បរទេស៖ លោក ប្រាវីត វង់ស៊ូវ៉ុន ឧបនាយករដ្ឋមន្រ្តីថៃ បានទទូចថា លោកនឹងមិនលាលែង ពីតំណែងជាប្រធានគណបក្ស Palang Pracharath Party (PPRP) ឡើយ ខណៈនាយករដ្ឋមន្ត្រី លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា កំពុងធ្វើចលនា ដើម្បីពង្រឹងអំណាច របស់លោកនៅក្នុង គណបក្សកាន់អំណាច។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ប្រាវីត កាលពីថ្ងៃសៅរ៍បានច្រានចោលរបាយការណ៍មួយដែលថា លោកនឹងចុះចេញពីតំណែង។
ប្រភពមួយពីគណបក្ស PPRP បាននិយាយថា បន្ទាប់ពីលោក Thamanat Prompow អគ្គលេខាធិការគណបក្ស PPRP ត្រូវបានបណ្តេញចេញពីតំណែងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកស្រី Narumon Pinyosinwat ត្រូវបានដកចេញពីតំណែងជាអនុរដ្ឋមន្ត្រីក្រសួងការងារ កាលពីសប្តាហ៍មុន មកនោះ គឺការរំពឹងទុកមានច្រើនដែលការរុះរើគណៈរដ្ឋមន្ត្រីអាចនឹងកើតឡើង។
ប្រភពបាននិយាយថា ឧត្តមសេនីយ៍ប្រាយុទ្ធ ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anupong Paojinda នឹងដើរតួនាទី កាន់តែធំ នៅក្នុងកិច្ចការរបស់គណបក្ស ដើម្បីការពារការកើតឡើងវិញ នៃយុទ្ធនាការ ដែលគេចោទប្រកាន់ថា បានបង្កើតឡើង ដើម្បីបណ្តេញលោក ចេញពីតំណែង នាយករដ្ឋមន្ត្រី ក្នុងពេលជជែកដេញដោលគ្នា នាពេលថ្មីៗនេះ៕
ប្រែសម្រួលៈ ណៃ តុលា