បរទេស៖ក្រោយយន្តហោះចម្បាំងចិន៥៦គ្រឿង បានហោះចូលក្នុងតំបន់ ការពារដែនអាកាសតៃវ៉ាន់កាលពីថ្ងៃចន្ទនោះ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក Su Tseng-chang បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ចាំបាច់ត្រូវតែមានការប្រយ័ត្ន ចំពោះសកម្មភាពយោធាចិន ដែលកំពុងតែបំពានលើសន្តិភាពក្នុងតំបន់។
កោះតៃវ៉ាន់ បានរាយការណ៍យន្តហោះកងទ័ពអាកាសចិន ចំនួន១៤៨គ្រឿង នៅក្នុងផ្នែកភាគខាងត្បូងនិងភាគនិរតីនៃតំបន់ការពារដែនអាកាសខ្លួន ក្នុងរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃសុក្រមក ជាថ្ងៃតែមួយដែលចិនប្រារព្ធពិធីអបអរទិវា បង្កើតសាធារណរដ្ឋប្រជាមានិតចិន។
លោក Su Tseng-chang បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងតៃប៉ិយ៉ាងដូច្នេះថា “កោះតៃវ៉ាន់ចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្ន ហើយពិភពលោក ក៏មើលឃើញការរំលោភបំពានដដែលៗរបស់ចិនចំពោះសម្ពាធក្នុងតំបន់ និងការដាក់សម្ពាធលើតៃវ៉ាន់។
គួរបញ្ជាក់ថា ប្រទេសចិន តែងតែអះអាងថាកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ដែលអាចប្រើកម្លាំងដណ្ដើមយកមកវិញ ប្រសិនបើចាំបាច់ ចំណែកតៃវ៉ាន់និយាយថា ពួកគេគឺជាប្រទេសឯករាជ្យ ហើយនឹងការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន៕