បរទេស៖ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស នៅថ្ងៃសៅរ៍នេះ បានប្តេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ទៅលើអ្នកសម្លាប់មេដឹកនាំ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា លោក Mohib Ullah ស្របពេលមានការអំពាវនាវឲ្យធ្វើការស៊ើបអង្កេត លើហេតុការណ៍បាញ់សម្លាប់នេះ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Mohib Ullah ដែលស្ថិតក្នុងវ័យ៤០ឆ្នាំ ត្រូវបានក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅក្នុងជំរុំមួយ ក្នុងទីក្រុង Cox’s Bazar កាលពីរាត្រីថ្ងៃពុធ។
លោកបានដឹកនាំក្រុមមួយក្នុងចំណោម ក្រុមសហគមន៍ដ៏ធំបំផុត ឲ្យមានភាពលេចធ្លោរ ចាប់តាំងពីពួកមូស្លីមរ៉ូហ៊ីងយ៉ាជាង៧៣០.០០០នាក់ បានភៀសខ្លួនចេញពី ប្រទេសមីយ៉ានម៉ា ក្រោយមានការបង្ក្រាបយោធាមួយ នៅក្នុងខែសីហា ឆ្នាំ២០១៧។
នៅក្នុងសេចក្តីថ្លែងការដំបូងរបស់ខ្លួន តាំងពីមានករណីបាញ់សម្លាប់នោះមក លោករដ្ឋមន្ត្រីការបរទេសបង់ក្លាដែស A.K. Abdul Momen បានមានប្រសាសន៍ថា “រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ចំពោះបុគ្គលដែលពាក់ព័ន្ធ ក្នុងការសម្លាប់នេះ គឺគ្មានអ្នកណាម្នាក់នឹងត្រូវរួចខ្លួននោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង