បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បាននិយាយថា សហរដ្ឋអាមេរិកមានក្តីព្រួយបារម្ភជាខ្លាំង អំពីការប្រយុទ្ធគ្នា នៅក្នុងផ្នែកនានា នៃប្រទេសអេត្យូពី និងបានធ្វើការជំរុញ រដ្ឋាភិបាលអេត្យូពី និងកងកម្លាំងបះបោរមកពីតំបន់ Tigray ឲ្យចាប់ផ្តើមកិច្ចចរចាភ្លាមៗ ដើម្បីដោះស្រាយជម្លោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិក លោក Ned Price បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងជំរុញរដ្ឋាភិបាលអេត្យូពី និងរណសិរ្សរំដោះប្រជាជន Tigray ឲ្យចូលរួមក្នុងកិច្ចចរចាគ្នា ដោយគ្មានលក្ខខណ្ឌពីមុន ឆ្ពោះទៅរកបទឈប់បាញ់គ្នាជានិរន្តរ៍”។
តាមសេចក្តីរាយការណ៍ លោក Ned Price បានមានប្រសាសន៍ថា របាយការណ៍អំពីការបន្តរំលោភបំពានសិទ្ធិមនុស្ស និងអំពើឃោរឃៅធ្វើឡើងដោយភាគីជម្លោះ គឺជារឿងគួរឲ្យព្រួយបារម្ភជាខ្លាំង ដោយរួមមានទាំងការវាយប្រហារទៅលើជនស៊ីវិល នៅក្នុងភូមិមួយក្នុងតំបន់ Amhara នាសប្ដាហ៍នេះ។
គួរបញ្ជាក់ថា មន្ត្រីក្នុងតំបន់មួយរូប កាលពីថ្ងៃពុធ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា កងកម្លាំងបះបោរ មកពីតំបន់ Tigray បានសម្លាប់ជនស៊ីវិលចំនួន១២០នាក់ ក្នុងរយៈពេលពីរថ្ងៃ នៅក្នុងភូមិមួយក្នុងតំបន់ Amhara នៃប្រទេសអេត្យូពី៕
ប្រែសម្រួល៖ប៉ាង កុង