ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង៖ ខ្លួនបានតេស្តប្រព័ន្ធមីស៊ីល ដឹកជញ្ជូនតាមផ្លូវដែកថ្មី ដើម្បីវាយប្រហារកងកម្លាំង ដែលគម្រាមកំហែង

បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកណ្ដាលកូរ៉េ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃពុធនោះ គឺជាការតេស្តសាកល្បងប្រព័ន្ធមីស៊ីលដឹកតាមផ្លូវដែកថ្មី ដែលរចនាបង្កើតឡើង ជាអាវុធវាយបកយ៉ាងខ្លាំងក្លា ចំពោះកងកម្លាំងណាមួយ ដែលគម្រាមកំហែងដល់ប្រទេស។

មីស៊ីលនោះ បានហោះក្នុងចម្ងាយ៨០០គីឡូម៉ែត្រ នៅមុនពេលវាយប្រហារគោលដៅមួយ នៅក្នុងសមុទ្រក្បែរតំបន់ឆ្នេរខាងកើតរបស់ប្រទេសកូរ៉េខាងជើង នេះបើតាមការនិយាយរបស់កាសែតកូរ៉េខាងជើង KCNA។

កាលពីថ្ងៃពុធម្សិលមិញនេះ អាជ្ញាធរកូរ៉េខាងត្បូងនិងជប៉ុន បាននិយាយថា ពួកគេបានប្រទះឃើញការបាញ់មីស៊ីលផ្លោងពីរគ្រាប់ពីកូរ៉េខាងជើង ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសកុម្មុយនិស្តនេះ ធ្វើតេស្តគ្រូសមីស៊ីល ដែលអ្នកវិភាគនិយាយថា អាចមានសមត្ថភាពនុយក្លេអ៊ែ។

គួរបញ្ជាក់ថា ការបាញ់តេស្តសាកល្បងប្រព័ន្ធមីស៊ីលថ្មីនោះ គឺត្រូវបានធ្វើឡើង នៅថ្ងៃតែមួយដែលប្រទេសកូរ៉េខាងត្បូង បានធ្វើតេស្តសាកល្បងមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ក្លាយជាប្រទេសដំបូង គ្មានអាវុធនុយក្លេអ៊ែ ដែលបានអភិវឌ្ឍផលិតអាវុធប្រភេទបែបនេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top