បរទេស៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអ៊ីស្រាអែល នៅថ្ងៃអាទិត្យម្សិលមិញនេះ បានចោទប្រទេសអ៊ីរ៉ង់ ពីបទផ្តល់ការហ្វឹកហាត់អំពីកូនដ្រូន ដល់កងជីវពលបរទេស នៅមូលដ្ឋានទ័ពអាកាសមួយកន្លែង ជិតទីក្រុង Esfahan ក្រោយមួយខែបន្ទាប់ពីទីក្រុងតេអេរ៉ង់ ស្ថិតក្រោមការត្រួតពិនិត្យជាសកល ជុំវិញការវាយប្រហារដោយកូនដ្រូន ទៅលើនាវាដឹកប្រេងគ្រប់គ្រងដោយអ៊ីស្រាអែល នៅច្រកសមុទ្រអូម៉ង់។
នៅក្នុងអ្វីដែលការិយាល័យរបស់លោក ពិពណ៌នាថាជាការរកឃើញថ្មីនោះ លោករដ្ឋមន្ត្រីការពារជាតិ Benny Gantz បានមានប្រសាសន៍ថា អ៊ីរ៉ង់កំពុងតែប្រើប្រាស់មូលដ្ឋានទ័ពអាកាស Kashan ស្ថិតខាងជើងទីក្រុង Isfahan សម្រាប់ផ្តល់ការហ្វឹកហាត់ប្រតិបត្តិការីភេរវកម្ម មកពីប្រទេសយេម៉ែន អ៊ីរ៉ាក់ ស៊ីរី និងលីបង់ ក្នុងការបញ្ជាហោះហើរកូនដ្រូន។
លោក Benny Gantz បាននិយាយប្រាប់ដល់សន្និសីទកាសែតមួយ នៅសាកលវិទ្យា Reichman ជិតទីក្រុងតេលអាវីវថា ប្រទេសអ៊ីរ៉ង់ក៏នឹងព្យាយាមផ្ទេរចំណេះដឹង ដែលជួយដល់ការផលិតកូនដ្រូន នៅក្នុងតំបន់ហ្សាហ្សាស្ទ្រីប ស្ថិតតាមព្រំដែនភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែលផងដែរ។
តាមសេចក្តីរាយការណ៍ ការិយាល័យរបស់លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនេះ បានផ្តល់នូវអ្វីដែលខ្លួននិយាយថា ជារូបភាពពីផ្កាយរណប បង្ហាញឲ្យឃើញថា មានកូនយន្តហោះប្រតិកម្ម នៅលើផ្លូវយន្តហោះរត់ នៅទីក្រុង Kashan ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយណាមួយ ពីប្រទេសអ៊ីរ៉ង់នៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង