ព័ត៌មានអន្តរជាតិ

UNHRC ៖ ជនអន្តោប្រវេសន៍ ខុសច្បាប់១៣៤នាក់ ត្រូវបានជួយសង្គ្រោះ ពីដែនទឹក នៃប្រទេសលីប៊ី

ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ (UNHCR) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន១៣៤នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រ ខាងលិច នៃប្រទេសលីប៊ី ។

ទីភ្នាក់ងារជនអន្តោប្រវេសន៍ នៃអង្គការសហប្រជាជាតិ បានលើកឡើងឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា “កាលពីយប់មិញ ពលរដ្ឋចំនួន១៣៤នាក់ បាននាំមកកាន់ Azzawiya Oil Refinery បន្ទាប់ពីបានជួយសង្គ្រោះ ឬទទួលយកចេញពីសមុទ្រ” ។

អង្គការដដែលនេះ បានឲ្យដឹងទៀតថា ទីភ្នាក់ងារ និងគណៈកម្មាធិការជួយសង្គ្រោះ អន្តរជាតិ មានវត្តមាន នៅពេលនាំយកជនទំាងនោះ ដើម្បីផ្តល់ជំនួយបន្ទាន់ ដើម្បីស្រោចស្រង់អ្នក ដែលនៅរស់រានមានជីវិតទាំងនោះ ។

ឧត្តមស្នងការបានឲ្យដឹងថា លីប៊ី គឺ “មិនមានកន្លែងសុវត្ថិភាព ដើម្បីនាំយកជនអន្តោប្រវេសន៍ទៅវិញ និងរស់នៅជាជន អន្តោប្រវេសន៍នោះដែរ” ។
យោងតាមអង្គការអន្តោប្រវេសន៍ អន្តរជាតិ ហៅកាត់ (IOM)បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ជាង២៤.៤២០នាក់ ក្នុងនោះរាប់ទាំងស្រ្តី និងកុមារ ត្រូវបានជួយសង្គ្រោះនៅក្នុងឆ្នាំនេះ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតរាប់រយនាក់ បានបាត់បង់ ជីវិត និងកំពុងបន្តបាត់ខ្លួន នៅឆ្នេរសមុទ្រលីប៊ី នៅចំកណ្តាលនៃច្រកឆ្លង កាត់សមុទ្រមេឌីទែរ៉ាណេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top