បរទេស៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី នៅថ្ងៃសៅរ៍ បានប្រកាសថា ខ្លួនបានបញ្ចូនរថយន្តយោធា ព្រមទាំងឧបករណ៍ជាច្រើនផង ទៅដល់ប្រទេស Tajikistan ដើម្បីពង្រឹងសមត្ថភាព របស់សម្ព័ន្ធមិត្ត ដែលស្ថិតនៅអាស៊ីកណ្តាលនេះ ដែលជាប្រទេសមានព្រំដែន ជាប់ជាមួយនឹងអាហ្គានីស្ថាន។
រដ្ឋាភិបាលក្រុងមូស្គូ ត្រូវបានគេមើលឃើញ បានរៀបចំសមយុទ្ធយោធា យ៉ាងធំមួយ នៅក្នុងប្រទេស Tajikistan ព្រមទាំងបាន បញ្ចូនសំភារៈយោធាជាច្រើន ទៅកាន់ប្រទេស Tajikistan ដែលក៏ជាប្រទេស មានវត្តមានមូលដ្ឋាន ទ័ពរុស្សីធំជាងគេបំផុត នៅក្រៅប្រទេស។
រុស្សីបានបង្ហាញ ពីក្តីព្រួយបារម្ភថា នឹងមានលទ្ធភាព នៃការកើនឡើង នៃក្រុមជ្រុលនិយមអ៊ីស្លាម នៅក្នុងតំបន់ជាពិសេស នៅអាស៊ីកណ្តាល ដែលវាបានក្លាយទៅជា កិច្ចការងារសម្រាប់ ពង្រឹងកងម្លាំងការពារ របស់ខ្លួនស្ថិតនៅភាគខាងត្បូង។
គួរឲ្យដឹងដែរថា Tajikistan ជាប្រទេសដែលមានព្រំប្រទល់ ជាមួយនឹងប្រទេសអាហ្គានីស្ថាន ចំងាយប្រមាណជា១៣៤៤គីឡូម៉ែត្រ ប៉ុន្តែភាគច្រើនសុទ្ធតែ ជាតំបន់ភ្នំ និងតំបន់ដែលលំបាក គ្រប់គ្រងខ្លាំងបំផុត៕
ប្រែសម្រួល៖ស៊ុនលី