ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ត្រៀមខ្លួនចរចាលើ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ក្រោយមានការពិភាក្សាផ្ទៃក្នុង

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានលើកឡើងថា រដ្ឋបាលអ៊ីរ៉ង់ថ្មីកំពុងរៀបចំ “ការពិគ្រោះយោបល់ផ្ទៃក្នុង” អំពីរបៀបបន្តការចរចា ទាក់ទងនឹងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥។

លោក Amir Abdollahian បានឲ្យដឹងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយសមភាគី អង់គ្លេសលោក Dominic Raab ដូចដែលបានរាយការណ៍ ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ថា “ទោះបីជាមានការ ពិគ្រោះយោបល់ផ្ទៃក្នុង នៅដើមអាណត្តិរបស់ខ្លួន អំពីរបៀបបន្តការចរចា នៅទីក្រុងវីយែនក៏ដោយ រដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងស្វាគមន៍ការចរចា ដែលមានលទ្ធផលជាក់ស្តែង និងបម្រើដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន” ។

លោកបានលើកឡើងថា រដ្ឋាភិបាលអ៊ីរ៉ង់ រំពឹងថា “ទណ្ឌកម្មខុសច្បាប់ទាំងអស់” ប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវលុបចោល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទាក់ទងនឹងស្ថានការណ៍ នៅអាហ្វហ្គានីស្ថាន ប្រមុខការទូតអ៊ីរ៉ង់​ បានសោកស្តាយចំពោះ ផលប៉ះពាល់នៃ “គោលនយោបាយខុសឆ្គង របស់សហរដ្ឋអាមេរិក និងបណ្តាប្រទេស លោកខាងលិចមួយចំនួន” ទៅលើប្រទេសនោះ ដែលបន្សល់ទុកនូវ វិបត្ដិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។

លោក Amir Abdollahian បានចង្អុលបង្ហាញពីការបង្កើតរដ្ឋាភិបាល ដែលរួមបញ្ចូលក្រុមជនជាតិ អាហ្វហ្គានីស្ថានទាំងអស់ និន្នាការឆ្ពោះទៅរកការសន្ទនា និងមិនប្រើអំពើហឹង្សា ការពិចារណាចំពោះប្រជាជន និងការប្រយុទ្ធប្រកបដោយ ប្រសិទ្ធភាពប្រឆាំងភេរវកម្ម ដែលជាមធ្យោបាយដើម្បី សម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៅអាហ្វហ្គានីស្ថាន។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានលើកឡើងថា អ៊ីរ៉ង់ជាម្ចាស់ផ្ទះសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថានរាប់លាននាក់ ក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ ហើយបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការទទួលខុសត្រូវរួមគ្នា ប្រកបដោយនិរន្តរភាពចំពោះមុខ រលកថ្មីនៃអ្នកស្វែងរកសិទ្ធិជ្រកកោន និងការប្រឆាំងការជួញដូរគ្រឿងញៀន ៕

ដោយ ឈូក បូរ៉ា

To Top