ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស រុស្ស៊ី បញ្ជាក់ថា អាមេរិក និងរដ្ឋអ៊ឺរ៉ុប មួយចំនួនទៀត នៅតែបន្តប្រឆាំង គម្រោង Nord Stream 2

បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃពុធម្សិលមិញ បានប្រកាសថាទោះបីជាគម្រោង បំពង់បង្ហូរហ្គាស Nord Stream 2 បានបញ្ចប់រួចទៅហើយក្តី ប៉ុន្តែមកដល់ពេលនេះ បណ្តាប្រទេស អ៊ឺរ៉ុបមួយចំនួន ព្រមទាំងអាមេរិកផង នៅតែបន្តធ្វើការប្រឆាំងយ៉ាងខ្លាំងក្លា នៅឡើយចំពោះគម្រោងនេះ។

លោក Lavrov បានបញ្ជាក់ទៀតថា មានពាក្យរិះគន់ជាច្រើនត្រូវបានធ្វើឡើង ប្រឆាំងទៅនឹងគម្រោងមួយនេះ ដែលភាគច្រើនចេញពីសហរដ្ឋអាមេរិក ដែលផ្តោតសំខាន់ថា គម្រោងបង្ហូរហ្គាសនេះ នឹងអាចធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខវិស័យថាមពល របស់ប្លុកអ៊ឺរ៉ុបទាំងមូល។

លោកបន្តថា អ៊ឺរ៉ុបក៏បានធ្វើការរិះគន់ ចំពោះរុស្ស៊ីដែរថា មិនបានប្តេជ្ញាចិត្ត ក្នុងការទំនាក់ទំនងជាមួយនឹងខ្លួន នៅក្នុងកិច្ចការងារទាំងមូល ​ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ៊ឺរ៉ុបខ្លួនឯងផ្ទាល់នោះទេ ដែលបានបំផ្លាញទំនាក់ទំនង នៅគ្រប់កម្រិតទាំងអស់ ជាមួយនឹងរុស្ស៊ី។

គួរឲ្យដឹងដែរថា គម្រោងបំពង់បង្ហូរហ្គាស ដែលមានចំងាយដល់ទៅ ១២៣០គីឡូម៉ែត្រ នឹងអាចជួយដល់ ការដឹកជញ្ជូនហ្គាស ប្រមាណជា​ ៥៥ពាន់ម៉ែត្រគូបប្រចាំឆ្នាំ ពីប្រទេសរុស្ស៊ី ទៅដល់ប្រទេសអាល្លឺម៉ង់ ដោយឆ្លងកាត់តាមសមុទ្រប៉ាល់តិក៕ ប្រែសម្រួល៖ស៊ុនលី

To Top