ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជាង ៨ លានដូស ទៅបង់ក្លាដែស និងហ្វីលីពីន

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនកំពុងបញ្ជូនវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ចំនួនជាង ៨ លានដូស ទៅឱ្យប្រទេសបង់ក្លាដែស និងហ្វីលីពីន ក្នុងរលកចុងក្រោយ នៃជំនួយដល់ពិភពលោក ដែលកំពុងតស៊ូ ដើម្បីទប់ទល់នឹង ជំងឺរាតត្បាតនេះ ។

មន្រ្តីសេតវិមានម្នាក់បានប្រាប់ AFP ដោយឲ្យដឹង ក្នុងលក្ខខណ្ឌអនាមិកថា ការដឹកជញ្ជូនចំនួន ៥ ដែលមានចំនួនសរុប ៥,៥៧៥,០៥០ ដូសនឹងទៅដល់ប្រទេស ហ្វីលីពីន នៅសប្តាហ៍ក្រោយ ។

មន្រ្តីរូបនេះបានឲ្យដឹងថា ដូសចំនួន ២,៥០៨,៤៨០ដូសផ្សេងទៀត នឹងទៅដល់ នៅដើមសប្តាហ៍ក្រោយ នៅប្រទេសបង់ក្លាដែស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី ។

គួរបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer-BioNTech ទាំងអស់ត្រូវបានបរិច្ចាគតាមរយៈកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។

មន្រ្តីរូបនេះបានឲ្យដឹងថា“ រដ្ឋបាលយល់ថា ការបញ្ចប់នូវជំងឺរាតត្បាតនេះ តម្រូវឱ្យលុបបំបាត់ វានៅទូទាំងពិភពលោក” ដោយកត់សម្គាល់ថា ការបរិច្ចាគរបស់អាមេរិក តំណាងឱ្យ“ ការទិញ និងបរិច្ចាគវ៉ាក់សាំងធំបំផុត ដែលមិនធ្លាប់មាន ដោយប្រទេសតែមួយ” ។

ប្រទេសបង់ក្លាដែស ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បានទទួលវ៉ាក់សាំងវ៉ាក់សាំង អាមេរិករាប់លានដូសរួចទៅហើយ រួមទាំង ២,៥ លានផ្សេងទៀត ដែលត្រូវបានបញ្ជូន កាលពីសប្តាហ៍មុន។

យោងតាមមូលដ្ឋានទិន្នន័យ របស់ AFP បានឲ្យដឹងថា មានតែប្រជាជនប្រហែល ១០ ភាគរយ នៃប្រទេសបង់ក្លាដែសប៉ុណ្ណោះ ដែលបានទទួលថ្នាំបង្ការពេញលេញ ៕

ដោយ ឈូក បូរ៉ា

To Top