ព្រុចសែល៖ សហភាពអឺរ៉ុប (EU) បានបង្ហាញពីយុទ្ធសាស្រ្តថ្មីមួយ សម្រាប់ពង្រឹងអត្ថិភាព សេដ្ឋកិច្ចនយោបាយ និងការការពាររបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយប្តេជ្ញាសហការជាមួយ តួអង្គទាំងអស់នៅក្នុងតំបន់ និងមិនស្វែងរកការ ប្រឈមមុខដាក់គ្នាឡើយ។
យោងតាមការអនុម័តរួមគ្នា នៃយុទ្ធសាស្ត្រសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូ-ប៉ាស៊ីហ្វិក កំណើនសេដ្ឋកិច្ចប្រជាសាស្ត្រ និងនយោបាយរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ធ្វើឱ្យវាក្លាយជាតួអង្គសំខាន់ក្នុងការ រៀបចំសណ្តាប់ធ្នាប់អន្តរជាតិ និងដោះស្រាយបញ្ហាប្រឈមសកល។
សហភាពអឺរ៉ុប មានបំណងបង្កើនការចូលរួមរបស់ខ្លួន ជាមួយតំបន់ ដើម្បីបង្កើតភាពជាដៃគូ ដែលពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើច្បាប់ដោះស្រាយ បញ្ហាប្រឈមសកល និងដាក់មូលដ្ឋានគ្រឹះ សម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ចឆាប់រហ័ស យុត្តិធម៌ និងនិរន្តរភាព ដែលបង្កើតវិបុលភាពរយៈពេលវែង។

ប្រធានគោលនយោបាយ ការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានប្រាប់សន្និសីទសារព័ត៌មានមួយថា សហភាពអឺរ៉ុប នឹងមិនស្វែងរកការ ប្រឈមមុខដាក់គ្នាឡើយ ប៉ុន្តែមានការសហការជាមួយអ្នករាល់គ្នា ហើយយុទ្ធសាស្ត្រនេះគឺរួមបញ្ចូល ជាមួយតួអង្គទាំងអស់នៅក្នុងតំបន់។
លោក Borrell បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅពេលក្រោយថា“ មជ្ឈមណ្ឌលទំនាញផែនដី របស់ពិភពលោក កំពុងឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ទាំងក្នុងលក្ខខណ្ឌភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រនយោបាយអនាគត របស់សហភាពអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានទំនាក់ទំនងគ្នា” ។
លោកបានលើកឡើងថា“ ការចូលរួមរបស់យើងមាន គោលបំណងរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ សម្រាប់ទាំងអស់គ្នាខណៈពេល ដែលបង្កើតភាពជាដៃគូរឹងមាំ និងយូរអង្វែង ដើម្បីសហការគ្នាលើបញ្ហា ពីការផ្លាស់ប្តូរបៃតង ការគ្រប់គ្រងមហាសមុទ្រ ឬរបៀបវារៈឌីជីថល ដើម្បីសន្តិសុខ និងការពារជាតិ” ៕
ដោយ ឈូក បូរ៉ា
