់រុស្ស៊ី នៅបរទេស ចាប់តាំងពីអាមេរិក ដកទ័ពចេញ ពីអាហ្វហ្គានីស្ថាន និងពួកតាលីបង់ កាន់កាប់អំណាចមក។
យោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Interfax ដែលដកស្រង់សម្តីលោក Khanif Beglov ជាមេបញ្ជាការអង្គភាព រថក្រោះនៃតំបន់យោធា កណ្ដាលរបស់រុស្ស៊ី បាននិយាយថា រថក្រោះទំនើបៗ ចំនួន៣០គ្រឿង នឹងត្រូវដាក់ប្រចាំការនៅមូលដ្ឋានទ័ព ក្នុងប្រទេសតាជីហ្គីស្ថាន នៅចុងឆ្នាំនេះ ដើម្បីប្រើជំនួសរថយន្តចម្បាំងចាស់ៗ។
គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ មានក្តីព្រួយបារម្ភចំពោះការធ្លាក់ចុះ សក្តានុពលក្នុងតំបន់ និងភាពអាចទៅរួច នៃពួកសកម្មប្រយុទ្ធឥស្លាម ធ្វើការជ្រៀតចូល ក្នុងតំបន់អាស៊ីកណ្ដាល ដែលទីក្រុងមូស្គូ មើលឃើញថា ជាតំបន់ការពារ ភាគខាងត្បូងរបស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង