ព័ត៌មានអន្តរជាតិ

វៀតណាម ចង់ចែករំលែង ព័ត៌មានជាមួយចិន សម្រាប់បំណង ចូលរួមសន្ធិសញ្ញា CPTPP

បរទេស៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនចង់ចែករំលែកបទពិសោធន៍ និងព័ត៌មានរបស់ខ្លួន ជាមួយប្រទេសចិន សម្រាប់បំណងរបស់ មហាអំណាចសេដ្ឋកិច្ចពិភពលោកទី២ ក្នុងការចូលរួមជាមួយកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CPTPP។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យក្រសួងការបរទេស លោកស្រី Thi Thu Hang បាននិយាយដូច្នេះថា “កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយ”។

គួរបញ្ជាក់ថា ប្រទេសវៀតណាម គឺជាសមាជិកមួយនៃកិច្ចព្រមព្រៀង CPTPP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក៏មានភ្ជាប់ជាមួយ នឹងប្រទេសកាណាដា អូស្ត្រាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ិក នូវែលសេឡង់ ប៉េរូ និងសិង្ហបុរី។

ក្នុងសេចក្តីអត្ថាធិប្បាយ របស់លោកស្រី ស្តីពីសំណើកោះតៃវ៉ាន់ សុំចូលរួមក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្មនោះ លោកស្រី Thi Thu Hang បានមានប្រសាសន៍ដូច្នេះថា “ប្រទេសវៀតណាម នឹងប្រឹក្សាគ្នាជាមួយសមាជិក CPTPP ស្តីពីសំណើថ្មីៗ ដែលសុំចូលរួមក្នុងកិច្ចព្រមព្រៀងនេះ”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top