តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ នឹងមិនទទួលយកការប្តេជ្ញា ចិត្តបន្ថែមទៀតលើស ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាទូទៅថាជាផែនការ សកម្មភាពរួម (JCPOA) នោះឡើយ ។
អ្នកនាំពាក្យក្រសួងនេះលោក Saeed Khatibzadeh បានឲ្យដឹងថា“ អ៊ីរ៉ង់មិនទទួលយកអ្វីក្រៅពី JCPOA នៅឯកិច្ចចរចានុយក្លេអ៊ែរនោះទេ ហើយក៏មិនរំពឹងអ្វីក្រៅ ពីការដកទណ្ឌកម្ម ដែលទាក់ទងនឹង JCPOA ដែរ” ។
អ្នកនាំពាក្យរូបនេះ បានប្រាប់កាសែតបារាំងឡឺម៉ុងឌឺ ប្រចាំថ្ងៃថា ការចរចានុយក្លេអ៊ែរពិត ជានឹងកើតឡើងមែន ប៉ុន្តែរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់ ត្រូវការពិនិត្យឡើងវិញ អំពីករណីកិច្ចចរចានុយក្លេអ៊ែរ ដែលធ្លាប់បានកើតឡើងនៅទីក្រុងវីយែន នេះបើយោងតាមគេហទំព័ររបស់ក្រសួង។
លោកបានលើកឡើងថា វិធានការរបស់អ៊ីរ៉ង់ ក្នុងការកាត់បន្ថយកាតព្វកិច្ច JCPOA គឺអាចបញ្ច្រាសបានទាំងស្រុង។ លោក Khatibzadeh បានសម្តែងការសោកស្តាយ ដែលជនជាតិអឺរ៉ុប“ ដែលបានចូលរួមជាមួយសហរដ្ឋអាមេរិក” ដោយរំលោភលើការប្តេជ្ញាចិត្តរបស់ JCPOA ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពី JCPOA កាលពីខែឧសភា ឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគី ឡើងវិញលើប្រទេសអ៊ីរ៉ង់ ។ ជាការឆ្លើយតបអ៊ីរ៉ង់ឈប់អនុវត្តបន្តិចម្តងៗ នូវផ្នែកខ្លះនៃការប្តេជ្ញាចិត្ត របស់ខ្លួន ចំពោះកិច្ចព្រមព្រៀងនេះចាប់ពីខែឧសភា ឆ្នាំ២០១៩ ។
គណៈកម្មការចម្រុះ JCPOA បានចាប់ផ្តើមប្រជុំក្រៅផ្លូវការ នៅថ្ងៃទី០៦ ខែមេសា នៅទីក្រុង វីយែន ដើម្បីបន្តការពិភាក្សាពីមុនអំពីការ វិលត្រឡប់របស់សហរដ្ឋអាមេរិក ទៅកិច្ចព្រមព្រៀងនេះវិញ។ បន្ទាប់ពីកិច្ចចរចាចំនួន ៦ ជុំ ដែលបានបញ្ចប់នៅថ្ងៃទី២០ ខែមិថុនាភាព ខុសគ្នាដ៏ធ្ងន់ធ្ងរនៅតែមានរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក លើការស្តារកិច្ចព្រមព្រៀងនេះឡើងវិញ ៕
ដោយ ឈូក បូរ៉ា