បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសអាហ្គានីស្ថានថ្មី កាលពីពេលចុងក្រោយនេះ បានធ្វើការស្នើសុំ ទៅកាន់អង្គការសហប្រជាជាតិ ឲ្យប្រេសិតពិសេស តំណាងឲ្យអាហ្គានីស្ថាន ក្រោមការដឹកនាំ របស់តាលីបង់ អាចធ្វើសេចក្តីថ្លែងការណ៍ជំនួស ប្រទេសនៅកិច្ចប្រជុំ អង្គការសហប្រជាជាតិ ដែលកំពុងធ្វើឡើង នៅទីក្រុងញូវយ៉ក។
លោករដ្ឋមន្ត្រី Amir Khan Muttaqi បានធ្វើការផ្ញើជាលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres តាំងតែពីថ្ងៃចន្ទដោយចង់សុំឲ្យ ប្រេសិតម្នាក់ តំណាងឲ្យរដ្ឋាភិបាលក្រុងតាលីបង់ ក្នុងការថ្លែងនៅក្នុងកិច្ចប្រជុំដ៏ធំមួយនេះ។
តែទោះបីជាយ៉ាងណាក្តី ក្នុងពេលជាមួយគ្នា នេះលោក Ghulam Isaczai ដែលជាទូតតំណាងឲ្យអាហ្គានីស្ថាន ក្នុងនាមជារដ្ឋាភិបាលចាស់ របស់អាហ្គានីស្ថាន ក៏បានបញ្ជុនបញ្ជីឈ្មោះ តំណាងអាហ្គានីស្ថាន ទៅកាន់យូអិន រួចរាល់ផងដែរ។
ជាការឆ្លើយតបលោក Muttaqi បាននិយាយថាលោក Isaczai គឺមិនមែនជាបុគ្គលតំណាង ឲ្យអាហ្គានីស្ថាន ទៀតឡើយពីព្រោះថាអតីតប្រធានាធិបតី លោក Ashraf Ghani គឺមិនត្រូវបានទទួលស្គាល់ ជាប្រធានាធិបតី និងមេដឹកនាំ របស់ប្រទេសទៀតឡើយ៕
ប្រែសម្រួល៖ស៊ុនលី