ព័ត៌មានអន្តរជាតិ

បារាំង ចង់បានការបកស្រាយ ពីសហរដ្ឋអាមេរិក ជុំវិញកិច្ចព្រមព្រៀង នាវាមុជទឹកអូស្ត្រាលី

បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បាននិយាយនៅពេលថ្មីៗនេះថា នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ជួបគ្នានៅក្នុងសប្ដាហ៍នេះ សហរដ្ឋអាមេរិកនឹងចាំបាច់ ត្រូវផ្តល់ការបកស្រាយ និងការបញ្ជាក់ឲ្យច្បាស់។

យោងតាមសេចក្តីរាយការណ៍មួយ បានឲ្យដឹងថា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងញូយ៉ក លោក Jean-Yves Le Drian បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក ក៏ត្រូវតែពិចារណាអំពីផលប្រយោជន៍របស់សម្ពន្ធមិត្តសហភាពអឺរ៉ុបផងដែរ។
នៅមុននោះ លោករដ្ឋមន្ត្រីការបរទេសបារាំងរូបនេះ បានធ្វើការប្រកាសថា មានវិបត្តិនៃការជឿទុកចិត្ត ចំពោះសហរដ្ឋអាមេរិក ក្រោយប្រទេសរបស់លោក បានទទួលរកដោយ កិច្ចព្រមព្រៀងនាវាមុជទឹក រវាងសហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលី ដែលជាលទ្ធផល ធ្វើឲ្យបារាំងបាត់បង់កុងត្រា លក់នាវាមុជទឹកឲ្យអូស្ត្រាលី។

គួរបញ្ជាក់ថា ប្រធានគោលនយោបាយបរទេស សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានបង្ហាញនូវការគាំទ្រ និងសាមគ្គីគ្នាជាមួយបារាំង នៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងញូយ៉ក ពិភាក្សាគ្នាអំពីការសម្រេចចិត្ត របស់អូស្ត្រាលី លុបចោលការបញ្ជាទិញ នាវាមុជទឹក៤០ពាន់លានដុល្លារ ជាមួយទីក្រុងប៉ារីស ដោយបែរទៅចុះកិច្ចព្រមព្រៀង ជាមួយអាមេរិក និងអង់គ្លេសវិញ៕

ប្រែសម្រួល៖ប៉ាង កុង

To Top