ព័ត៌មានអន្តរជាតិ

ប្រេសិតយូអិន ជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថានថ្មី ដែលអាមេរិក ចង់ចាប់ខ្លួន

បរទេស៖ប្រេសិតអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថានថ្មី ដែលជាមនុស្សម្នាក់ ក្នុងចំណោមពួកសកម្មប្រយុទ្ធឥស្លាមដែលពិភពលោកចង់ចាប់ខ្លួនបំផុត  អស់រយៈពេលជាច្រើនឆ្នាំ ហើយបច្ចុប្បន្ននេះ គឺជាផ្នែកនៃរដ្ឋាភិបាល ដែលកំពុងព្យាយាមទប់ស្កាត់វិបត្តិមនុស្សជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រនៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Suhail Shaheen បាននិយាយប្រាប់ថា ជំនួបរវាងលោកស្រី Deborah Lyons ជាប្រមុខបេសកកម្មអង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន និងលោក Sirajuddin Haqqani នេះ បានផ្តោតលើជំនួយមនុស្សធម៌។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Straits Times នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រី Deborah Lyons បានមានប្រសាសន៍ថា លោក Haqqani បានធ្វើការសង្កត់ធ្ងន់ថា បុគ្គលិកអង្គការសហប្រជាជាតិ អាចធ្វើការងាររបស់ខ្លួន ដោយគ្មានឧបសគ្គ និងផ្តល់ជំនួយដ៏មានសារៈសំខាន់ដល់ប្រជាជនអាហ្វហ្គានីស្ថានបាន។

គួរបញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាន បាននិងកំពុងតែប្រឈមមុខនឹងភាពក្រីក្រនិងគ្រោះរាំងស្ងួតរ៉ាំរ៉ៃរួចស្រាប់ទៅហើយ ប៉ុន្តែស្ថានភាពកាន់តែដុនដាបខ្លាំងឡើង ចាប់តាំងពីពួកតាលីបង់កាន់កាប់អំណាចកាលពីខែមុន ជាមួយការកាត់ផ្តាច់ជំនួស ការធ្វើដំណើរចាកចេញរបស់មនុស្សរាប់ម៉ឺននាក់ រួមមានទាំងមន្ត្រីរដ្ឋាភិបាល និងបុគ្គលិកផ្តល់ជំនួយ ព្រមទាំងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ចជាខ្លាំង៕ប្រែសម្រួល៖ប៉ាង កុង

To Top