បរទេស៖ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីមានការកើនឡើងជាខ្លាំងក្នុងភាពតានតឹង ជាមួយប្រទេសចិន ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បាននិយាយប្រាប់មន្ត្រីជាន់ខ្ពស់បារាំងនិងអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់ នឹងធានាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ និងស្វះស្វែងធ្វើការងារជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យ មានចិត្តដូចគ្នាផ្សេងទៀត។

តាមសេចក្តីរាយការណ៍ តៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យ បានស្វែងរកការគាំទ្រ ពីប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដទៃផ្សេងទៀត ជាពិសេសនោះ គឺសហរដ្ឋអាមេរិកនិងសម្ពន្ធមិត្តអាមេរិក ស្របពេលមានសម្ពាធយោធានិងនយោបាយពីប្រទេសចិន ដែលអះអាងកម្មសិទ្ធិថា តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ខ្លួន។
ថ្លែងនៅការិយាល័យប្រធានាធិបតី ប្រាប់ដល់សមាជិកព្រឹទ្ធភាបារាំង ដឹកនាំដោយអតីតរដ្ឋមន្ត្រីការពារជាតិ លោក Alain Richard លោកស្រី ត្សៃ អ៊ីងវិន បានថ្លែងអំណរគុណចំពោះប្រទេសបារាំង ដែលព្រួយបារម្ភអំពីស្ថានភាព នៅច្រកសមុទ្រតៃវ៉ាន់ និងការគាំទ្រ សម្រាប់ការចូលរួមអន្តរជាតិ របស់តៃវ៉ាន់។
លោកស្រីបានមានប្រសាសន៍ បន្ថែមយ៉ាងដូច្នេះថា “យើងនឹងបន្តបំពេញទំនួលខុសត្រូវរបស់យើង ក្នុងនាមជាសមាជិកនៃសហគមន៍អន្តរជាតិ ដើម្បីធានាដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយយើងក៏សង្ឃឹមធ្វើការចូលរួមបន្ថែមដល់ពិភពលោក រួមជាមួយនឹងប្រទេសបារាំងផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
