បរទេស៖ ខ្សែភ្នែកជាច្រើនកំពុង សម្លឹងមើលអនាគត នយោបាយ របស់នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធចាន់អូចា ក៏ដូចជាគណបក្ស Palang Pracharath Party (PPRP) ដែលកំពុងកាន់អំណាច បន្ទាប់ពីសភា បានអនុម័តសេចក្តី ស្នើវិសោធនកម្មច្បាប់ធម្មនុញ្ញ ដែលចង់ធ្វើឱ្យប្រព័ន្ធបោះឆ្នោតឆ្នោត២ឡើងវិញ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធនេះនឹងផ្តល់ប្រយោជន៍ ដល់គណបក្សធំ ៗ ដូចជាគណបក្សភឿថៃ ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែង សំខាន់ របស់គណបក្ស PPRP ក្នុងការបោះឆ្នោត សកលខាងមុខនេះ។
បន្ទាប់ពីលោក Thamanat Prompow ត្រូវបានបណ្តេញចេញ ពីតំណែង ជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម ហើយលោកស្រី Narumon Pinyosinwat ត្រូវបានដកចេញ ពីតំណែងជាអនុរដ្ឋមន្ត្រី ក្រសួងការងារ កាលពីសប្តាហ៍មុនមកនោះ អ្នកខ្លះជឿជាក់ថា បច្ចុប្បន្នឧត្តមសេនីយ៍ប្រាយុទ្ធ កំពុងផ្លាស់ប្តូរ ដើម្បីបញ្ជាក់ពីសិទ្ធិអំណាច របស់គាត់នៅក្នុងគណបក្ស។
លោក Thamanat និងលោកស្រី Narumon ត្រូវបានគេដឹងថា មានភាពស្និទ្ធស្នាល ជាមួយឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្ស PPRP លោក Prawit Wongsuwon ។
ទោះបីជាលោក Thamanat មិនបានលាលែង ពីតួនាទីជាអគ្គលេខាធិការ គណបក្ស PPRP ក៏ដោយ ប៉ុន្តែវាត្រូវបានគេជឿថា ពេលវេលារបស់គាត់ ជាមួយគណបក្ស នឹងមកដល់ទីបញ្ចប់ហើយ។ ប្រសិនលោក Thamanat សម្រេចចិត្តចែកផ្លូវជាមួយ PPRP នោះ គណបក្សនឹងបាត់បង់ អ្នកដែលមានបទពិសោធន៍ ក្នុងរង្វង់នយោបាយហើយ៕
ប្រែសម្រួលៈ ណៃ តុលា