ព័ត៌មានអន្តរជាតិ

អូស្ត្រាលី នឹងមានភាពអត់ធ្មត់ លើការកសាង ចំណងមិត្តភាពជាថ្មី ជាមួយបារាំង

បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាននិយាយថា លោកបានព្យាយាមរៀបចំ កិច្ចសន្ទនាគ្នាមួយជាមួយ ប្រធានាធិបតីបារាំង លោក Emmanuel Macron ប៉ុន្តែរហូតមកទល់ពេលបច្ចុប្បន្ននេះ នៅមិនទទួលបានជោគជ័យនោះទេ ក្រោយមួយសប្ដាហ៍បន្ទាប់ពី អូស្ត្រាលីលុបចោល កិច្ចព្រមព្រៀងនាវាមុជទឹក បង្កឲ្យមានជម្លោះការទូត ដ៏ធំមួយជាមួយប៉ារីស។

ថ្លែងនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Scott Morrison បានមានប្រសាសន៍ថា លោកនឹងមានភាពអត់ធ្មត់ ក្នុងការកសាងឡើងវិញ នូវចំណងមិត្តភាពជាមួយបារាំង នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

លោកបានបន្តថា លោកយល់ពីការខកចិត្តរបស់បារាំង និងបានកត់សម្គាល់ថា ការលុបចោលកុងត្រានាវាមុជទឹក ដែលដើមឡើងមានតម្លៃ ៤០ពាន់លានដុល្លារ និងក្នុងពេលថ្មីៗនេះ មានតម្លៃ៦០ពាន់លានដុល្លារនោះ មានន័យថា បញ្ហាគឺខុសគ្នារវាងរឿងរវាង ទីក្រុងវ៉ាស៊ីនតោន និងប៉ារីស ហើយពួកវានឹងត្រូវការ ពេលវេលាកាន់តែច្រើន ដើម្បីឆ្លងកាត់។

នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះ បានបន្តថា ទាំងកិច្ចព្រមព្រៀងសម្រាប់អូស្ត្រាលី បង្កើតកងនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែ និងកិច្ចព្រមព្រៀងភាព ជាដៃគូសន្តិសុខត្រីភាគីថ្មី បានទទួលការគំារពីបក្សអាមេរិកទាំងពីរ នៅក្នុងអំឡុងជំនួបរបស់លោក ជាមួយសមាជិកសភា និងក្រុមមន្ត្រីអាមេរិក ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top