ព័ត៌មានអន្តរជាតិ

តួកគីកំពុងពិចារណា បោះជំហានឧស្សាហកម្ម ការពារជាតិ បន្ថែម ជាមួយរុស្ស៊ី

បរទេស ៖ ក្រោយពិភាក្សាគ្នាជាមួយ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន រួច លោកប្រធានាធិបតីតួកគី បានមានប្រសាសន៍ថា ប្រទេសតួកគី កំពុងតែពិចារណា បោះជំហានឧស្សាហកម្ម ការពារជាតិបន្ថែមទៀត ជាមួយប្រទេសរុស្ស៊ី ដែលរួមមានទាំង សម្រាប់យន្តហោះចម្បាំង និងនាវាមុជទឹក បើទោះជាមានការព្រមានដាក់ទណ្ឌកម្ម បន្ថែមពីអាមេរិកក៏ដោយ ។

នៅក្នុងដំណើរវិលត្រឡប់ ពីកិច្ចពិភាក្សានៅរុស្ស៊ីមកតួកគីវិញ លោក Tayyip Erdogan បាននិយាយប្រាប់ អ្នកសារព័ត៌មានថា លោកកក៏បានស្នើធ្វើការងារ ជាមួយរុស្ស៊ី លើការសាងសង់រោងចក្រ នុយក្លេអ៊ែពីរបន្ថែម ទៀត ហើយលោក ពូទីន បានលើកឡើងពីការអភិវឌ្ឍ ទម្រសម្រាប់ការបាញ់បង្ហោះ រ៉ុកកែតទៅក្នុងលំហ ។

តាមសេចក្តីរាយការណ៍ នៅពេលលោកប្រធានាធិបតីតួកគី បានលើកឡើងកាលពីសប្ដាហ៍មុនថា ប្រទេសតួកគីនឹងទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 បន្ថែមទៀតនោះ ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា តួកគីអាចប្រឈមមុខនឹងវិធានការបន្ថែម ក្រោមច្បាប់សហរដ្ឋអាមេរិក ដាក់ពិន័យលើប្រទេសនានា ដែលទិញអាវុធរុស្ស៊ី។

គួរបញ្ជាក់ថា ការទិញប្រព័ន្ធការពារ មីស៊ីលរុស្ស៊ី S-400 កាលពីឆ្នាំ២០១៩ របស់តួកគី ដែលជាសមាជិកអង្គការ ណាតូផងនោះ បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការលក់យន្តហោះចម្បាំង បំបាំងកាយអាមេរិក F-35 និងបានដាក់ទណ្ឌកម្មលើ ឧស្សាហកម្ម ការពារជាតិ នានារបស់តួកគីផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top