បរទេស៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បាននិយាយថា លោកទើបបានបើកកិច្ចពិភាក្សាគ្នាមួយជាមួយពួកតាលីបង់នៅអាហ្វហ្គានីស្ថាន ព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្នុងទីក្រុងកាប៊ុល ដើម្បីធានាដល់សន្តិភាពនិងស្ថិរភាពក្នុងប្រទេស។
លោក Imran Khan បានបង្ហាញពីគោលគំនិតនេះកាលពីថ្ងៃសៅរ៍ តាមរយៈបណ្ដាញសង្គមធ្វីតធ័រ ដោយមានប្រសាសន៍ថា វាបានកើតឡើងពីជំនួប របស់ខ្លួននៅក្នុងសប្ដាហ៍នេះ ក្នុងទីក្រុង Dushanbe រដ្ឋធានីប្រទេសតាហ្ស៊ីគីស្ថាន ជាមួយមេដឹកនាំនៃប្រទេសនានា ដែលមានព្រំដែនជាប់អាហ្វហ្គានីស្ថាន។
តាមសេចក្តីរាយការណ៍ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានរូបនេះ បាននិយាយលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា ក្រោយជំនួបក្នុងទីក្រុង Dushanbe ជាមួយមេដឹកនាំនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាន និងជាពិសេសនោះ គឺកិច្ចពិភាក្សាគ្នាដ៏វែងមួយ ជាមួយប្រធានាធិបតីតាហ្ស៊ីគីស្ថាន លោក Emomali Rahmon នោះ ខ្ញុំបានផ្តួចផ្តើមកិច្ចពិភាក្សាមួយជាមួយពួកតាលីបង់ សម្រាប់រដ្ឋាភិបាលអាហ្វហ្គានីស្ថានចម្រុះ។
គួរបញ្ជាក់ថា លោក Imran Khan បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ទីក្រុង Dushanbe កាលពីថ្ងៃសុក្រ ជាទីដែលលោកបានប្រារព្ធធ្វើកិច្ចពិភាក្សាទ្វេភាគី នៅក្រៅជំនួបកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលជាកិច្ចប្រជុំប្រចាំឆ្នាំមួយរបស់ក្រុមសន្តិសុខក្នុងតំបន់ដឹកនាំដោយចិននិងរុស្ស៊ី៕
ប្រែសម្រួល៖ប៉ាង កុង