ប៉េកាំង៖ ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានសារភាពចំពោះការ ចោទប្រកាន់ពីបទឆបោក នៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងអនុញ្ញាតឱ្យលោកស្រី វិលត្រឡប់ទៅប្រទេសចិនវិញ ក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីលោកស្រី ត្រូវបានឃុំខ្លួននៅក្នុង ប្រទេសកាណាដា ក្នុងនាមតំណាងឲ្យ សហរដ្ឋអាមេរិក។
ដោយបង្ហាញមុខពីចម្ងាយ ពីប្រទេសកាណាដាដើម្បី ដំណើរការតុលាការសហព័ន្ធ នៅទីក្រុងញូវយ៉ក លោកស្រី ម៉េង វ៉ាន់ចូវ បានចូលទៅក្នុងកិច្ចព្រមព្រៀង កាត់ក្តីពន្យាពេល ហើយត្រូវបានតុលាការ ចោទប្រកាន់ពីបទសមគំនិត ក្នុងការលួចបន្លំធនាគារ។
យោងតាមលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងលោកស្រីម៉េង អាយុ ៤៩ ឆ្នាំបានបញ្ជាក់ពីភាពត្រឹមត្រូវ នៃសេចក្តីថ្លែងការណ៍ចំនួន ៤ ទំព័រទាក់ទងនឹងសេចក្តីថ្លែងការណ៍ មិនពិតរបស់លោកស្រី ដោយចេតនា ចំពោះស្ថាប័នហិរញ្ញវត្ថុ ហើយអាចប្រឈមមុខ នឹងការកាត់ទោស ចំពោះការចោទប្រកាន់ទាំងអស់ប្រសិន បើលោកស្រីបំពានកិច្ចព្រមព្រៀង ដូចជាតាមរយៈការប្រព្រឹត្ត បទល្មើសព្រហ្មទណ្ឌបន្ថែម ។
ដោយឡែករដ្ឋាភិបាលសហរដ្ឋអាមេរិក បានដកសំណើរបស់ខ្លួន ដែលស្នើឱ្យធ្វើបត្យាប័នលោកស្រីម៉េង ពីប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ជំនួយការអគ្គព្រះរាជអាជ្ញាលោក Kenneth Polite Jr នៃផ្នែកព្រហ្មទណ្ឌរបស់ នាយកដ្ឋានត្រូវបានដកស្រង់ សម្តីដោយលើកឡើងថា“ ក្រុមអយ្យការរបស់យើងបន្តរៀបចំ សម្រាប់ការជំនុំជម្រះប្រឆាំងក្រុមហ៊ុន Huawei ហើយយើងទន្ទឹងរង់ចាំ បង្ហាញករណីរបស់យើង ប្រឆាំងនឹងក្រុមហ៊ុននេះ នៅតុលាការ” ។
នៅខែធ្នូ ឆ្នាំ២០១៨ កាណាដា បានចាប់ខ្លួនលោកស្រី ម៉េង តាមសំណើរបស់សហរដ្ឋអាមេរិក ដែលបានចោទប្រកាន់លោកស្រីថា បានជួយក្រុមហ៊ុន Huawei គេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក លើប្រទេសអ៊ីរ៉ង់។ ការឃុំខ្លួនលោកស្រីបានក្លាយជា ប្រភពនៃភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន តាំងពីពេលនោះមក។
លោកស្រីម៉ែង គឺជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក Ren Zhengfei ដែលជាអតីតវិស្វករយោធាចិន។ បច្ចុប្បន្នក្រុមហ៊ុនរបស់លោក ត្រូវបានគេស្គាល់ថា ជាអ្នកឈានមុខគេក្នុង វិស័យទំនាក់ទំនងចល័ត 5G ជំនាន់ក្រោយ។
ប្រទេសចិន បានជំរុញឱ្យកាណាដា ដោះលែងលោកស្រី ម៉េង ជាបន្ទាន់អស់រយៈពេលជិត ៣ឆ្នាំមកហើយ។ នៅក្នុងការសងសឹកជាក់ស្តែង ចំពោះការចាប់ខ្លួនលោកស្រី រដ្ឋាភិបាលដឹកនាំដោយកុម្មុយនិស្ត បានឃុំខ្លួនពលរដ្ឋកាណាដាពីរនាក់ គឺអតីតអ្នកការទូត Michael Kovrig និងអ្នកជំនួញ Michael Spavor ៕
ដោយ ឈូក បូរ៉ា