តូក្យូ ៖ រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន Toshimitsu Motegi បាននិយាយ នៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន បានតវ៉ាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង ជុំវិញការចេញដីកា បង្គាប់ ឲ្យ ក្រុមហ៊ុន Mitsubishi Heavy Industries Ltd លក់ទ្រព្យសម្បត្តិ នៅក្នុងប្រទេសនេះ ដើម្បីផ្តល់សំណង នៅក្នុងបណ្តឹងការងារដោយបង្ខំ ក្នុងសម័យសង្គ្រាម ។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Motegi បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការសម្រេច របស់តុលាការ Daejeon ដោយលើកឡើងថា “វាជារឿងគួរឱ្យសោកស្តាយបំផុត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន។
ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Mitsubishi Heavy ត្រូវបានរឹបអូសដោយអតីតភាគី ដើមបណ្តឹងជំនួសឱ្យសំណង នៅក្នុងបណ្តឹងមួយ ដែលពួកគេបានឈ្នះ លើក្រុមហ៊ុនជប៉ុន ដែលប្តេជ្ញាប្តឹងឧទ្ធរណ៍ភ្លាមៗ ចំពោះការសម្រេចចុងក្រោយរបស់តុលាការ ។
ប្រទេសជប៉ុន បានជំរុញឱ្យប្រទេសកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនៅទីក្រុងសេអ៊ូល និងម្តងទៀត នៅថ្ងៃអង្គារ នៅទីក្រុងតូក្យូ ដើម្បី“ ចាត់វិធានការសមស្របភ្លាមៗ” ចំពោះអ្វីដែលខ្លួនហៅថា“ ការរំលោភច្បាប់ អន្តរជាតិ យ៉ាងច្បាស់” ។
នេះគឺជាលើកទីមួយហើយ ដែលតុលាការកូរ៉េខាងត្បូង បានចេញបញ្ជាឱ្យលក់ទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនជប៉ុនមួយ ទាក់ទង នឹងបញ្ហានេះ ។ ប្រសិនបើទ្រព្យសកម្ម ត្រូវបានរំលាយមែននោះ វាទំនងជានឹងបង្កផលប៉ះពាល់មួយទៀត ចំពោះទំនាក់ទំនងទ្វេភាគី ដែលបានប្រេះស្រាំរួចទៅហើយ។
តូក្យូប្រកាន់យកជំហរ ដែលការទាមទារទាំងអស់ ដែលទាក់ទងនឹងការគ្រប់គ្រង អាណានិគមឆ្នាំ ១៩១០-១៩៤៥ របស់ខ្លួននៅឧបទ្វីបកូរ៉េ ត្រូវបានដោះស្រាយក្រោមកិច្ច ព្រមព្រៀងទ្វេភាគី ឆ្នាំ ១៩៦៥ ពាក់ព័ន្ធនឹងជំនួយ ហិរញ្ញវត្ថុ ដល់ទីក្រុងសេអ៊ូល៕
ដោយ ឈូក បូរ៉ា