ហាវ៉ាណា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សsព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ថា កាលពីថ្ងៃច័ន្ទទី ២០ ខែកញ្ញា ប្រទេសគុយបា បានយល់ព្រមដើម្បីផ្តល់ឱ្យប្រទេសវៀតណាម នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតក្នុងស្រុកចំនួន ១០លាន ដូសដែលប្រទេសអាស៊ីបានផ្តល់ការយល់ព្រមជាបន្ទាន់ ។
រដ្ឋាភិបាលបានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងប្រទេសទាំង២ ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតី Nguyen Xuan Phuc ទៅកាន់ប្រទេសកោះកុម្មុយនិស្តមួយនេះ ។
ប្រព័ន្ធផ្សព្វផ្សាយគុយបា បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះទាក់ទងនឹងការចាក់ថ្នាំចំនួន៥លានដូសដំបូង ប៉ុន្តែ វៀតណាម បានអនុញ្ញាតឱ្យទិញថ្នាំសរុបចំនួន១០លានដូសរួចហើយ ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ វៀតណាម បានក្លាយជាប្រទេសបរទេសដំបូងគេដែលបានអនុម័តការប្រើប្រាស់ថ្នាំ Abdala ជាបន្ទាន់ដែលគុយបា កំពុងប្រើរួចទៅហើយ រួមជាមួយថ្នាំ Soberana 02 ដែលជាវ៉ាក់សាំងផលិតក្នុងស្រុកមួយផ្សេងទៀត ។
ក្រៅពីនេះ ប្រទេសវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទិញថ្នាំ Abdala ចំនួន១២លានដូស ខណៈដែលអ៊ីរ៉ង់ កំពុងផលិតថ្នាំ Soberana 02 តាមកិច្ចព្រមព្រៀង ។
ប្រទេសអាហ្សង់ទីន និងម៉ិកស៊ិក ក៏បានសម្តែងការចាប់អារម្មណ៍ចំពោះវ៉ាក់សាំងរបស់គុយបាផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា