ព័ត៌មានអន្តរជាតិ

កងទ័ពអាកាស អាមេរិក មើលឃើញដំណើរវិវត្តន៍ល្អ លើយន្តហោះទម្លាក់គ្រាប់ បំបាំងកាយថ្មី B-21 Raider

បរទេស៖ នៅក្នុងអំឡុង ថ្លែងសុន្ទរកថាមួយ ក្នុងសប្ដាហ៍នេះ លេខាធិការកងទ័ព ជើងអាកាស អាមេរិក លោក Frank Kendall បានបង្ហាញថា ក្រុមហ៊ុនកុងត្រាអាវុធមួយ កំពុងតែធ្វើឲ្យមាន ដំណើរវិវត្តន៍ទៅមុខល្អ លើការផលិតយន្តហោះទម្លាក់គ្រាប់ បំបាំងកាយ B-21 Raider ចំនួន៥គ្រឿង។

ថ្លែងក្នុងសន្និសីទ ស្តីពីដែនអាកាសអ៊ីនធឺណេតនិងលំហ របស់សមាគមកងកម្លាំងជើងអាកាស នៅក្រៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ លោក Frank Kendall បានមានប្រសាសន៍ថា យន្តហោះគំរូតេស្តសាកល្បងចំនួន៥គ្រឿង កំពុងតែត្រូវបានអភិវឌ្ឍដោយរោងចក្រផលិតយន្តហោះកងទ័ពអាកាស Northrop Grumman លេខ៤២ ក្នុងទីក្រុង Palmdale រដ្ឋកាលីហ្វូញ៉ា។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់ B-21 Raider នេះ គឺជាយន្តហោះទម្លាក់គ្រាប់ដ៏ទំនើបបំផុត ក្នុងពេលបច្ចុប្បន្ន និងកំពុងធ្វើការផលិតឡើង សម្រាប់បេសកកម្មនុយក្លេអ៊ែចម្ងាយឆ្ងាយ ហើយផែនការ ការវិភាគ របាយការណ៍ និងការតេស្តទាំងអស់ សម្រាប់ការហោះហើររបស់យន្តហោះ B-21 នេះ នឹងត្រូវបានធ្វើឡើង នៅកងតេស្តសាកល្បងហោះហើរលេខ៤២០ នៅមូលដ្ឋានទ័ពអាកាស Edwards រដ្ឋកាលីហ្វូញ៉ា។

ក្រុមមន្ត្រីយោធាជាន់ខ្ពស់ ដែលរួមមានទាំងលោក Frank Kendall ផងដែរនោះ បានជំរុញឲ្យធ្វើការផលិតយន្តហោះទម្លាក់គ្រាប់ B-21 នេះបន្ថែមទៀត ដែលជាផ្នែកនៃផែនការទំនើបកម្មនុយក្លេអ៊ែរបស់មន្ទីរបញ្ចកោណ៕

ប្រែសម្រួល៖ប៉ាង កុង

To Top