Covid-19

ឥណ្ឌា ពិចារណាបន្តនាំចេញ ថ្នាំវ៉ាក់សាំងកូវីដ១៩ ឆាប់ៗនេះ ផ្តោតលើតំបន់អាហ្វ្រិក

បរទេស៖ ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ តាមសេចក្តីរាយការណ៍ កំពុងតែពិចារណាបន្តនាំ ចេញថ្នាំវ៉ាក់សាំងកូវីដ១៩ឆាប់ៗនេះ ដែលជាចម្បងគឺនាំទៅតំបន់អាហ្វ្រិក ស្របពេលដែលខ្លួនបានចាក់ថ្នាំវ៉ាក់សាំង ឲ្យដល់មនុស្សពេញវ័យភាគច្រើន ហើយការផ្គត់ផ្គង់បាន មានការកើនឡើងខ្លាំង។

ប្រភពមួយ ដែលបដិសេធសុំមិនបញ្ចេញឈ្មោះ ព្រោះមិនទទួលបានសិទ្ធិនិយាយ ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ស្តីពីរឿងនេះនោះ បាននិយាយប្រាប់ដូច្នេះថា “ការសម្រេចចិត្តនាំចេញ គឺជាកិច្ចព្រមព្រៀងបានធ្វើរួចហើយ ហើយប្រទេសឥណ្ឌាចង់ជួយអាហ្វ្រិកទាំង រឿងថ្នាំវ៉ាក់សាំងនិងទម្រង់ ប្រតិបត្តិការកូវីដ១៩របស់ខ្លួន” ។

ការនិយាយពីការបន្ត នាំចេញថ្នាំវ៉ាក់សាំងកូវីដ១៩នេះ គឺត្រូវបានធ្វើឡើង នៅមុនដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នាសប្ដាហ៍ក្រោយ ហើយថ្នាំវ៉ាក់សាំង ទំនងជាត្រូវបានលើកយកមកពិភាក្សាគ្នា នៅក្នុងជំនួបកំពូលរបស់ មេដឹកនាំនៃប្រទេសទាំង៤ គឺសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុននិងអូស្ត្រាលី។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា ដែលេជាប្រទេសផលិត ថ្នាំវ៉ាក់សាំងដ៏ធំបំផុតលើពិភពលោកនេះ បានផ្អាកការនាំចេញថ្នាំវ៉ាក់សាំង កាលកពីក្នុងខែមេសា ដើម្បីធ្វើការផ្តោតលើការចាក់ថ្នាំ វ៉ាក់សាំងឲ្យដល់ប្រជាជនរបស់ខ្លួនផ្ទាល់ ស្របពេលជម្ងឺកូវីដ១៩ បានផ្ទុះឆ្លងក្នុងប្រទេស ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top