បរទេស៖ សមាជិក ក្រុមឥស្សរជនពិសេស របស់កងកម្លាំងពិសេស អាហ្វហ្គានីស្ថាន ដែលទទួលការបណ្តុះបណ្តាល ពីទីភ្នាក់ងារចារកម្មកណ្តាល (CIA) ដែលបានជួយប្រតិបត្តិការ ជម្លៀសអាមេរិក នៅទីក្រុងកាប៊ុល គឺបានទទួលការគំរាមកំហែង សម្លាប់ពីពួកតាលីបង់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមវរជន ដែលត្រូវបានបណ្តុះបណ្តាល សម្រាប់បេសកកម្មប្រឆាំង ភេរវកម្មនិងសហការជាមួយ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិក អស់ជាច្រើនឆ្នាំ បានជួយដល់កងកម្លាំង អាមេរិក ក្នុងការជម្លៀស ពលរដ្ឋអាមេរិកាំង និងអ្នករស់នៅ អចិន្ត្រៃយ៍ជាង ២.០០០ នាក់ ព្រមទាំងបុគ្គលិកស្ថានទូត ក្នុងតំបន់ប្រមាណ ៥ ៥៥០ នាក់ ជាជនជាតិទី ៣ និងអាហ្វហ្គានីស្ថាន គឺស្ថិតនៅក្នុងហានិភ័យនៃការសងសឹកពីពួកតាលីបង់។
ពួកតាលីបង់ បានកំណត់អត្តសញ្ញាណ សមាជិកក្រុមឥស្សរជនមួយចំនួន ទាំងនោះ ហើយបានផ្ញើសារទៅពួកគេ ដោយគំរាមកំហែងថា នឹងសម្លាប់ពួកគេ និងក្រុមគ្រួសារ របស់ពួកគេថែមទៀត។
កាសែត Washington Post មិនបានបញ្ជាក់ពីចំនួន ពិតប្រាកដនៃសមាជិក ក្រុមឥស្សរជនទាំងនេះ ដែលជាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទេ ប៉ុន្តែបានកត់សម្គាល់ថា ដំណើរការនៃការតាំងទីលំនៅថ្មី គឺមានលក្ខណៈក្រៅប្រព័ន្ធ និងមានភាពយឺតយ៉ាវ៕
ប្រែសម្រួលៈ ណៃ តុលា