ព័ត៌មានអន្តរជាតិ

ជប៉ុន-វៀតណាម កំពុងជិះលើទូកតែមួយ ខណៈឥទ្ធិពលចិន ក្នុងតំបន់ កំពុងកើនឡើង (Video)

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានលើកឡើងថា ប្រទេសជប៉ុន និងវៀតណាមចែករំលែក“ វាសនាតែមួយ” ហើយគួរតែជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីស្ថិរភាពក្នុងតំបន់ដោយផ្អែកលើនីតិរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅក្នុងសុន្ទរកថាមួយដែលថ្លែងនៅទីក្រុងហាណូយ លោក Nobuo Kishi បានលើកឡើងថា វៀតណាម គឺជាដៃគូដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់បណ្តាប្រទេសនានាក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ផ្សេងៗគ្នាចំពេលបច្ចុប្បន្នភាពដ៏អាក្រក់ នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។

សុន្ទរកថានៅឯក្រសួងការពារជាតិវៀតណាម បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឱ្យមានការនាំចេញឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិ ដែលផលិតដោយជប៉ុនទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ប្រទេសវៀតណាម ដែលជាសមាជិកសំខាន់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ គឺជាប្រទេសទី ១១ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះ ជាមួយប្រទេសជប៉ុន នៅពេលដែលប្រទេសចិន កំពុងបង្កើនការទាមទារទឹកដីរបស់ខ្លួន នៅក្នុងផ្នែកខ្លះនៃសមុទ្រចិនខាងកើត និងខាងត្បូង។

លោក Nobuo Kishi ក្នុងដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្រ្តីការពារជាតិបានជួបជាមួយសមភាគីវៀតណាមលោក ផាន់ វ៉ាន់យ៉ាង នៅថ្ងៃសៅរ៍ហើយអ្នកទាំងពីរបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃសេរីភាពនាវាចរណ៍ និងការហោះហើរឆ្លងកាត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

កាលពីថ្ងៃអាទិត្យលោក Nobuo Kishi បានបញ្ជាក់ជាថ្មីម្តងទៀតថា កិច្ចព្រមព្រៀងនេះបង្ហាញពី“ ដំណាក់កាលថ្មី” ក្នុងភាពជាដៃគូការពារជាតិរវាងប្រទេសជប៉ុន និងវៀតណាម ដែលកំពុងមានជម្លោះក្នុងតំបន់ជាមួយចិន ជុំវិញក្រុមកោះស្ព្រាតលីនិងប៉ារ៉ាសែលនៅសមុទ្រចិនខាងត្បូង បានសាងសង់។

លោកក៏បានឲ្យដឹងផងដែរថា វិសាលភាពនៃភាពជាដៃគូនឹងត្រូវបានពង្រីកទៅក្នុងវិស័យថ្មីៗរួមទាំងសន្តិសុខតាមអ៊ីនធឺណិត និងដោះស្រាយការរីករាលដាលនៃមេរោគឆ្លង។

មុននឹងថ្លែងសុន្ទរកថាលោក Nobuo Kishi ក៏បានជួបជាមួយប្រធានាធិបតីវៀតណាមង្វៀន សួនហ៊្វុក និងនាយករដ្ឋមន្រ្តីផាមមិញជិន។ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងដោយឡែកនៅថ្ងៃអាទិត្យម្សិញមិញនេះថា នាវាមុជទឹកដែលសង្ស័យថាមកពីប្រទេសចិន ត្រូវបានគេប្រទះឃើញនៅកោះភាគខាងត្បូងមួយ៕

ដោយ ឈូក បូរ៉ា

To Top