ព័ត៌មានអន្តរជាតិ

អាមេរិក ព្រួយបារម្ភ ផ្នែកសន្តិសុខលួចស្តាប់ ជុំវិញកំពង់ផែចិន សាងសង់ជាប់មូលដ្ឋាន កងទ័ពជើងទឹកធំបំផុត របស់អ៊ីស្រាអែល ដែលអាមេរិកប្រើប្រាស់

បរទេស៖ សហរដ្ឋអាមេរិក បានសង្កត់ម្តងហើយម្តងទៀត ដល់មន្រ្តីអ៊ីស្រាអែល ឱ្យពិនិត្យមើលគម្រោងសាងសង់កំពង់ផែ ដែលដំណើរការដោយប្រទេសចិន នៅក្បែរទីក្រុងហៃហ្វា។ កំពង់ផែនេះនៅជាប់នឹងមូលដ្ឋានកងទ័ពជើងទឹកធំបំផុត របស់អ៊ីស្រាអែល ដែលកងទ័ពជើងទឹកអាមេរិកប្រើប្រាស់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពបានប្រាប់សារព័ត៌មាន Breaking Defence ថា ការព្រួយបារម្ភជាចម្បងរបស់មន្រ្តីអាមេរិក គឺគ្រឿងចក្រធុនធ្ងន់ ដែលក្រុមហ៊ុនរដ្ឋចិន Shanghai International Port Group បាននាំយកមកដើម្បីបញ្ចប់គម្រោង។

អ្នកជំនាញខាងសន្តិសុខអ៊ីស្រាអែល និងអាមេរិក សុទ្ធតែដឹងអំពីភាពងាយស្រួល ដែលឧបករណ៍ត្រួតពិនិត្យ អាចត្រូវបានលាក់កំបាំង។

ភាពជិតបង្កើយរបស់កំពង់ផែ ទៅនឹងមូលដ្ឋានកងទ័ពជើងទឹក ប្រសិនបើមានការសម្របសម្រួលអាចបង្កហានិភ័យសន្តិសុខដល់អ៊ីស្រាអែល និងអាមេរិក។ ការព្រួយបារម្ភមិនមែនថា រដ្ឋាភិបាលចិននឹងអាចស្វែងរកចំណុចខ្សោយ ដើម្បីវាយប្រហារមូលដ្ឋាននោះទេ ប៉ុន្តែវានឹងអាចប្រមូលព័ត៌មាន ស៊ើបការណ៍លើឧបករណ៍និងបច្ចេកវិទ្យាយោធា។

សហរដ្ឋអាមេរិក មានកង្វល់ផ្នែកសន្តិសុខជាយូរមកហើយ ជុំវិញការវិនិយោគរបស់ចិន នៅក្នុងប្រទេសសម្ព័ន្ធមិត្ត។ កាលពីខែសីហា ប្រធាន CIA លោក Bill Burns បានប្រាប់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Naftali Bennett ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះក្រុមហ៊ុនបច្ចេកវិទ្យាចិន និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងអនុវត្តនៅអ៊ីស្រាអែល។ ជំហរនេះគឺជាការបន្តពីរដ្ឋបាលលោក Trump ខណៈដែលអ៊ីស្រាអែលចែករំលែក ការព្រួយបារម្ភមួយចំនួនដែលលើកឡើង ដោយអាមេរិកការពិតគឺថា ក្រុមហ៊ុនអាមេរិក មិនចង់ទទួលយកគម្រោងទាំងអស់នោះទេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top