បរទេស៖នាយករដ្ឋមន្ត្រីថៃ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសថៃ នឹងពន្លឿនការចាក់ថ្នាំវ៉ាក់សំាង និងដាក់ចេញវិធានការ ជំរុញលើកទឹកចិត្តបន្ទាន់ ដើម្បីកាត់បន្ថយឥទ្ធិពល នៃការផ្ទុះឆ្លងមេរោគកូរ៉ូណា ធ្ងន់ធ្ងរបំផុតក្នុងប្រទេស។
ប្រទេសថៃ នាពេលថ្មីៗនេះ បានរាយការណ៍ពីករណីឆ្លងជាង១៥លានករណី និងករណីស្លាប់ចំនួន១៥.០០០នាក់ ហើយប្រហែល៩៩ភាគរយ នៃចំនួននោះ គឺមានចាប់តាំងពីខែមេសា ឆ្នាំនេះមក ក្រោយមួយឆ្នាំ បន្ទាប់ពីការទប់ស្កាត់ដ៏ជោគជ័យ។
លោក ប្រាយុត ចាន់អ៊ូចា បានមានប្រសាសន៍ ប្រាប់សន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើង ដោយទីភ្នាក់ងារផែនការរដ្ឋថា រដ្ឋាភិបាលរំពឹងថា ស្ថានភាពនឹងប្រែជាប្រក្រតីធម្មតាវិញឆាប់ៗនេះ ហើយលោកបន្តថា “រដ្ឋាភិបាលនឹងធ្វើការប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីដោះស្រាយវិបត្តិ ដូច្នោះប្រជាជននឹងអាចវិលទៅរក ជីវិតធម្មតាវិញ យ៉ាងឆាប់បំផុត តាមដែលអាចទៅរួច”។
គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ត្រឹមតែ២២ភាគរយ នៃប្រជាជនប្រមាណ៧២លាននាក់ ដែលកំពុងរស់នៅ ក្នុងប្រទេសថៃប៉ុណ្ណោះ បានចាក់ថ្នាំវ៉ាក់សាំងបានទាំងស្រុង ហើយអាជ្ញាធរថៃ ចង់បានអត្រាចាក់ថ្នាំវ៉ាក់សាំងខ្ពស់ឡើង នៅមុនពេលបើកវិស័យទេសចរណ៍ឡើងវិញ៕
ប្រែសម្រួល៖ប៉ាង កុងA