បរទេស៖នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលប្រទេសទាំងពីរ បានប្តេជ្ញាធ្វើការងាររួមគ្នា លើបញ្ហាបម្រែបម្រួល អាកាសធាតុ។
កាលពីមុននោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ធ្លាប់បានយល់ព្រមធ្វើការបង្កើនទ្វេដង នូវការប្តេជ្ញាហិរញ្ញវត្ថុលើបញ្ហាអាកាសធាតុរបស់សហរដ្ឋអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ មានទំហំទឹកប្រាក់ដល់ទៅ១១,៤ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៤។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Boris Johnson បានមានប្រសាសន៍យ៉ាងដូច្នេះថា “វាអស្ចារ្យខ្លាំងណាស់ ដែលឃើញសហរដ្ឋអាមេរិកពិតជាបង្កើននិងបង្ហាញការនាំមុខ”។
ថ្លែងនៅចំពោះមុខអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានកោតសរសើររដ្ឋបាលលោក បៃដិន សម្រាប់កិច្ចសហការជាមួយអង់់គ្លេស រួមមានទាំងការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ហើយថ្មីៗនេះ យល់ព្រមទទួលអ្នកដំណើរបរទេសដែលចាក់វ៉ាក់សំាងរួច ជាមួយការតេស្តអវិជ្ជមានជម្ងឺកូវីដ១៩៕
ប្រែសម្រួល៖ប៉ាង កុង