ហាណូយ៖ យោងតាមក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១០,០១១ ករណីដែលត្រូវបានចម្លង ក្នុងស្រុកទាំងអស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងទៀតថា ការឆ្លងថ្មីនេះបាននាំមកនូវចំនួនសរុប នៃករណីឆ្លងជំងឺរបស់ប្រទេសនេះ បានកើនឡើងដល់ ៧៥៦,៦៨៩ករណី ដោយមានអ្នកស្លាប់ចំនួន ១៨,៥៨៤ នាក់។
ករណីភាគច្រើន ត្រូវបានរកឃើញ នៅតំបន់ភាគខាងត្បូងរួមមាន ៥,១២១ករណី នៅចំណុចកណ្តាល ទីក្រុងហូជីមិញ ៣,៣៣២ករណី នៅខេត្តប៊ិញឌឿង និង ៧៤៦ករណី នៅខេត្តដុងណាយ។
រហូតមកដល់ពេលនេះ អ្នកជំងឺកូវីដ -១៩ ចំនួន ៥២៧,៩២៦ នាក់បានជាសះស្បើយកើនឡើង ១១,៤៧៧ នាក់ចាប់ពីថ្ងៃសៅរ៍ ខណៈវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត ៣៨,៤ លានដូស ត្រូវបានផ្តល់ជូនទូទាំងប្រទេស។
ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ វៀតណាមបានចុះបញ្ជី ករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកចំនួន ៧៥២,១៨៥ នាក់ចាប់តាំងពី ការចាប់ផ្តើម នៃរលកនាចុងខែមេសា កន្លងទៅនេះ៕
ដោយ ឈូក បូរ៉ា