ព័ត៌មានអន្តរជាតិ

NACC ថៃ នឹងសិក្សាលម្អិត បទបញ្ជា របស់តុលាការ ឱ្យស៊ើបអង្កេត ប្រភពនាឡិកាដៃប្រណីតរបស់ ឧបនាយករដ្ឋមន្ត្រីប្រាវីត វង់ស៊ូវ៉ុន

បរទេស៖ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិ (NACC) នៅក្នុងប្រទេសថៃ នឹងសិក្សាលម្អិតអំពីបទបញ្ជារបស់តុលាការរដ្ឋបាលកណ្តាល ដែលទីភ្នាក់ងារនេះបានបើកការស៊ើបអង្កេតទៅលើភាពចម្រូងចម្រាសនៃនាឡិកាដៃប្រណីតមួយគ្រឿង ដែលពាក់ព័ន្ធនឹងឧបនាយករដ្ឋមន្ត្រីគឺលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការបានចេញដីកានេះបន្ទាប់ពីមានការស្នើសុំពីអ្នកសារព័ត៌មាន។

តុលាការបានប្រាប់ NACC ឱ្យបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយនូវសេចក្តីសង្ខេបនៃរបាយការណ៍ភស្តុតាង និងឯកសារដែលចងក្រងដោយក្រុមស៊ើបអង្កេតរបស់ NACC និងសក្ខីកម្មរបស់ឧត្តមសេនីយ៍ប្រាវីត។

លោក Niwatchai Kasemmongkol អគ្គលេខាធិការរង NACC បន្តថា NACC កំពុងរង់ចាំព័ត៌មានលម្អិតរបស់តុលាការមុននឹងសម្រេចថាត្រូវបន្តនីតិវិធីយ៉ាងដូចម្តេច។ លោកថា ប៉ុន្តែ NACC មិនអាចបង្ហាញព័ត៌មានលម្អិតអំពីគណនីសាក្សីបានទេ ពីព្រោះនេះអាចបណ្តាលឱ្យមានបណ្តឹង។

នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៨ គណៈកម្មការប្រឆាំងអំពើពុករលួយជាតិ បានសំរេចថា គ្មានមូលដ្ឋានចោទប្រកាន់ថា ឧត្តមសេនីយ៍ប្រាវីតបានផ្តល់ការប្រកាសទ្រព្យសម្បត្តិក្លែងក្លាយ ដោយខកខានមិនបានបញ្ចូលនាឡិកាប្រណីតៗចំនួន ២២គ្រឿង និងចិញ្ចៀន។

ឧត្តមសេនីយ៍ប្រាវីតបានអះអាងថា នាឡិកាទាំងនេះជាកម្មសិទ្ធិរបស់មិត្តភក្តិជិតដិតម្នាក់ ហើយមិនចាំបាច់ប្រកាសទេ៕

To Top