ព័ត៌មានអន្តរជាតិ

ត្រឹម២៤ម៉ោង ថៃ មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ១២០០០ករណី និងស្លាប់ជាង ១២០នាក់

បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រង ជំងឺកូវីដ-១៩ CCSA របស់ប្រទេសថៃ បានរាយការណ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានកើនឡើង ១២,៣៥៣ករណី សរុបកើនឡើងដល់ ១,៥៦១,៦៣៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

យោងតាម CCSA ដែលជាក្រុមការងារជំងឺកូវីដ-១៩ របស់ប្រទេសបានឲ្យដឹងថា ការស្លាប់ដែលទាក់ទងនឹងមេរោគឆ្លងចំនួន ១២៥នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៦,២៦៨ នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មី ១២ករណី ត្រូវបាននាំចូលនិង ១២,៣៤១ករណី ត្រូវបានចម្លងក្នុងស្រុករួមទាំង ១,៩៧៦ករណី ត្រូវបានរកឃើញនៅក្នុងរដ្ឋធានីបាងកក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងចុងក្រោយនេះ។

CCSA បានឲ្យដឹងថាអ្នកជំងឺចំនួន ១២២,៤៦៣ នាក់ កំពុងទទួលការព្យាបាលដោយមាន ៣,៣២៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រួមទាំង ៧២៤ នាក់ ត្រូវដាក់បំពង់ខ្យល់អុកស៊ីសែនជាប្រចាំ។

ប្រទេសថៃ បានបង្កើនល្បឿនជំរុញការចាក់ថ្នាំបង្ការរោគទូទាំងប្រទេសរបស់ខ្លួន ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លង និងរៀបចំសម្រាប់ការបើកឡើងវិញនូវគោលដៅទេសចរណ៍ដ៏ពេញនិយមរបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសថៃ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនជាង ៥០ លានដូស ហើយដែលមានប្រហែល ២៦ ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួន បានចាក់វ៉ាក់សាំងការពារពេញលេញ៕

ដោយ ឈូក បូរ៉ា

To Top