ព័ត៌មានអន្តរជាតិ

ប្រេសិតបារាំង នឹងវិលត្រឡប់ទៅអាមេរិកវិញ ក្រោយកិច្ចសន្ទនាគ្នា រវាងប្រធានាធិបតី នៃប្រទេសទាំងពីរ

" "

បរទេស៖ ប្រធានាធិបតីអាមេរិកនិងបារាំង តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើការផ្សះផ្សារចំណងមិត្តភាព ដោយប្រទេសបារាំងយល់ព្រម បញ្ជូនឯកអគ្គរាជទូតខ្លួន ឲ្យត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ ហើយសេតវិមានទទួលស្គាល់ថា ខ្លួនបានបង្កកំហុសក្នុងការចរចា កិច្ចព្រមព្រៀងឲ្យអូស្ត្រាលី ទិញនាវាមុជទឹកពីអាមេរិក ជំនួសពីបារាំងវិញ ដោយមិនបានពិភាក្សា ជាមួយទីក្រុងប៉ារីសជាមុន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលចេញក្រោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយគ្នាតាមទូរស័ព្ទអស់រយៈពេល ៣០នាទីនោះ មេដឹកនាំទំាងពីរបានព្រមព្រៀងគ្នា ផ្តើមធ្វើការប្រឹក្សាគ្នាយ៉ាងស៊ីជម្រៅ ដើម្បីកសាងទំនុកចិត្តជាថ្មី និងជួបក្នានៅអឺរ៉ុបក្នុងចុងខែតុលា។

" "

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីទំាងពីរ បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបង្កើនការគាំទ្រ ចំពោះប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម នៅតំបន់ Sahel ធ្វើឡើងដោយប្រទេសសមាជិកអឺរ៉ុប ហើយក្នុងប្រតិបត្តិការនោះ មន្ត្រីអាមេរិកលើកឡើង ពីការបន្តគំាទ្រផ្នែកដឹកជញ្ជូន ជាជាងបញ្ជូនកងកម្លាំង ពិសេសអាមេរិកទៅ។

" "

គួរបញ្ជាក់ថា ដោយខឹងចំពោះកិច្ចព្រមព្រៀង ភាពជាដៃគូសន្តិសុខ រវាងអាមេរិក អូស្ត្រាលីនិងអង់គ្លេស ដែលឃើញអូស្ត្រាលីកសាង កងនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែយ៉ាងតិច ៨គ្រឿង ជាមួយបច្ចេកវិទ្យាអាមេរិក និងអង់គ្លេស ដោយលុបចោលកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនបារាំងនោះ បារាំងបានកោះហៅឲ្យឯកអគ្គរាជទូតខ្លួន ប្រចាំនៅអាមេរិកនិងអូស្រ្តាលី ត្រឡប់មកប្រទេសវិញ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top