ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ រិះគន់ចិន ក្រោយកងទ័ពអាកាស ហោះចូល តំបន់អាកាសរបស់ខ្លួន

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ថា នៅថ្ងៃសៅរ៍នេះ កោះតៃវ៉ាន់ បានរិះគន់ចិនយ៉ាងខ្លាំង បន្ទាប់ពីទីក្រុងប៉េកាំងបានកត់សម្គាល់ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងការលុកលុយដ៏ធំបំផុត ដែលមិនធ្លាប់មានដោយកងទ័ពអាកាសចិន ចូលទៅក្នុងតំបន់ការពារអាកាស របស់កោះមួយនេះ ។

ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា ក្រុមអ្នកប្រយុទ្ធតៃវ៉ាន់ បានវាយតបប្រឆាំងនឹងយន្តហោះចិន ៣៨ គ្រឿងចូលក្នុងដែនអាកាស ចំនួន២លើកកាលពីថ្ងៃសុក្រ ។

កោះនេះបានឲ្យដឹងថា តៃវ៉ាន់បានបញ្ជូនយន្តហោះប្រយុទ្ធ ដើម្បីព្រមានយន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យយន្តហោះទាំងនោះ ។

លោក Su Tseng-chang នាយករដ្ឋមន្រ្តីតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មាន កាលពីព្រឹកថ្ងៃសៅរ៍ថា ប្រទេសចិន បានចូលរួមយ៉ាងសកម្មនៅក្នុងការឈ្លានពាន របស់យោធាដោយបំផ្លាញសន្តិភាព នៅក្នុងតំបន់ ។

រលកនៃការលុកលុយដំបូងរួមមាន យន្តហោះ J-16 ចំនួន១៨គ្រឿង និងយន្តហោះចម្បាំង Su-30 ចំនួន៤គ្រឿង បូករួមទាំងយន្តហោះទម្លាក់គ្រាប់បែកH-៦ ដែលមានសមត្ថភាពបាញ់គ្រាប់ នុយក្លេអ៊ែរចំនួន២គ្រឿង និងយន្តហោះប្រឆាំងនាវាមុជទឹក ខណៈលើកទី២ មានយន្តហោះJ-16 ចំនួន១០គ្រឿង យន្តហោះH-6s ចំនួន២គ្រឿង និងការព្រមានជាមុន ។ ក្រសួងបានឲ្យដឹងដូច្នេះ ។

យោងតាមផែនទី ដែលចេញដោយក្រសួង បានឲ្យដឹងថា យន្តហោះដំបូងរបស់ចិនទាំងអស់ បានហោះហើរនៅក្នុងតំបន់មួយ នៅជិតកោះ Pratas ដោយយន្តហោះទម្លាក់គ្រាប់បែកទាំង២គ្រឿង បានហោះទៅជិតកោះផ្កាថ្ម ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top