Covid-19

ត្រឹម ២៤ម៉ោង សិង្ហបុរី មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ១០០០ករណី

សិង្ហបុរី៖ សិង្ហបុរី បានរាយការណ៍ពី ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,០១២ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុប នៅក្នុងប្រទេសនេះ កើនឡើងដល់ ៧៧,៨០៤ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៩១៩ករណី ស្ថិតនៅក្នុងសហគមន៍ ៩០ករណី នៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៣ ករណីត្រូវបាននាំចូល។

បច្ចុប្បន្ននេះមាន ករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៨៧៣ ករណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ បច្ចុប្បន្នមានករណីធ្ងន់ធ្ងរចំនួន ១១៨ ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែន និង ២១ ករណីស្ថិតក្នុងស្ថានភាព ធ្ងន់ធ្ងរនៅក្នុងបន្ទប់ ICU ។

គិតត្រឹមថ្ងៃសៅរ៍ ៨២ ភាគរយនៃប្រជាជនក្នុងតំបន់ បានបញ្ចប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៤ ភាគរយបានទទួល យ៉ាងហោចណាស់មួយដូស នេះបើយោងតាមក្រសួងសុខាភិបាល។

ក្រសួងក៏បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងបង្កើតមណ្ឌលថែទាំសហគមន៍ថ្មី ដែលផ្តល់ការថែទាំព្យាបាល ដល់អ្នកជំងឺកូវីដ-១៩ ដែលមានស្ថិរភាពមានរោគសញ្ញាស្រាល និង/ឬជាទូទៅមានសុខភាពល្អ ប៉ុន្តែមានលក្ខខណ្ឌមូលដ្ឋាន ដែលត្រូវការការត្រួតពិនិត្យ ឱ្យបានដិតដល់ ។

វិធានការនេះត្រូវបានធ្វើឡើង នៅពេលដែលករណីឆ្លងជំងឺកូវីដ-១៩ កើនឡើងនៅក្នុងប្រទេស។ វាត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពមន្ទីរពេទ្យ របស់ប្រទេសសិង្ហបុរី ដូច្នេះមានតែអ្នកដែល ត្រូវការការយកចិត្តទុកដាក់ ផ្នែកវេជ្ជសាស្ត្រ និងឯកទេស ដូចជាការបន្ថែមអុកស៊ីសែន និងការថែទាំយ៉ាង យកចិត្តទុកដាក់ប៉ុណ្ណោះ ដែលទទួលបានការព្យាបាល នៅមន្ទីរពេទ្យ ៕

ដោយ ឈូក បូរ៉ា

To Top