ព័ត៌មានអន្តរជាតិ

រដ្ឋវីកតូរីយ៉ា របស់អូស្ត្រាលី រងការវាយប្រហារ ដោយគ្រោះរញ្ជួយដី កម្រិត៥,៨រ៉ិចទ័រ

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដែលមានកម្រិត ៥,៨ រ៉ិចទ័របានវាយប្រហាររដ្ឋ វីកតូរីយ៉ា (Victoria) របស់ប្រទេសអូស្ត្រាលី នៅវេលាម៉ោង៩ និង១៥នាទីព្រឹកម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ ។ អ្នកស្រុកមានអារម្មណ៍ញាប់ញ័រដោយការរញ្ជួយដីនេះ ប៉ុន្តែមិនមានអ្នករបួសធ្ងន់ធ្ងរនោះទេ ។

ចំណុចកណ្តាលនៅជុំវិញទីក្រុង Mansfield នៅភាគឦសាននៃរដ្ឋ វីកតូរីយ៉ា មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រពីទីក្រុងមែលប៊ន ដែលជាទីក្រុងធំទី២របស់អូស្ត្រាលី ។ មជ្ឈមណ្ឌលស្រាវជ្រាវរញ្ជួយដីអូស្រ្តាលីបានរាយការណ៍ថា ការបង្ហាញ្យដឹងជាបឋមគឺថា ការរញ្ជួយដីមានរយៈពេលប្រហែល២០វិនាទី ។

នាយករដ្ឋមន្រ្តីអូស្រ្តាលី Scott Morrison ដែលកំពុងនៅទីក្រុងញូវយ៉ក សម្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ (UN)បានថ្លែងថា មិនមានសេចក្តីរាយការណ៍អំពីការរងរបួសធ្ងន់ធ្ងរនោះទេ ។

លោក Morrison បានថ្លែងថា “ព្រឹត្តិការណ៍ទាំងនោះកម្រកើតមានណាស់នៅក្នុងប្រទេសអូស្ត្រាលី ហើយជាលទ្ធផលខ្ញុំប្រាកដថា ប្រជាជនពិតជាមានការព្រួយបារម្ភ និងរំខានយ៉ាងខ្លាំង ជាពិសេសនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត” ។

ចំណែកអ្នកស្រុកនៅទូទាំងទីក្រុងមែលប៊ន និងជនបទវីកតូរីយ៉ា បានរាយការណ៍ថា មានការញ័រយ៉ាងខ្លាំងបង្កការខូចខាតអគារត្រូវបានគេរាយការណ៍នៅទូទាំងទីក្រុងមែលប៊ន ហើយអគារផ្ទះល្វែង កំពុងត្រូវបានជម្លៀសចេញ នៅខាងក្នុងទីក្រុងមែលប៊ន នោះផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top