ព័ត៌មានអន្តរជាតិ

CIA ក្នុងផែនការឃុបឃិត ជាមួយតាលីបង់ ក្នុងការដាំ និងផលិតអាភៀន ជាមធ្យោបាយ សម្រាប់ចិញ្ចឹមពួកឧទ្ទាម អ៊ីស្លាមនិយមជ្រុល ទាំងនេះនៅ អាហ្កានីស្ថាន!

រហូតមកដល់ពេលនេះ ជនជាតិអាហ្កានីស្ថាន នៅតែបន្តរស់ក្នុងសុបិន្តទាំងអស់! ព្រោះជាង ពាក់កណ្ដាលមួយសតវត្សរ៍ ដែលពួកគេបានរស់នៅ និងឆ្លងកាត់នូវ សោកនាដកម្ម ទុក្ខវេទនា ទុរភិក្ស រួមទាំងភ្លើងសង្រ្គាមមិនចេះចប់ ច្រើនពេកពីអំណាច ជ្រៀតជ្រែកខាងក្រៅ និងសង្រ្គាមនៅក្នុងស្រុក ក្នុងការកាប់សម្លាប់គ្នា ក្នុងការដណ្ដើម អំណាច រវាងក្រុមនេះជាមួយ និងក្រុមនយោបាយ មួយផ្សេងទៀតនោះ!។

អាហ្កានីស្ថាន កូនអុកនៅលើក្ដារអុក!

មានវិសាលភាពទឹកដី មិនជាធំណាស់ណា តែភូមិសាស្រ្តដែនដី សំបូរទៅដោយភ្នំ ធនធានធម្មជាតិ មិនច្រើនហើយចំនួនប្រជាជនក៏មិនច្រើន តែអាហ្កានីស្ថាន មានភូមិសាស្រ្តនយោបាយ មួយយ៉ាងសំខាន់បំផុត មានចរិតជាយុទ្ធសាស្រ្ត នៅក្នុងតំបន់! ដោយអាហ្កានីស្ថាន ជាកន្លែងតភ្ជាប់ ជាទីជំនួបរវាង តំបន់អាស៊ីខាងត្បូង និងអាស៊ីកណ្ដាល! ជាដែនដីមួយដែលសំបូរទៅដោយ អំបូរជនជាតិ និងប្រកបទៅដោយ ទំនាស់ពូជសាសន៍ និងសាសនាមិនចេះចប់! ដែលនេះជាបច្ច័យមួយ ក្នុងការ បានប្រែក្លាយ អាហ្កានីស្ថាន ទៅជាប្រទេសដែលតែងតែស្ថិតជា សន្លឹកបៀរ ជា កូនអុក ដែលពួកមហាអំណាច តែងតែប្រើប្រាស់ សម្រាប់ការប្រកួតប្រជែងគ្នា អស់រាប់សតវត្សរ៍ មកហើយនោះ!។

ចាប់តាំងពីដើម សតវត្សរ៍ទី១៩ រហូតដល់ក្រោយសង្រ្គាម លោកលើកទី ដែលអាហ្កានីស្ថាន ពេលនោះគ្រាន់តែជាអាណាចក្រមួយ ដែលសំបូរ ទៅដោយរាប់រយ អំបូរជនជាតិ ដែលរស់នៅដាច់ពីគ្នា! ហើយដែលដែនដីមួយនេះ បានក្លាយទៅជាទីលាន នៃការដណ្ដើមអំណាច ឥទ្ធិពលរវាងចក្រភពរុស្ស៊ី មួយដ៏ខ្លាំងក្លា នៅទិសខាងជើង ដោយមានមហិច្ឆតា ក្នុងការចង់ពង្រីកទឹកដី ចុះទៅអាស៊ី ស្របពេលដែល ចក្រភពអង់គ្លេស ពេលនោះបាននិងកំពុងត្រួតត្រា ធ្វើអាណានិគមមកលើ ឧបទ្វីបឥណ្ឌា ដែលស្ថិតនៅទិសខាងត្បូង នោះ!។

ដោយមានសេចក្ដីបារម្ភភ័យខ្លាច អាហ្កានីស្ថាន អាចក្លាយទៅជាឈ្នាន់ ដើម្បីរុស្ស៊ី អាចធ្វើជាមធ្យោបាយ ក្នុងការវាយប្រហារចុះ មកដែនដីឥណ្ឌា ដែលជាហេតុមួយដ៏ចម្បង ក្នុងការធ្វើឱ្យអង់គ្លេស សម្រេចយកទ័ពចូល មកទឹកដីអាស៊ីខាងត្បូងមួយនេះ រហូតដល់ពីរដង (១៨៣៩-១៨៤២និង១៨៧៨-១៨៨០) ប៉ុន្តែចុងក្រោយត្រូវបង្ខំ ដកទ័ពចេញទៅវិញ! ដែលទោះបីជាក្រុងឡុងដ៍ បានបន្តុបនយោបាយ ការបរទេស មកលើក្រុងកាប៊ុល អស់រយៈកាល៤០ឆ្នាំ ពី១៨៨០ដល់ ១៩១៩ ក៏ដោយ!

ក្នុងរយៈពេលក្រោយ សង្រ្គាមលោកលើកទី១ អាហ្កានីស្ថាន ប្រកាន់យកនូវ របបនយោបាយ រាជានិយម រក្សាបានស្ថិរភាព និងប្រកាន់យកនូវឥរិយាបទ អព្យាក្រឹត្យភាព រហូតដល់ក្រោយសង្រ្គាមលោកលើកទីចប់ រួចក៏បានចូលរួម ជាសមាជិករបស់UN នាខែវិច្ឆិកា ១៩៤៦ទៅ។

នៅឆ្នាំ១៩៧៣ មាននាយទាហានមួយក្រុមដឹកនាំដោយ ឧត្តមសេនីយ៍ Mohammad Daud ដែលជាប្អូនជីដូនមួយរបស់ស្ដេច Zahir Shad បានធ្វើរដ្ឋប្រហារផ្ដួលរំលំស្ដេច Shad ពេលដែលព្រះអង្គកំពុងយាងទៅសម្រាកកាយនៅអ៊ីតាលី! រួចបង្កើតឡើងនូវរបបសាធារណរដ្ឋដោយDaud ធ្វើជាប្រធានាធិបតីទៅ!។

ដល់ឆ្នាំ១៩៧៨ Daud ត្រូវផ្ដួលរំលំ ដោយមានបដិវត្តន៍ ក្រោមការដឹកនាំដោយ បក្សប្រជាធិបតេយ្យប្រជាជន PDPAដែលមាន Noor Mohammad Tasaki ជាប្រធាន។ Tasaki ជាអ្នកនយោបាយ ក្នុងចលនាប្រជាធិបតេយ្យ ដែលមានការអប់រំ បណ្ដុះបណ្ដាល នៅសហភាពសូវៀត! ក្រោយមក ក្រោមការដឹកនាំ របស់ Tasaki អាហ្កានីស្ថាន ប្រែក្លាយទៅជាសាធារណរដ្ឋ ប្រជាធិបតេយ្យ អាហ្កានីស្ថាន DRA ទៅ!។

មួយឆ្នាំក្រោយមក ១៩៧៩ ដោយគោលនយោបាយ កែទម្រង់ដីធ្លីមិនជោគជ័យ វិស័យសេដ្ឋកិច្ ចមិនរីកចម្រើន និងមានការបែកបាក់ មិនចុះសម្រុងផ្ទៃក្នុង រវាង Tasaki ជាមួយ Hafizullah Amin នាំដល់ការធ្វើឃាត Tasaki រួចអំណាចដឹកនាំ បានធ្លាក់មកលើដៃ របស់Amin (តាមព័ត៌មានសម្ងាត់ថា មានបាតដៃរបស់CIA ក្នុងការជួយ Aminដើម្បីកម្ចាត់Tasaki)!

ក្រោយពីដណ្ដើម បានអំណាច Amin គួរណាស់ខិតខំ ដឹកនាំប្រទេសបែរទៅជា បោសសម្អាតផ្ទៃក្នុង ធ្វើទុក្ខបុកម្នេញ ចាប់ចងពួកអ្នកដែល មានគំនិតចម្រើន ជាពិសេសគឺពួកអ្នក ដែលមានទស្សនៈ សូវៀតនិយម ដូចជាករណីលោក Babrak Karmal ជាដើម! ដែលសកម្មភាពមួយនេះ នាំឱ្យមានចរន្តប្រឆាំងបះបោរ ធ្វើឱ្យមានចលនាមួយ ងើបឡើងទាមទារ អំពាវនាវឱ្យ សូវៀតជួយ! ទើបនៅខែធ្នូ ១៩៧៩ កងកម្លាំងពិសេស របស់សូវៀត បើកប្រតិបត្តិការ វាយឆ្មក់ចូលក្រុងកាប៊ុល! Amin ត្រូវចាប់ខ្លួន និងសម្លាប់! ចំពោះKarmal វិញបាននិងកំពុងរស់នៅ និរទេសខ្លួន នៅក្រៅប្រទេស បានវិលមកចូលស្រុក ឡើងកាន់អំណាចវិញ!។

ដោយមានការជួយ ឧបត្ថម្ភគាំទ្រ ពីសហភាពសូវៀត អាហ្កានីស្ថានសម្រេច បាននូវសមិទ្ធផលមួយចំនួន ក្នុងដំណើការអភិវឌ្ឍន៍ប្ រទេសជាតិ! ក៏ប៉ុន្តែការរីកចម្រើនទាំងនេះ មានតែនៅរដ្ឋធានី និងក្រុងធំៗមួយចំនួន ដោយឡែកនៅតាមភូមិ ស្រុក តាមតំបន់ភ្នំដាច់ស្រយាល និងកុលសម្ព័ន្ធខ្លះ គ្មានការរីកចម្រើន នៅតែមានភាពក្រីក្រ ខ្វះស្បៀងអាហារ ព្រមទាំងបានស្ថិតនៅ ក្រោមអំណាចគ្រប់គ្រង ត្រួតត្រារបស់ពួកមេតំបន់ និងនៅតែគោរព ប្រតិបត្តិនូវសាសនាអ៊ីស្លាម មួយដ៏តឹងរ៉ឹងបំផុតនោះ! ហើយវត្តមាន របស់សហភាពសូវៀត លើទឹកដីអាហ្កានីស្ថាន មិនត្រូវបានពួកមេតំបន់ មេសាសនាអ៊ីស្លាមនិយមជ្រុល ជាពិសេសគឺពួកសកម្មប្រយុទ្ធ Mujahideen ឯកភាព ស្វាគមន៍ឡើយ! ដែលនេះជាបច្ច័យចម្បង ក្នុងការនាំឱ្យមានរលកចលនា មួយក្រោកឡើងប្រឆាំង ធ្វើសង្រ្គាមប្រយុទ្ ធទៅនឹងរដ្ឋអំណាច DRA និងសហភាពសូវៀត ចាប់ពីពេលនោះទៅ!។

ដោយមើលឃើញនេះ ជាឱកាសក្នុងការចូលរួមដុតបំផ្លាញ កម្ទេចសក្តានុភាព របស់សូវៀតពីចម្ងាយនៅអាហ្កានីស្ថាន ទើបប្រធានាធិបតី Ronald Reagan បានដាក់ចេញ នូវ យុទ្ធសាស្រ្តសសរទ្រូង៣ ដោយផ្ដល់ការគាំទ្រ ដល់ពួកបដិបក្ខប្រឆាំង ទៅនឹងសូវៀត ព្រមទាំងជាជំហានៗ ក្នុងការរុញឱ្យសូវៀត ធ្លាក់អន្ទាក់កាន់តែជ្រៅទៅៗ ហើយរើមិនរួចផុងខ្លួននៅអាហ្កានីស្ថានទៅ!។

Ronald Reagan

អាហ្កានីស្ថាន ទីលានដែល អាមេរិកនិងសូវៀតជួបគ្នាដោយផ្ទាល់ ក្នុងការប្រកួតប្រជែង ដណ្ដើមឧត្តមភាព ដាក់គ្នា!

ចាប់តាំងពីដំណាក់កាល ១៩៧៩-១៩៨៦ ក្នុងពេលដែលសហភាពសូវៀត បានចំណាយធនធាន រាប់សិបលានដុល្លារ ព្រមទាំងចាត់បញ្ជូនពលទាហាន រាប់សិបពាន់នាក់ និងអាវុធយុទ្ធភ័ណ្ឌ រាប់មិនអស់ទៅជួយរដ្ឋអំណាច Karmal ស្របពេលនេះអាមេរិក រួមជាមួយប៉ាគីស្ថាននិង Saudi Arabia និងប្រទេសជាច្រើនទៀត ផ្ទាល់ផង ប្រយោលផង មានទាំងលុយនិងអាវុធ ជួយដល់ពួកឧទ្ទាមបះបោរ Mujahideen ប្រឆាំងទៅនឹងរដ្ឋាភិបាល Karmal !។

ស្ថានភាព នៅអាហ្កានីស្ថាន ចាប់មានភាពវឹកវរ ចលាចល ហើយដោយមានការជួយ យ៉ាងខ្លាំងពីខាងក្រៅផង បានធ្វើឱ្យកម្លាំងពួក Mujahideen ចាប់រីកធំធាត់ ហើយបានក្លាយទៅជាកម្លាំងនយោបាយ និងយោធាមួយ ត្រូវបានទទួលស្គាល់ នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ! ហើយទោះបីជាពួកនេះ នៅមានការមិនឯកភាព លើទស្សនៈនយោបាយ និងមនោគមន៍វិជ្ជាក៏ដោយ តែកម្លាំង Mujahideen មានការប្រយុទ្ធយ៉ាងមោះមុត ព្រមទាំងបានក្លាយទៅជា សុបិន្តដ៏អាក្រក់មួយ សម្រាប់សូវៀត និងរដ្ឋអំណាច DRA ពេលនោះ!។

សភាពការណ៍ នៅអាហ្កានីស្ថានមួយថ្ងៃ កាន់តែដុនដាប ហើយសេដ្ឋកិច្ចមួយថ្ងៃ កាន់តែធ្លាក់ចុះ រួមនឹងការជាប់ផុងកាន់តែជ្រៅទៅៗ អស់រយៈកាល១០ឆ្នាំ របស់កងទ័ព សូវៀតនៅ អាហ្កានីស្ថានផង ដែលគ្មានអ្វីក្រៅពីការខាតបង់ ទាំងទ្រព្យសម្បត្តិ ដល់ធនធានមនុស្ស ដ៏ធ្ងន់ធ្ងរនោះ! បានធ្វើឱ្យសូវៀត សម្រេចដកទ័ព ជាឯកតោភាគីចេញពីដែនដីអាហ្កានីស្ថានទៅ!។ នៅឆ្នាំ១៩៨៨ កងទ័ពសូវៀត ចាប់ដកចេញរហូតដល់ឆ្នាំ១៩៨៩ ចប់ជាស្ថាពរនៃវត្តមាន កងទ័ពសូវៀត នៅអាហ្កានីស្ថានទៅ!។

ដោយមានគោលដៅ ជាយុទ្ធសាស្រ្តតែមួយគត់ គឺធ្វើឱ្យសូវៀត កាន់តែហូរឈាម ខាតបង់ និងជាប់ផុងរើខ្លួនមិនរួច! ទើបពេលដែលសូវៀតដកចេញ សហរដ្ឋអាមេរិក ហាក់បីបោះបង់អាហ្កានីស្ថានចោលទាំងស្រុង!លែងរវល់ដល់ ដែលទោះបីជា នៅមានរបាយការណ៍សម្ងាត់ ខ្លះ បានបញ្ជាក់ថាទាំងសូវៀតទាំងអាមេរិក នៅតែមានសកម្មភាពជួយជាសម្ងាត់ដល់ភាគីបដិបក្ខទាំងពីរ ឱ្យបន្តច្បាំងគ្នា រវាងជនជាតិអាហ្កានីស្ថានជាមួយគ្នា ដែលម្ខាងរដ្ឋាភិបាលក្រុងកាប៊ុល និងម្ខាងទៀតគឺពួក Mujahideen នោះ!។

ការចាប់កកើត ជាកំណើត របស់ពួកតាលីបង់!

ការចូលរួមគាំទ្រ និងពាក់ព័ន្ធ របស់អាមេរិក ក្នុងដំណាក់កាល ដែលសហភាពសូវៀត ជាប់ផុង នៅអាហ្កានីស្ថាន ត្រូវបានទទួលស្គាល់យ៉ាងតថភាពថា ដោយមានការជួយគាំទ្រ យ៉ាងពេញទំហឹង លើផ្នែកយោធា ពីសហរដ្ឋអាមេរិក ទើបបានធ្វើឱ្យពួក Mujahideenមានភាពខ្លាំងក្លា រឹងមាំ! ហើយក្រោយពីសូវៀតដកទ័ពចេញបានឆ្នាំមក ទើបនៅឆ្នាំ១៩៩២ រដ្ឋាភិបាលអាហ្កានីស្ថាន ដែលមានការគាំទ្រ ពីសូវៀតត្រូវបានផ្ដួលរំលំ! ហើយរាល់អាវុធយុទ្ធភណ្ឌ ដែលសហរដ្ឋអាមេរិក បានបន្សល់ទុក មកលើទឹកដី អាហ្កានីស្ថាន បានក្លាយទៅជា ឧបករណ៍ ជាមធ្យោបាយមួយ ដើម្បីពួកសកម្មប្រយុទ្ធអ៊ីស្លាម ក្នុងគ្រប់និន្នាការនយោបាយ យកមកប្រើប្រាស់វាយគ្នាដណ្ដើមអំណាច ឥទ្ធិពលរវាងក្រុមនេះនិងក្រុមមួយនោះ! ហើយផ្ដើមចេញពីភាពអនាធិបតេយ្យនេះ គឺជាលក្ខណៈសម្បត្តិមួយក្នុងការកកើតឡើងក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលពួកនេះមានដើមកំណើតចេញពីកម្លាំង Mujahideen នោះ!។

សកម្មប្រយុទ្ធអ៊ីស្លាម តាលីបង់ មួយភាគធំជាជនជាតិ Pashtun ដែលជាអំបូរជនជាតិភាគច្រើននៅអាហ្កានីស្ថាន ដែលដើមឡើយមានគ្នាប្រមាណ៥០នាក់ រួមគ្នាបង្កើតឡើងក្រុមតាលីបង់ ក្នុងបំណងចង់កសាងប្រទេស អាហ្កានីស្ថានមួយ ក្រោមការគ្រប់គ្រងទៅដោយច្បាប់ Sharia របស់សាសនាអ៊ីស្លាម ចាប់ពីបណ្ដាឆ្នាំ១៩៩៤ទៅ! តែធាតុពិត អំណាចត្រួតត្រា របស់ពួកតាលីបង់មួយនេះគឺពោរពេញទៅដោយភាពឃោឃៅ ព្រៃផ្សៃ អមនុស្សធម៌បំផុត ហើយនៅឆ្នាំ១៩៩៦ ពួកតាលីបង់វាយរំដោះបានក្រុងកាប៊ុល នាំដល់ការផ្ដួលរំលំ របបនយោបាយ របស់ប្រធានាធិបតី Burhanuddin Rabbani ដែលជាបិតាក្នុងការបង្កើតឡើង នូវអង្គការMujahideen ដោយបានបង្ខំឱ្យ Rabbani និរទេសខ្លួន ទៅរស់នៅក្រៅប្រទេសទៅ!។

ក្រោមការដឹកនាំ របស់ពួកតាលីបង់ ពីដំណាក់កាល១៩៩៦ដល់២០០០ វិស័យសេដ្ឋកិច្ចទាំងមូល របស់អាហ្កានីស្ថាន គ្មានការវិវត្តន៍រីកចម្រើន GDPមានមិនលើស ៣ពាន់លានដុល្លារ/ឆ្នាំ ធ្វើឱ្យប្រជាជនមួយភាគធំស្ថិតនៅក្នុងភាពក្រីក្រ ខ្វះខាត ដែលពេលនេះស្រាប់តែចំការដាំដើមអាភៀន ចាប់ផ្ដើមរីករាលដាលនៅគ្រប់ទិសទី ដោយ៩៦%ដីដាំអាភៀនទាំងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ ហើយពួកតាលីបង់បានប្រែក្លាយអាភៀនទាំងនេះជាប្រភពចំណូលមួយដ៏ធំ ក្រៅពីចំណូលបានមកពីការលក់ប្រេង រ៉ែ និងជំនួយពីបណ្ដាប្រទេសអារ៉ាប់ និងប៉ាគីស្ថាននោះ!។

ការវិលមកវិញ របស់អានុភាពអាមេរិក លើទឹកដីអាហ្កានីស្ថាន!

 ពុំមែនមកពីមាន ការវិវាទសង្រ្គាមក្នុងស្រុក និងក៏ពុំមែនមកពី ភាពព្រៃផ្សៃ ឃោឃៅ របស់ពួកតាលីបង់ ទើបនាំឱ្យសហរដ្ឋអាមេរិក វិលមកដែនដីនេះនោះទេ! គឺមូលបទចម្បង ដែលនាំឱ្យមានការវិលវិញរបស់អាមេរិកនៅខែតុលា ២០០១ គឺជាការព្រមាន សងសឹកដោយពួកតាលីបង់បដិសេធ មិនព្រមប្រគល់មេក្លោងភេរវកម្ម Al-Qaeda គឺ Osama Bin-Laden ដែលជាជនត្រូវបានកំណត់ថា ជាអ្នកដែលឈរនៅពីក្រោយក្នុងការបញ្ជាឱ្យមានការវាយប្រហារដ៏រន្ធត់មកលើអគារភ្លោះTwin Towers នៅ New York នាថ្ងៃទី១១ កញ្ញា ២០០១នោះ!។

ខែធ្នូ ២០០១ របបតាលីបង់ត្រូវផ្ដួលរំលំ ហើយពួកមេក្លោងពេលនោះរួមមាន Mullah Mohammad Omar បានរត់គេចខ្លួនចេញទៅក្រៅប្រទេសរួមទាំង Bin-Laden ផង!។ នៅឆ្នាំ២០០៤ រដ្ឋអំណាចស្និទអាមេរិកមួយត្រូវបានបង្កើតឡើងនៅកាប៊ុល ចាប់ពីពេលនោះមក។ តែអស់រយៈកាលជិត២០ឆ្នាំ មិនត្រឹមតែមិនអាចបង្ក្រាប បោសសម្អាតបានពួកតាលីបង់ ថែមទាំងពួកតាលីបង់ធ្វើឱ្យរដ្ឋាភិបាលកាប៊ុល អាមេរិក និងកងកម្លាំងNATO វិលមុខ ជួបការខាតបង់យ៉ាងធំធេងទៅវិញទៀតផង!។

ក្រោមសម័យកាលរបស់ប្រធានាធិបតី បារ៉ាក់ អូប៉ាម៉ា ភាគីអាមេរិកបានសម្រេច ប្រគល់ភារកិច្ច ក្នុងការទទួលខុសត្រូវ សន្តិសុខ សុវត្ថិភាពជូនកងទ័ពអាហ្កានីស្ថាន រ៉ាប់រងផ្ទាល់ដោយដាក់ផែនការដកទ័ព។ ក្រោយមក ក្រោមសម័យកាលដឹកនាំរបស់ ដូណាល់ ត្រាំ ភាគីទាំងពីរអាមេរិក និងតាលីបង់ បានឯកភាពគ្នាតាមរយៈកិច្ចព្រមព្រៀង Doha ដែលមួយឆ្នាំក្រោយមក អាមេរិកបានកំណត់ថ្ងៃ៣១ សីហា ២០២១ ជាថ្ងៃដែលអាមេរិកដកទ័ពចេញអស់ពីអាហ្កានីស្ថាន ជាស្ថាពរ!។

តើមានអានុភាពណាទៀត ក្រោយអាមេរិក និងបំពេញមុខងារ ជំនួសអាមេរិក ធ្វើអន្តរាគមន៍ចូលអាហ្កានីស្ថានទៀត!

អស់រយៈកាលជិតមួយ ពាក់កណ្ដាលសតវត្សរ៍ សហភាពសូវៀត បានដើរចេញទៅដោយ ដៃទទេក្រោយពី១០ឆ្នាំកាន់កាប់! របបនយោបាយស្និទនឹងសូវៀតបានផ្ដួលរំលំ! ឥឡូវនេះ កងទ័ពអាមេរិកនៅអាហ្កានីស្ថានច្រើនជាងទ័ពសូវៀត២ដង ក៏ប៉ុន្តែចុងក្រោយ ត្រូវចាកចេញ ដោយភាពជូរចត់បំផុត! ហើយរបបនយោបាយ ដែលអាមេរិកលើកបន្តុបឡើង នៅអាហ្កានីស្ថានបានដួលរលំទាំងផ្ទាំងៗ ដែលគ្មានអ្វីត្រូវសង្ស័យទៀត គឺពួកតាលីបង់អាចបង្កើតឡើងនូវ អាណាចក្រអ៊ីស្លាម មួយនៅអាហ្កានីស្ថាន ដូចដែលពួកនេះ បានប្រកាសមុននេះនោះ!។

CIA ក្នុងផែនការឃុបឃិត ជាមួយតាលីបង់ និងការដាំអាភៀនជាមធ្យោបាយ សម្រាប់ចិញ្ចឹម ពួកឧទ្ទាមទាំងនេះ!

គ្រោះមហន្តរាយនៃជំងឺកូវីដ១៩ ជាភេរវសញ្ញាប្រាប់ ឱ្យដឹងមុននៅមរណភាព ចំពោះវិស័យឧស្សាហកម្ម ទាំងឡាយនៅអាហ្កានីស្ថាន! ទន្ទឹមនេះ មានអង្គការមនុស្សធម៌ជាច្រើន ក៏ធ្លាប់បានធ្វើការទស្សន៍ទាយ ដោយព្រមានថា ការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ច អាចជាបច្ច័យមួយ ក្នុងការនាំឱ្យមាន គ្រោះទុរភិក្សមួយកើតឡើង ហើយដែលវិបត្តិអត់ឃ្លាននេះ អាចជាចលករ ក្នុងការជំរុញឱ្យមាន ការកើនឡើងនៃការដាំដើមអាភៀន ការជួញដូរគ្រឿងញៀន ដែលជាសកម្មភាពមួយខុសច្បាប់និងគ្រោះថ្នាក់នោះ!។

នៅឆ្នាំ២០២០ សកម្មភាព ក្នុងការធ្វើអាជីវកម្ម លើផ្នែកអាភៀន មានការកើនឡើង១/៣ នៅអាហ្កានីស្ថាន ដែលក្នុងពេលនោះ បណ្ដាសកម្មភាពបង្រ្កាបគ្រឿងញៀន មានការថយចុះទៅវិញ!។ អាហ្កានីស្ថានត្រូវបានប្រសិទ្ធនាមឱ្យថា ជាប្រទេស ដែលបានផ្គត់ផ្គង់ អាភៀនខុសច្បាប់ ប្រមាណ៩០% នៅលើពិភពលោក!។ ជារួម ដីធ្លីដែលត្រូវបានពង្រីក ក្នុងការដាំដុះជាកសិកម្ម តែត្រូវបានសម្រាប់ ការដាំដើមអាភៀន ច្រើនជាងការដាំដុះ ដើមឈើ ឧស្សាហកម្ម ទាំងឡាយនៅអាហ្កានីស្ថាន ទៅវិញ! ដែលក្នុងនោះ មានប្រជាជនជាងកន្លះលាននាក់ ជំពាក់ជំពិន ទាក់ទងដល់ការដាំអាភៀន ទាំងនេះ!។ នៅក្នុងបរិបទមួយនេះ ត្រូវទទួលស្គាល់ ការពិតមួយថា នៅក្នុងបណ្ដាឆ្នាំ១៩៧០ សកម្មភាពនៃការដាំដុះ ដើមអាភៀនមានចំនួនតិចបំផុត ក៏ប៉ុន្តែស្ថានភាពមានការផ្លាស់ប្ដូរ ប្រែប្រួលនៅក្នុងបណ្ដាឆ្នាំ១៩៧៩ នៅពេលដែលCIAបានចាប់ផ្ដើមយុទ្ធនាការខ្យល់ កំបុតត្បូង ដោយសម្រេចផ្គត់ផ្គង់ ថវិកាទៅឱ្យពួកឧទ្ទាមអ៊ីស្លាម Mujahideen ក្នុងការប្រយុទ្ធប្រឆាំង និងកម្ចាត់កម្លាំងសូវៀត ឱ្យចេញផុតពីដែនដី អាហ្កានីស្ថាន!ដោយគ្រឿងញៀន ត្រូវបានយកមកធ្វើជា មធ្យោបាយ ជំនួសអាវុធ ក្នុងការវាយប្រហារមកលើ កងទ័ពសូវៀតនោះ!។

ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយមក CIAបានធ្វើការស៊ីចង្វាក់គ្នា ទៅនឹងដៃគូ ប៉ាគីស្ថាន និងពួកIS ក្នុងការចំណាយលុយជាង២ពាន់លានដុល្លារ ជាអាវុធ ដោយសហការជាមួយ ពួកកម្លាំងឧទ្ទាមទាំងនេះ រួមទាំង Osama Bin-Laden និងពួកមេក្លោង ឧទ្ទាមអ៊ីស្លាម ជាច្រើនទៀត!។ ក្រោមរូបភាពបំផុស ឱ្យមានសង្រ្គាម មិនចេញមុខមួយសំដៅ ក្នុងការបំផ្លិចបំផ្លាញ របស់បាតដៃ CIA គឺគ្រប់សកម្មភាព ដែលក្នុងនោះរួមមាន ទាំងការដាំដុះ និងផលិតអាភៀន ចាប់មានការផុសផុល រីករាលដាលដូចផ្សិត នៅតាមបណ្ដោយព្រំដែន អាហ្កានីស្ថាន-ប៉ាគីស្ថាន មានការកើនឡើង! ដោយអំពើទាំងអស់នេះក៏មានសកម្មភាពភ្ជាប់ទៅជាមួយនូវការកសាងរោងចក្រ សិប្បកម្មជាច្រើនក្នុងការសម្រាប់ផលិត សម្រាំងធ្វើអាភៀនមាននៅគ្រប់ទិសទី ក្នុងដែនដីអាហ្កានីស្ថានផងដែរ!។

នៅពេលយប់ខ្លះ គេឃើញមានក្បួនរថយន្តកុងវ៉ យ៉ាងច្រើនរៀបពេញ ទៅដោយអាវុធ គ្រាប់រំសេវអាមេរិក ដោយរៀបជាជួរ ធ្វើដំណើរចេញពីទឹកដីប៉ាគីស្ថាន រត់ចូលជ្រៅ ទៅក្នុងដែនដីអាហ្កានីស្ថាន ហើយពេលត្រឡប់មកវិញ គរពេញទៅដោយដើមអាភៀន! ហើយដែលដើមអាភៀនទាំងនេះ ត្រូវបានដឹកត្រង់ ទៅកាន់រោងចក្រសិប្បកម្ម សម្រាប់ជាការកែច្នៃនិងផលិត! ហើយផលិតផលសម្រេចចុងក្រោយ គឺអាភៀន ត្រូវបានដឹកចេញ ទៅកាន់គ្រប់ទិសទី លើពិភពលោកនោះ!។ លោក Alfred Mccoy សាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Wisconsin របស់អាមេរិកបាននិយាយថា ដើម្បីជាការឧបត្ថម្ភ គាំទ្រ និងចិញ្ចឹមទៅដល់ដំណើរការ សង្រ្គាមមួយដ៏យូរអង្វែង យ៉ាងនេះ គឺពួកឧទ្ទាម Mujahideen ត្រូវស្វែងរកគ្រប់វិធី ដើម្បីជាអាជីព ក្នុងការទ្រទ្រង់ ចិញ្ចឹមទ័ពក្រៅអំពីអាវុធយុទ្ធភ័ណ្ឌ ដែលផ្គត់ផ្គង់ឱ្យដោយCIAនោះ! ដែលអាជីពទាំងនេះ គ្មានអ្វីងាយស្រួលនិងរកលុយ បានច្រើនជាងគេបំផុតនោះ គឺអាភៀននេះឯង!។

នៅក្នុងបណ្ដាទសវត្សរ៍៧០ អាហ្កានីស្ថានធ្លាប់ ជាប្រទេសដែលបានផលិតអាភៀន បាន១០០តោនក្នុងមួយឆ្នាំ ដល់ក្នុងបណ្ដាឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩០ គឺក្នុងរយៈពេលនៃសកម្មភាព មានការលូកដៃ ឃុបឃិតរបស់CIA គឺផលិតផល ក្នុងការផលិតគ្រឿងញៀន និងអាភៀន មានរហូតដល់២០០០តោន ក្នុងមួយឆ្នាំនោះ ដែលចំនួនអាភៀនទាំងនេះ ស្មើទៅនឹង៧៥% នៃចំនួនសកម្មភាពនៃការជួញដូរអាភៀន គ្រឿងញៀនមិនស្របច្បាប់ ដែលចរាចរនៅលើទូទាំង ពិភពលោកនោះ!។ តែជាអកុសល រហូតដល់ចុងឆ្នាំ១៩៩៩ បរិមាណនៃចំនួនគ្រឿងញៀន អាភៀន ជាប្រចាំឆ្នាំដែលផលិតនៅ អាហ្កានីស្ថាន បានកើនឡើងរហូតដល់៤៦០០តោនទៅវិញ!។ ចុងក្រោយពេលដែលពួកតាលីបង់ចាប់លេចធ្លោងើបឡើងប្រែក្លាយទៅជាអង្គការនយោបាយ និងយោធាមួយក្នុងការអាចគ្រប់គ្រងប្រទេសបាន ហើយត្រូវបានមតិសាធារណៈអន្តរជាតិយកចិត្តទុកដាក់ និងចាប់អារម្មណ៍ពេលដែលកម្លាំងតាលីបង់មានសកម្មភាពក្នុងការបង្រ្កាប និងបំបាត់នូវការផលិតគ្រឿងញៀន អាភៀនទាំងនេះនៅលើទឹកដីអាហ្កានីស្ថានមក!។

ព្រោះនៅឆ្នាំ២០០០ ពួកតាលីបង់ បានចេញបទបញ្ជាហាមប្រាម ក្នុងការដាំដុះដើមអាភៀន ដែលច្បាប់បញ្ញត្តិមួយនេះ បានធ្វើឱ្យសកម្មភាព ក្នុងការផលិតគ្រឿងញៀន មានការធ្លាក់ចុះ នៅត្រឹម១៨៥តោន/ឆ្នាំ! ទន្ទឹមទៅនឹងសកម្មភាព បំបាត់គ្រឿងញៀន ទាំងនេះ ក៏ធ្វើឱ្យពួកតាលីបង់មានការរំពឹងថា ក្រុងវ៉ាស៊ីនតោននឹងចូលរួមសាទរ ចំពោះយុទ្ធនាការលុបបំបាត់ការដាំដើមអាភៀនរបស់ពួកខ្លួន! តែពួកតាលីបង់ បានត្រឹមតែខកចិត្ត ដោយក្នុងការយល់ឃើញ របស់មជ្ឈដ្ឋានCIA ជាយុទ្ធសាស្រ្ត គឺមានការគិតគូរផ្សេង មិនដូចក្នុងការយល់ របស់ពួកតាលីបង់ ទាំងនេះនោះទេ!។

នៅឆ្នាំ២០០១ ក្រោយពីមានឧបទ្ទវហេតុ នៃការវាយប្រហារជាភេរវកម្ម មកលើអគារភ្លោះ Twin Towers ដោយកម្លាំងរបស់ពួកអ៊ីស្លាមនិយមជ្រុល Osama Bin-Laden មក! អាមេរិកហាក់បីមិនចាប់អារម្មណ៍មកលើការខិតខំប្រឹងប្រែងរបស់ពួកតាលីបង់ហើយមួយខែក្រោយពីថ្ងៃ៩ កញ្ញាមក ទាហានអាមេរិកត្រូវបានដាក់ពង្រាយ ចាប់មានសកម្មភាពយាមល្បាត ដើរកាត់ចំការដាំដើមអាភៀន ដ៏មហាសាលនៅលើទឹកដីអាហ្កានីស្ថាននេះទៅ!។

យោងតាមការវាយតម្លៃ របស់លោកសាស្រ្តាចារ្យ Alfred Mccoy គឺបន្ទាប់ពីមានការកាន់កាប់ ជាយោធារបស់កងកម្លាំង អាមេរិក នៅលើទឹកដីអាហ្កានីស្ថាន! ដែលវត្តមាន របស់កងទ័ពអាមេរិក ស្រាប់តែបានក្លាយទៅជាភាពអំណោយផលមួយ ក្នុងការពង្រីកវិសាលភាព ដីដាំដុះគ្រឿងញៀន ព្រមទាំងមានការពង្រីក ទីកន្លែងសិប្បកម្ម កែច្នៃ ផលិតគ្រឿងញៀន អាភៀន មានការរីកយ៉ាងផុសផុល នៅក្នុងទឹកដីអាហ្កានីស្ថាន ហើយចុងក្រោយបានប្រែក្លាយដែនដីនេះទៅជា អាណាចក្រគ្រឿងញៀនមួយយ៉ាងពិតប្រាកដនៅលើពិភពលោកនោះ!។ ព្រោះបើតាមការអះអាងរបស់លោក Mccoy គឺនៅក្នុងបណ្ដាឆ្នាំ២០១០ គ្រឿងញៀនបានរួមចំណែក ជាងពាក់កណ្ដាល GDP ទាំងមូលរបស់អាហ្កានីស្ថាន! ព្រោះបើយកតួលេខនេះ របស់ អាហ្កានីស្ថាន ទៅធ្វើការប្រៀបធៀប ទៅនឹងបណ្ដាឆ្នាំ ដែលមានសកម្មភាពផុសផុល នៃការជួញដូរគ្រឿងញៀន របស់ប្រទេសកូឡំប៊ី ក៏ប្រទេសមួយនេះរកបានត្រឹមតែ៣%នៃGDPរបស់កូឡំប៊ី តែប៉ុណ្ណោះ! មានន័យថាគ្រឿងញៀន នៅអាហ្កានីស្ថាន មានសភាពខ្លាំងក្លា ផុសផុលនិងរកស៊ី មានផលជាងការជួញដូរគ្រឿង ញៀននៅកូឡំប៊ីទៀត!។

ថ្មីៗនេះ អង្គការសហប្រជាជាតិ UN បានធ្វើការវាយតម្លៃថា មានប្រមាណ៦ ៣០០តោនអាភៀន ដែលត្រូវបានផលិត ជារៀងរាល់ឆ្នាំនៅអាហ្កានីស្ថាន លើផ្ទៃដីមួយដែលមានចំនួន ២២៤ ០០០ហិកតា ដែលវិសាលភាពផ្ទៃដីនេះស្មើទៅនឹង រដ្ឋ Rhode Island របស់អាមេរិកនោះ!។ ហើយជារឿងមួយដ៏ចម្លែក គឺក្នុងពេលដែល អាមេរិកខិតខំ ប្រឹងប្រែងអស់កម្លាំងកាយ សមត្ថភាព ដើម្បីធ្វើការបង្រ្កាបមកលើ ឧក្រិដ្ឋកម្មគ្រឿងញៀននៅកូឡំប៊ីឬនៅលើពិភពលោក ស្រាប់តែកម្លាំង របស់អាមេរិកហាក់បី ដូចជាព្រងើយកន្តើយ ពុំសូវបានយកចិត្តទុកដាក់! ឬសកម្មក្នុងការបង្រ្កាប កម្ចាត់មកលើ បណ្ដាសកម្មភាព គ្រឿងញៀននៅ អាហ្កានីស្ថានទៅវិញ!។ អ្នកនាំពាក្យរបស់អង្គការ NATO លោក James Appathurai ធ្លាប់បានធ្វើការបកស្រាយដោយពន្យល់ថា យើងពុំអាចលុបបំបាត់ នូវប្រភពចំណូលតែមួយគត់ នៅក្នុងប្រទេសមួយ ដែលនៅមានភាពក្រីក្របំផុតទី២ នៅលើពិភពលោកនេះ!ដោយពុំបានគិតគូរ យកចិត្តទុកដាក់ ដល់អាជីពរស់នៅ ក្នុងការប្រកបអាជីវកម្ម សម្រាប់ជីវិតរបស់គេនោះ(Sic)!។

James Appathurai

ជាតថភាព ពុំមែនឱ្យតែជាជនជាតិអាមេរិកអឺរ៉ុបទាំងអស់សុទ្ធតែ បានឯកភាពទៅនឹងអ្វីដែលជាទឡ្ហីករណ៍ ដែលពួក NATO ឬពួកអាមេរិក បានលើកឡើងនោះទេ! ដូចករណីលោក Matthew Hoh អតីតប្រធានកងរបស់ពួក Marines អាមេរិក ធ្លាប់បានសម្ដែងការមន្ទិលសង្ស័យថា…..ក្នុងករណី បើអាមេរិកបើកយុទ្ធនាការ បោសសម្អាតនិងកម្ទេចចំការដើមអាភៀនទាំងនេះ តាមការទម្លាក់គ្រាប់បែក ពីលើអាកាសនោះ គឺអ្នកដែលខាតបង់ ពុំមែនកម្លាំងពួកឧទ្ទាម អាហ្កានីស្ថាននោះទេ! គឺអាមេរិកនេះទេ ដែលជាអ្នកមានការខាតបង់ យ៉ាងដំណំនោះ!។ ដល់ឆ្នាំ២០០៩ នៅចំពោះមុខស្ថានភាពដ៏អាក្រក់ និងយ៉ាងអយុត្តិធម៌ទាំងនេះ កើតឡើងជាហូរហែ មិនចេះចប់នោះ បានធ្វើឱ្យលោក Hoh សម្រេចលាលែង ឈប់ពីការងារក្នុងមុខងារ ជាប្រធាន Foreign Office ប្រចាំនៅក្នុងខេត្ត Zabul របស់អាហ្កានីស្ថានទៅ សំដៅប្រឆាំងទៅនឹងការបន្តកាន់កាប់ និងវត្តមានជាយោធា របស់កងទ័ពអាមេរិក នៅលើទឹកដីនេះ!។

Matthew Hoh

ក្រោមរូបភាព និងឧបាយកលក្នុងប្រតិបត្តិការបង្រ្កាប និងកម្ទេចកម្លាំង ឧទ្ទាមអ៊ីស្លាមនិយមជ្រុល ពួក NATO ហាក់បីពុំសូវចាប់ អារម្មណ៍ យកចិត្តទុកដាក់ក្នុងការយាមល្បាត មកលើវាលចំការដាំដុះដើមអាភៀន ក៏ដូចជាមានការតាមដាន ស្វែងរកទីកន្លែងដែលជារោងសិប្បកម្មក្នុងការកៃច្នៃ ផលិតគ្រឿងញៀន អាភៀនឡើយ!។ ព្រោះរាល់សកម្មភាព ឬប្រតិបត្តិការយោធារបស់អាមេរិកនិងពួក NATO ហាក់បីមានចេតនាបណ្ដោយ និងការពារឱ្យមាន សកម្មភាពខុសច្បាប់ ទាំងនេះ ក្នុងផែនការយកការដាំដុះ ការផលិតនិងការជួញដូរគ្រឿងញៀនជាមធ្យោបាយមួយគត់ក្នុងការចិញ្ចឹមដល់កម្លាំងឧទ្ទាមអ៊ីស្លាមនិយមជ្រុលទាំងនេះ!ដូចដែលCIAរបស់អាមេរិក ធ្លាប់បានជួយដល់ពួកឧទ្ទាម ក្នុងការផ្ដួលរំលំរដ្ឋអំណាច Nicaragua ជួយដល់ពួកបះបោរ អ៊ីស្លាមក្នុងការអុកឡុក រដ្ឋាភិបាលអ៊ីរ៉ង់ ឬពួកឧត្តមសេនីយ៍ Vang Pao , Thieu  Ky ល.ល…!ដោយទន្ទឹមនេះលោក Hoh ក៏បានអះអាងថា ការជួញដូរគ្រឿងញៀននេះ បានប្រព្រឹត្តទៅក្រោមការឃុបឃិត របស់លោក  Ahmed Wali ដែលជាប្អូនបង្កើតរបស់លោក Hamid Karzai អតីតប្រធានាធិបតីអាហ្កានីស្ថាន ដែលគេដឹងថាWali ជាភ្នាក់ងារសម្ងាត់របស់CIAនោះ!។

តាមការអះអាង របស់លោក Hoh អ្នកដែលទទួល ផលលាភច្រើនជាងគេបំផុត ក្នុងមុខរបរ រកស៊ីជួញដូរគ្រឿងញៀនមួយនេះ គឺកម្លាំងរបស់ពួកតាលីបង់នេះឯង! ហើយដោយសារមានភាពធូររលុង ក្នុងការត្រួតពិនិត្យ កម្ចាត់គ្រឿងញៀន ទើបសកម្មភាពខុសច្បាប់មួយនេះ មានការរីកផុសផុល នាំដល់ការរកស៊ីមានបាន របស់ពួកឈ្មួញរួមទាំងកម្លាំងតាលីបង់ ធ្វើឱ្យពួកនេះមានលុយយ៉ាងច្រើន ក្នុងការទិញអាវុធ និងចិញ្ចឹមទ័ពឧទ្ទាម អស់រយៈកាលជាង២០ឆ្នាំ! ចេតនាធ្វើឱ្យតាលីបង់ ក្លាយទៅជាអង្គការនយោបាយ និងយោធាមួយក្នុងការតថ្លៃនយោបាយនៅលើតុចរចា និងការតថ្លៃនៅលើសមរភូមិជាមួយរដ្ឋាភិបាលក្រុងកាប៊ុល ដែលមានអាមេរិកនិង NATOនៅពីក្រោយនោះ!។ដែលជាហេតុបច្ច័យចម្បង ក្នុងការនាំឱ្យអាមេរិកបរាជ័យ និងសម្រេចដកទ័ពចេញ អស់ពីអាហ្កានីស្ថាននា ថ្ងៃទី៣១ សីហា ២០២១នេះ!។

ដើមអាភៀន និងចំការដាំដើមអាភៀន លើទឹកដីអាហ្កានីស្ថាន!

ដើមអាភៀន និងចំការដាំដើម អាភៀន ចាប់មានការរីកផុសផុលយ៉ាងខ្លាំង នៅគ្រប់តំបន់កណ្ដាល និងអាស៊ីខាងលិច ព្រមទាំងមានទីតាំងឈរជើង យ៉ាងរឹងមាំនៅលើទឹកដីអាហ្កានីស្ថាន ដែលជាពិសេស នៅក្នុងបណ្ដាខេត្ត ភាគខាងត្បូង ដូចជាHelmand ជាកន្លែងប្រសព្វជួបគ្នារវាងព្រំដែននៃប្រទេសទាំងបី ប៉ាគីស្ថាន អ៊ីរ៉ង់ និង អាហ្កានីស្ថាននោះ! ហើយដែលនៅទីនេះ មួយភាគធំនៃប្រព័ន្ធស្រោចស្រពទឹក នៅក្នុងខេត្ត Helmand ជាជំនួយឧបត្ថម្ភដោយអង្គការ USAID ដែលអ្នកទាំងអស់ បានដឹងថាUSAID នេះ ជាអង្គការមួយធ្វើសកម្មភាព មិនចេញមុខ របស់CIA នេះឯង!។ ជារួម កសិករប្រមូលផល ដោយយកជ័រពីដើមអាភៀន រួចបានដឹកជញ្ជូនជ័រអាភៀនទាំងនេះ ទៅតាមវិធីមួយដែលគេឱ្យឈ្មោះថា ផ្លូវលំខាងត្បូង ដែលផ្លូវលំនេះ បានរត់ឆ្លងកាត់ដែនដីប៉ាគីស្ថាននិងអ៊ីរ៉ង់ ចេញទៅក្រៅប្រទេសទៅកាន់ពិភពលោកទាំងមូល ដែលមានប្រភពដើមចេញ ពីកន្លែងទាំងនេះ!។

យោងទៅតាមរបាយការណ៍របស់ UN គឺចាប់តាំងពីបណ្ដាឆ្នាំ២០០៥ រហូតដល់បណ្ដាឆ្នាំ២០១៥ ចំនួនមនុស្សដែលញៀនថ្នាំ នៅអាហ្កានីស្ថាន បានកើនឡើងពី៩០ម៉ឺននាក់ រហូតដល់២,៤លាននាក់ មានន័យថា ក្នុងគ្រួសារ នឹងមានគ្រួសារមួយ ជាប់ពាក់ព័ន្ធទៅនឹងការញៀនថ្នាំ!។ ហើយក្នុងពេល ដែលអាហ្កានីស្ថានបានផលិតនូវកញ្ឆា និងម៉ាទឹកកក មួយចំនួនធំ (Methamphetamine)និងថ្នាំបំបាត់ការឈឺចាប់ (Opioid) ដែលប្រភេទថ្នាំទាំងនេះ ត្រូវបានប្រើប្រាស់ ក្នុងចំណោម៩%នៃយុវជន រួមទាំងកុមារជាច្រើនផង បានញៀនថ្នាំទាំងនេះ!។

តែបើយោងទៅតាមសាស្រ្តាចារ្យ Julien Mercille ដែលលោកបានសរសេរសៀវភៅ មួយស្ដីពី ការធ្វើអន្តរាគមន៍របស់អាមេរិក មកលើគ្រឿងញៀន នៅអាហ្កានីស្ថាន ដោយលោកបានធ្វើការ ព្រមានថា ការប្រើប្រាស់គ្រឿងញៀន ដោយវិធីចាក់សឺរ៉ាំង គឺជាហេតុដ៏ចម្បងមួយក្នុងការនាំឱ្យមានការឆ្លងរោគ HIVAids ដោយទម្លាប់ប្រើសឺរ៉ាំង រួមគ្នាតែមួយ! ហើយក្នុងរយៈពេល២០ឆ្នាំ នៃការកាន់កាប់ ជាយោធារបស់កងកម្លាំងអាមេរិក ចំនួនប្រជាជន អាហ្កានីស្ថានដែលរស់នៅក្រោមបន្ទាត់ក្រីក្រ មានពី៩,១លាននាក់ក្នុងឆ្នាំ២០០៧ កើនឡើងទៅដល់១៩,៣លាននាក់ នៅក្នុងឆ្នាំ២០១៦! ហើយបើយោងទៅតាមការស្ទង់មតិរបស់ Gallup នាពេលថ្មីៗនេះបានអះអាងថា ជនជាតិអាហ្កានីស្ថានជាជនជាតិមួយ ដែលមានភាពទុក្ខសោកជាងគេបំផុតនៅលើពិភពលោកនេះ ដោយក្នុង១០នាក់ត្រូវបានសួរ ក្នុងនោះមានមនុស្ស៩នាក់បានឆ្លើយថា Very Upset in life ឥតសប្បាយចិត្តសោះក្នុងជីវិតនេះ!។

ជារួម បណ្ដាសកម្មភាពខុសច្បាប់ មិនប្រក្រតីរបស់ពួក CIA នៅអាហ្កានីស្ថាន ដែលយ៉ាងហោចណាស់ក៏បានធ្វើឱ្យប្រទេសភូមិផងប៉ាគីស្ថាន រងឥទ្ធិពលយ៉ាងអវិជ្ជមានច្រើនផងដែរ! ដោយលោកសាស្រ្តាចារ្យ McCoy បានបង្ហាញតួលេខថា នៅចុងទសវត្សរ៍ ១៩៧០ មានប្រជាជនប៉ាគីស្ថាន តិចណាស់ ដែលញៀនថ្នាំ!តែនៅក្នុង បណ្ដាឆ្នាំ២០០០ នៅក្នុងរបាយការណ៍ផ្លូវការ របស់រដ្ឋាភិបាលប៉ាគីស្ថានបានបង្ហាញឱ្យឃើញថា មានប្រជាពលរដ្ឋ ប្រមាណ១,៥លាននាក់់ ជាប់ពាក់ព័ន្ធទៅនឹងសារធាតុញៀន!ដែលឧបទ្ទវហេតុមួយនេះ បានរុញឱ្យប្រទេសពីរនេះ ប៉ាគីស្ថាននិងអាហ្កានីស្ថាន ធ្លាក់ទៅក្នុង រ៉ាដានៃមជ្ឈមណ្ឌលស្នូលនៃការជួញដូរ ផលិតគ្រឿងញៀន លើពិភពលោកនេះទៅ!

ជាតថភាព នៅក្នុងរបាយការណ៍រួមមួយ របស់UN នាឆ្នាំ២០១៣ ដែលបានវាយតម្លៃថា មានប្រជាជនប៉ាគីស្ថានប្រមាណ៧លាននាក់ បានប្រើប្រាស់គ្រឿងញៀន ដែលក្នុងនោះមានប្រជាជន៤,២៥លាននាក់ត្រូវការព្យាបាលជាបន្ទាន់ និងមានមនុស្សប្រហែល២,៥លាននាក់បានប្រើប្រាស់ Heroin &Opioid ជាប្រចាំនោះ!ដែលក្នុងនោះមានមនុស្ស៧០០នាក់ បានស្លាប់ជារៀងរាល់ថ្ងៃ ដោយការប្រើប្រាស់គ្រឿងញៀន ហួសកម្រិត!។

បើនៅអ៊ីរ៉ង់វិញ មានអ្នកប្រើប្រាស់ សារធាតុញៀន Opioid ក្នុងតួលេខប្រមាណ ៣លាននាក់។ ចំនួនភូមិ ស្រុក និងខេត្តដែលស្ថិតនៅជាប់គ្នា រវាងព្រំដែនប្រទេសទាំងពីរ អ៊ីរ៉ង់ និងប៉ាគីស្ថានដែលគ្រឿងញៀន ក្នុង១ក្រាម គេអាចទិញក្នុងតម្លៃ ៥០សេន ដែលហេតុការណ៍ទាំងនេះ បានរុញប្រទេសនេះ ក្លាយទៅជា ទីកន្លែងនៃចំនួន អ្នកញៀនគ្រឿងញៀន ច្រើនជាងគេបំផុតនៅលើពិភពលោកនោះ!។ នយោបាយ យកគ្រឿងញៀន ធ្វើជាមធ្យោបាយចិញ្ចឹម កម្លាំងពួកឧទ្ទាមអ៊ីស្លាមនិយមជ្រុល របស់អាមេរិកនៅមជ្ឈឹមបូព៌ា បានធ្វើឱ្យមនុស្សមួយក្រុម កាន់តែរកស៊ីមានបាន ដ៏មហាសាល! ដែលក្នុងពេលនោះ យុទ្ធវិធី និងគោលនយោបាយយកគ្រឿងញៀន ធ្វើជាឧបករណ៍ សម្រាប់សម្លាប់សក្តានុពល របស់ជាតិមួយ!បានធ្វើឱ្យប្រជាពលរដ្ឋ ស្លូតត្រង់ រាប់លាននាក់ធ្លាក់ទៅក្នុងភាពក្រីក្រ ញៀនថ្នាំដោយពុំមានវិធីណាមួយ អាចជួយស្រោចស្រង់បានឡើយ!។

ការរីករាលដាល នៃដំណើរការផលិតគ្រឿងញៀន ក៏បានធ្វើឱ្យពិភពលោករអិលធ្លាក់ ទៅក្នុងគ្រោះមហន្តរាយមួយធ្ងន់ធ្ងរផងដែរ! ព្រោះបើយោងទៅតាមរបាយការណ៍របស់ UN គឺគ្រាន់តែក្នុងរយៈពេល១០ឆ្នាំសោះ មានអ្នកស្លាប់ដោយការប្រើប្រាស់ជាតិOpioid ឡើងរហូតដល់ចំនួន៧១% លើពិភពលោក។ ដែលក្នុងនោះ មានជនជាតិអាមេរិក ដែលបានស្លាប់ ដោយការប្រើប្រាស់គ្រឿងញៀន ក្នុងការហួសកម្រិត មានប្រមាណ៨៤១ពាន់នាក់ស្លាប់ ចាប់តាំងពីមានដំណើរការ សង្រ្គាមចាប់ផ្ដើមនៅអាហ្កានីស្ថាន មក! ហើយគ្រាន់តែក្នុងឆ្នាំ២០១៩ មានជនជាតិអាមេរិកស្លាប់ដោយសារជាតិញៀនជាងម៉ឺននាក់! ដោយអំណាចរបស់ឃាតករលាក់មុខ គឺសារធាតុ Opioid នេះឯង!។ កងកម្លាំងប្រឆាំងគ្រឿងញៀន DEA របស់អាមេរិកបានប្រកាសថា មួយភាគធំOpioid ដែលខុសច្បាប់នៅអាមេរិក សុទ្ធតែត្រូវបានដាំដុះ និងមានប្រភពចេញពីតំបន់អាមេរិកឡាទីនទាំងអស់!។

មានការទាក់ទង ឃុបឃិតជាមួយពួកមេក្លោង ក្នុងការដាំដុះ និងផលិតគ្រឿងញៀន របស់អាមេរិក!

អ្នកកាន់អំណាចរបស់អាមេរិកធ្លាប់មាន ប្រវត្តិដ៏ខ្មៅងងឹត ក្នុងការពាក់ព័ន្ធ ដោយផ្ទាល់ទៅនឹង ការជួញដូរ រកស៊ីគ្រឿងញៀននៅលើពិភពលោក!។ ជាក់ស្ដែង នៅកូឡំប៊ី អាមេរិកបានជួបធ្វើការ ជាមួយប្រធានាធិបតី Alvaro Uribe ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង ទៅនឹងគ្រឿងញៀន អន្តរជាតិ (តែក្នុងឯកសារសម្ងាត់ផ្ទៃក្នុង របស់អាមេរិកបានអះអាងថា បុគ្គល Uribe នេះ គឺជាមេក្លោងម្នាក់ ក្នុងចំណោមមេក្លោងដ៏ល្បី!ព្រោះ Uribe គឺជាភ្នាក់ងារសម្ងាត់ម្នាក់ ក្នុងខ្សែរយៈគ្រឿងញៀននៅ Medellin និងក៏ជាមិត្ តដ៏ជិតស្និទម្នាក់របស់មេធំគ្រឿងញៀន Pablo Escobar នោះផងដែរ!។ ដោយក្នុងការឈរឈ្មោះបោះឆ្នោត ទាំងពីរលើកក្នុងឆ្នាំ២០០២ និងក្នុងឆ្នាំ២០០៦ គឺ Alvaro Uribe បានប្រើប្រាស់លុយ ដែលបានមកពីការជួញដូរ គ្រឿងញៀន យកមកចំណាយ ដើម្បីរកសំឡេងឆ្នោត គាំទ្រនោះ!។

Alvaro Uribe and Pablo Escobar

ក្រៅពីនេះ ឧត្តមសេនីយ៍ Manuel Noriega ក៏ជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទ និងសំខាន់ម្នាក់ របស់អាមេរិក! អស់រយៈកាលជាច្រើនឆ្នាំ ជនកំណាចផ្ដាច់ការ Noriega ជាតិ Panama មួយនេះបានស្ថិតនៅក្នុងក្របខណ្ឌ របស់ CIA  ដែលទោះបីជាCIA បានដឹងយ៉ាងច្បាស់ថា Noriega នេះមានការពាក់ព័ន្ធទាក់ទង ដល់ការរកស៊ី ជួញដូរគ្រឿងញៀន ក្នុងបណ្ដាឆ្នាំ១៩៧២ មកម្ល៉េះ!ដល់ពេលដែល Noriega លែងស្ដាប់ម្ចាស់បានក្លាយទៅជាជនកំណាច ផ្ដាច់ការរបស់Panamaតាំងពីបណ្ដាឆ្នាំ១៩៨៤ ហើយក៏បានចេញមុខប្រឆាំង ទៅនឹងផលប្រយោជន៍ របស់អាមេរិក នៅក្នុងតំបន់នេះផង!ទើបអាមេរិកបានសម្រេចឈប់លេងកូនអុកមួយនេះទៀត ដោយធ្វើការឈ្លានពានPanama និងចាប់ខ្លួនNoriega! ព្រមទាំងបានប្រកាសដាក់គុក៤០ឆ្នាំក្នុងទោសរត់ពន្ធគ្រឿងញៀន ដែលមុនអ្នកសង្កេតការណ៍អន្តរជាតិបានដឹងថា Manuel Noriega ទទួលប្រាក់ខែ ជាប្រចាំពីCIAនោះ!។

Manuel Noriega

ក្នុងរឿងអាស្រូវនេះផងដែរ លោក Garry Webb ធ្លាប់បានបើកបង្ហាញនូវអំពើ របស់CIA ក្នុងការយកលុយកខ្វក់ ទៅជួយពួកឧទ្ទាមទ័ពព្រៃ ក្នុងការវាយប្រហារ មកលើរដ្ឋាភិបាលស្របច្បាប់ Nicaraqua ដោយលុយទាំងនេះ បានមកពីការជួញដូរ គ្រឿងញៀន ក្នុងទូទាំងប្រទេសអាមេរិក ក្នុងតំបន់ពួកស្បែកខ្មៅ ក្រោមការដឹកនាំ ចាត់ចែងរបស់មេក្លោងគ្រឿងញៀន Rick Ross ជាតិអាមេរិកនោះ!។ រហូតដល់ពេលនេះ រដ្ឋាភិបាលអាមេរិក នៅតែបន្តការឧបត្ថម្ភ គាំទ្រដល់ប្រធានាធិបតី Honduras លោក Juan Orlando Hernandez  ដែលទោះបីអាមេរិក បានដឹងយ៉ាងច្បាស់ថា Hernandez   មានទំនាក់ទំនងជាមួយអ្នករត់ពន្ធ Cocaine ក៏ដោយ!។ ព្រោះនៅដើមឆ្នាំ២០២១ តុលាការរបស់អាមេរិក បានប្រកាសកាត់ទោស មួយជីវិតសម្រាប់ឈ្មោះ Tony ដែលមនុស្សនេះជាប្អូនបង្កើតរបស់ប្រធានាធិបតី Hernandez នោះ!ដែលក្នុងពេលនោះ Hernandez ក៏ជាជនម្នាក់ មានការពាក់ព័ន្ធ ទៅនឹងការជួញដូរគ្រឿងញៀននេះផងដែរ! បែរទៅជាឥតមានទោសអ្វីទាំងអស់!។ ជាតថភាព ការប្រើប្រាស់គ្រឿងញៀន និងផលលាភចំណេញ ដែលបានមកពី ការជួញដូរ គ្រឿងញៀន ហើយយកទៅជួយដល់ បណ្ដាសកម្មភាពប្រឆាំងទៅនឹង ពួករដ្ឋាភិបាលស្របច្បាប់ទាំងឡាយ ក្នុងគោលដៅបម្រើឱ្យផែនការ យុទ្ធសាស្រ្តរបស់ពួកចក្រពត្តិ អាណានិគម គឺជាការងារប្រចាំថ្ងៃ របស់ពួកឈ្លានពាន លោកខាងលិច អស់រាប់សតវត្សរ៍មកហើយនោះ ដែលពុំមែនជារឿង ចម្លែកសោះឡើយ!។

ក្នុងបរិបទមួយនេះ ក្នុងសម័យកាលរបស់សង្រ្គាមនៅឥណ្ឌូចិន លើកទី និងក្នុងដំណើរការ ដោយឡែកក្នុងការធ្វើសង្រ្គាម នៅលើប្រទេសបី កម្ពុជា ឡាវ វៀតណាម គឺសហរដ្ឋអាមេរិក បានប្រើយុទ្ធវិធីនេះទាំងអស់ សំដៅជាការគ្រប់គ្រង ត្រួតត្រាមកលើហ្វូង ឧត្តមសេនីយ៍ដែលល្មោភអំណាច និងលុយរបស់ប្រទេសទាំងនេះ ដែលហេតុការណ៍ ជាក់ស្ដែងទាំងឡាយ បានលាតត្រដាង យ៉ាងច្បាស់នៅក្នុងកម្រងឯកសារស្ដីពី The Secret Army , Secret War,សរសេរដោយ Sedgwick Tourison និងDrug Smuggling , Army and CIA involvement in the USA!។

ឆ្ងាយជាងនេះទៅទៀត ពួកចក្រពត្តិអង់គ្លេស ក៏ធ្លាប់បានប្រើប្រាស់ គ្រឿងញៀនធ្វើជាមធ្យោបាយ ដើម្បីទូទាត់ក្នុងផែនការកាន់កាប់ ត្រួតត្រាមកលើសេដ្ឋកិច្ចចិន! ដោយពួកអង់គ្លេស មានការស្រេកឃ្លានហួសហេតុពេក អំពីតែចិន (Chinese Tea)ដោយពួកអង់គ្លេសនេះ ចាប់ផ្ដើមធ្វើឱ្យប្រទេសចិនធ្លាក់ ទៅក្នុងភាពក្រីក្រ ព្រោះដោយការរកស៊ី ជាមួយចិន គឺចិនទាមទារទទួលយក ការទូទាត់ជាមាស និងប្រាក់ប៉ុណ្ណោះ ដោយមិនព្រមយកលុយ ជាក្រដាសឡើយ! ដូច្នោះ ក្នុងហេតុផលមួយនេះ ពួកចក្រពត្តិអង់គ្លេស បានប្រើប្រាស់កងទ័ពជើងទឹករបស់ខ្លួន គំរាមកំហែងចាប់បង្ខំចិនឱ្យផ្ដល់ដីហុងកុង មកឱ្យអង់គ្លេសគ្រប់គ្រង ទើបចាប់តាំងពីពេលនោះមក បានធ្វើឱ្យចិន ពោរពេញទៅដោយអាភៀន គ្រឿងញៀន ដែលមានដើមកំណើតចេញ ពីតំបន់អាស៊ីខាងត្បូង ដែលដាំដុះដោយកម្លាំង កងទ័ពអាណានិគមរបស់អង់គ្លេស សំដៅបំផ្លាញទឹកចិត្ត ស្មារតីរបស់ប្រជាជនទាំងអស់ កុំឱ្យគិតគូរអំពីវត្តមាន របស់ពួកចក្រពត្តិអង់គ្លេស និងពុំមានកម្លាំងស្មារតី តស៊ូទៀត!។

ឥទ្ធិពលដ៏អាក្រក់ ពីសង្រ្គាមអាភៀននៅលើទឹកដីចិន ដែលក្នុងបណ្ដាឆ្នាំ១៨៨០ ជារៀងរាល់ឆ្នាំ ពួកអង់គ្លេស បាននាំអាភៀនចូលចិនមានចំនួន ម៉ឺនតោន(មានរាប់ពាន់លានដូស) បង្កបង្កើតឱ្យមានសភាពការណ៍ ក្រឡាប់ចាក់ទាំងមូលចំពោះសង្គម សេដ្ឋកិច្ចរបស់ប្រទេសចិននាពេលនោះមានសភាព យ៉ាងធ្ងន់ធ្ងរអាក្រក់បំផុត! ដោយឡែក ចំពោះនៅឥណ្ឌា ប៉ាគីស្ថាន និងភូមាវិញ ពួកអាណានិគមអង់គ្លេស បានចាប់បង្ខំឱ្យប្រជាកសិកររបស់ប្រទេសបីនេះ ដាំដុះចំការអាភៀន ដោយបង្កើតឱ្យមានស្ថានភាព ទុរភិក្សអត់ឃ្លានយ៉ាងព្រៃផ្សៃបំផុត ពុំដែលមានឡើយ!។

លោកសាស្រ្តាចារ្យ Julien Mercille បានធ្វើការទិះទៀនយ៉ាងខ្លាំងក្លា មកលើកងទ័ពនិង CIA អាមេរិក ដោយចោទពួកនេះ ត្រូវមានការទទួលខុសត្រូវ យ៉ាងធំក្នុងការធ្វើឱ្យមានការផលិត អាភៀន គ្រឿងញៀន មានការរីករាលដាលខ្លាំង នៅអាហ្កានីស្ថាន!។ ព្រោះក្រោយពីមានព្រឹត្តិការណ៍ថ្ងៃ១១ កញ្ញា អាមេរិក បានឃុបឃិត ជាមួយពួកមេក្លោង និងមជ្ឈដ្ឋានអ្នកនយោបាយ ឱកាសនិយម នៅក្នុងតំបន់បានដើរតួយ៉ាងសំខាន់ និងជាសម្ព័ន្ធមិត្តដាច់ថ្លៃ របស់អាមេរិក និងពួកNATO ទើបពួកនេះ គេចបានពីការតាមចាប់ខ្លួន និងមិនត្រូវបានថ្កោលទោសដោយទោះបី សកម្មភាពរបស់ពួកនេះ មានការពាក់ព័ន្ ធដល់ការជួញដូរគ្រឿងញៀន ក៏ដោយនោះ!។ អាហ្កានីស្ថានម្ដងទៀតបានធ្លាក់ ទៅក្នុងជ្រោះមរណៈ នៃការផលិតនិងជួញដូរគ្រឿងញៀន ដែលមានប្រជាពលរដ្ឋ រាប់លាននាក់រស់ ក្នុងទុក្ខវេទនា ដែលទន្ទឹមនេះក៏មានមនុស្សមួយចំនួនធំផងដែរ រស់ក្នុងភាពសំបូរមានបានពីការរត់ពន្ធគ្រឿងញៀន ហើយភ្លើងសង្រ្គាម បន្តឆាបឆេះរហូតមកដល់ ថ្ងៃនេះនោះ!។

តាលីបង់ បានលុយពីណាមក រាប់សិបលានដុល្លារ!

តំបន់ណា! ដែនដីណាដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ កម្លាំងតាលីបង់ នឹងត្រូវបានស្នើឱ្យបង់ពន្ធ! តាំងពីក្រុមហ៊ុនដឹកជញ្ជូន រហូតដល់ការជួញដូររកស៊ី អាជីវកម្មធំៗ ទន្ទឹមនេះពួកតាលីបង់ ក៏ទទួលលុយជាជំនួយ ពីប៉ាគីស្ថាននិងប្រទេសអារ៉ាប់ មួយចំនួនក្នុងតំបន់Persique នោះ!។ ជារួមលុយទាំងនេះពួកតាលីបង់ក្នុងមួយឆ្នាំ ទទួលបានជាង១,៥កោដិដុល្លារអាមេរិកជាប្រចាំ!។

អាជីវកម្ម ជាចម្បងរបស់តាលីបង់ គឺគ្រឿងញៀន!

ក្នុងករណីបើពុំមាន ការដាំដើមអាភៀន និងការផលិតគ្រឿងញៀន ទៀត! អាហ្កានីស្ថានលែង ត្រូវបានដាក់ឈ្មោះហៅថា អាហ្កានីស្ថានទៀត!។ ជាការពិត អ្នកកាន់អំណាច របស់អាហ្កានីស្ថាន ក្នុងគ្រប់ជំនាន់ តែងតែសន្យាថា លែងដាំដើមអាភៀន និងផលិតគ្រឿងញៀនទៀត! ព្រោះក្នុងបណ្ដាឆ្នាំ២០០០ ដោយចង់បានការទទួលស្គាល់ នៅលើឆាកអន្តរជាតិ គឺជនជាតិអារ៉ាប់ ដែលកាន់សាសនា អ៊ីស្លាមទាំងអស់ ត្រូវបានហាមប្រាម ក្នុងការមិនឱ្យដាំដើមអាភៀន!ហើយរាល់ចំការ ដែលដាំដើមអាភៀននោះ ត្រូវបានបំផ្លាញ កម្ទេចចោល! ពេលនោះ បណ្ដាសកម្មភាពខុសច្បាប់ ក្នុងការដាំដើមអាភៀន និងការរត់ពន្ធ ជួញដូរគ្រឿងញៀន លែងឃើញមានការរីកផុសផុលខ្លាំងក្លាមែន!។ ក៏ប៉ុន្តែ ពេលដែលកងទ័ព អាមេរិកចូលកាន់កាប់ អាហ្កានីស្ថាន ពួកឧទ្ទាមអ៊ីស្លាមនិយមជ្រុល បាត់អំណាច និងគ្មានមូលដ្ឋាន ឈរជើង ក៏ប៉ុន្តែបែរទៅជាសកម្មភាព ជួញដូរគ្រឿងញៀន ហេរ៉ូអ៊ីន និងមេតំហ្វេតាមីន ស្រាប់តែមានភាពរីករាលដាល សកម្មផុសផុលជាងមុនទៅវិញ!។

អង្គការ United Nations Office on Drugs and Crimes UNODC របស់UN បានចំណាត់ថ្នាក់អាហ្កានីស្ថាន ថាជាប្រទេសដែលបានផលិតគ្រឿងញៀន ច្រើនជាងគេបំផុត នៅលើពិភពលោកនេះ! ហើយបើតាមការវាយតម្លៃរបស់ UNODC គឺបណ្ដាសកម្មភាពជួញដូរ រត់ពន្ធគ្រឿងញៀនក្នុងមួយឆ្នាំ បាននាំមកនូវ ចំណូលប្រមាណ ៤០០លានដុល្លារអាមេរិក សម្រាប់ពួកតាលីបង់នេះ!។

មានប្រភពចំណូលផ្សេងទៀត ជាច្រើនសម្រាប់តាលីបង់!

Mullah Mohammed Yakub ដែលជាកូនរបស់បិតាស្ថាបនិក ឡើងតាលីបង់ គឺ Mullah Omar បានធ្វើការអំពាវនាវ ឱ្យមាន វិធីផ្សេងទៀតក្នុងការរកលុយ ចិញ្ចឹមកងទ័ពតាលីបង់! ដោយពួកនេះចាប់ផ្ដើមវាយកាន់កាប់ មកលើបណ្ដាតំបន់ដែលសំបូរ ទៅដោយសម្បត្តិធម្មជាតិ រ៉ែ ជាដើម!។

ជាការពិត អាហ្កានីស្ថាន ជាដែនដីមួយដែលមានសម្បត្តិធម្មជាតិ ប្រកបទៅដោយ ភាពមហាសាល រួមមានទាំងរ៉ែមាសផង។ដែលតាមការវាយតម្លៃ របស់ពួកអ្នកជំនាញការ អន្តរជាតិ គឺធនធានរ៉ែទាំងនេះ បើគិតជាទឹកលុយមានរហូតដល់រាប់ពាន់ កោដិដុល្លារអាមេរិកនោះ! ដោយមានរ៉ែខ្លះ គឺនៅថ្មីទាំងអស់ ឥតទាន់បានធ្វើអាជីវកម្ម ហើយតំបន់រ៉ែណា ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់កម្លាំងឧទ្ទាមតាលីបង់ គឺពួកនេះជាមធ្យមរកបានពីការបង់ពន្ធមានប្រមាណ៤០០លានដុល្លារ/ឆ្នាំ!ហើយបើតាមតួលេខរបស់ទស្សនាវដ្ដី The Financial Times គឺអតិថិជនសំខាន់ក្នុងការទិញរ៉ែទាំងនេះ គឺមកពីចិន ប៉ាគីស្ថាន និង UAE។ ក្រៅពីចំណូលទាំងនេះ តាលីបង់ក៏ទទួលបាន ការជួយឧបត្ថម្ភ គាំទ្រពីប្រភពខាងក្រៅ ដែលមានទឹកប្រាក់ប្រមាណ៥០០លានដុល្លារអាមេរិក ដែលក្រៅពីប៉ាគីស្ថានចេញ មានពួកប្រទេសQatar , Saudi Arabia , UAE ល.ល!។

តើអាហ្កានីស្ថាន ផលិតអាភៀន បានប៉ុន្មានទាំងអស់!

ពួកតាលីបង់ បានប្រកាសថា ការដាំដុះដើមអាភៀននឹងត្រូវបញ្ចប់ ហើយការរត់ពន្ធ ជួញដូរគ្រឿងញៀនខុសច្បាប់នឹងត្រូវឈប់ជាស្ថាពរ ពេលដែលតាលីបង់ ឡើងកាន់អំណាច!

ព្រោះទោះបីជាបរិមាណ អាភៀនមានការធ្លាក់ចុះ ក្នុងបណ្ដាឆ្នាំ២០០១ ក៏ដោយ! តែពេលដែលពួកតាលីបង់នេះ វិលមកគ្រប់គ្រងអាហ្កានីស្ថាន គឺសកម្មភាពនៃការដាំដុះ រត់ពន្ធគ្រឿងញៀន ក្នុងតំបន់ដែលស្ថិតនៅក្រោម ការត្រួតត្រារបស់ពួកឧទ្ទាម តាលីបង់ ចាប់មានការរីកផុសផុល ឡើងវិញ!។

អាហ្កានីស្ថាន គឺជាដែនដីមួយដែលបានដាំដុះ និងផលិតគ្រឿងញៀន ច្រើនជាងគេបំផុត នៅលើពិភពលោក នេះបើតាមការអះអាងរបស់ អង្គការ UNODCរបស់សហប្រជាជាតិនោះ!។ ព្រោះចំនួនដើមអាភៀន របស់អាហ្កានីស្ថាន ដាំដុះ មាន៨០% ជាប្រភពផ្គត់ផ្គង់ មកលើពិភពលោក! ហើយសម្រាប់តែឆ្នាំ២០១៨ អង្គការ UNODC បានធ្វើការប៉ាន់ស្មានថា គ្រឿងញៀន បាននាំមកនូវចំណូលជាតិ ប្រមាណ១១% នៃខឿនសេដ្ឋកិច្ច របស់អាហ្កានីស្ថាន!។

ដើមអាភៀន ដែលតាលីបង់ បានដាំ!

ដំបូងឡើយ ដីដែលដាំដើមអាភៀន កើនឡើងយ៉ាងឆាប់រហ័ស ក្រោមសម័យកាល គ្រប់គ្រងរបស់តាលីបង់ ពីប្រហែល៤១ ០០០ហិកតា ក្នុងបណ្ដាឆ្នាំ១៩៨៨ ឡើងរហូតដល់ទៅ៦៤ ០០០ហិកតា នៅក្នុងបណ្ដាឆ្នាំ២០០០ នេះបើតាមការបញ្ជាក់ របស់ក្រសួងការបរទេស អាមេរិកនោះ!។

ជារួម ដើមអាភៀនមួយភាគធំ ត្រូវបានដាំដុះ នៅក្នុងខេត្ត Helmand ដែលជាខេត្តមួយស្ថិតនៅក្រោមការត្រួតត្រា កាន់កាប់ទៅដោយពួកតាលីបង់។ ដល់ឆ្នាំ២០២០ ខេត្ត Helmand ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្កានីស្ថាននោះ ត្រូវបានក្លាយទៅជាខេត្តមួយដែលមានវិសាលភាពផ្ទៃដីក្នុងការដាំដុះដើមអាភៀនច្រើនជាងគេបំផុត ក្រោមការគ្រប់គ្រងរបស់តាលីបង់!។

តាលីបង់ រកលុយបានយ៉ាងច្រើន ពីផលអាភៀននេះ!

ការដាំដើមអាភៀន គឺជាប្រភពមួយ ដែលស្រូបយកកម្លាំងពលកម្ម ច្រើនជាងគេបំផុត នៅអាហ្កានីស្ថាន! ព្រោះនៅឆ្នាំ២០១៩ ការប្រមូលផលដើមអាភៀន បានត្រូវការកម្លាំងពលកម្មប្រមាណ ១២០ ០០០នាក់ ដែលនេះជាតួលេខបញ្ជាក់ពីអង្គការUNODC។ ដោយឡែក ពួកតាលីបង់ រកចំណូលបានមកពីការ ដាំដើមអាភៀន ការយកអាភៀនទៅកែច្នៃ និងការជួញដូរអាភៀន ដែលសកម្មភាពទាំងអស់នេះ ត្រូវបង់ពន្ធជូនតាលីបង់ទាំងអស់! ហើយបើកសិករវិញ ក្នុងករណី ដែលគ្រួសារនោះដាំដើមអាភៀន គឺត្រូវបង់ពន្ធជូនតាលីបង់ក្នុងកម្រិត ១០%ទាំងអស់ ដែលនេះជាព័ត៌មានពីក្រសួងការបរទេសអាមេរិក! ក្រៅពីនេះ ការយកពន្ធនេះក៏ត្រូវយកពីបណ្ដារោងសិប្បកម្ម កែច្នៃគ្រឿងញៀន ឱ្យទៅជាហេរ៉ូអ៊ីន ក៏ដូចជាការយកហេរ៉ូអ៊ីន ទាំងនេះទៅលក់ផងដែរ!។

លោក John Nicholson មេបញ្ជាការកងទ័ព អាមេរិកដែលបានសរសេរ នៅក្នុងរបាយការណ៍ពិសេស ស្ដីពីការកសាងអាហ្កានីស្ថាន ឡើងវិញក៏បានអះអាងថា លុយដែលបានមកពីការជួញដូរគ្រឿងញៀន មានប្រហែលជា៦០%នៃចំណូលប្រចាំឆ្នាំរបស់តាលីបង់!។

John Nicholson

គ្រឿងញៀនទាំងអស់នេះ ធ្វើដំណើរទៅទីណាខ្លះ!

ហេរ៉ូអ៊ីន ដែលបានផលិតចេញ ពីដើមអាភៀន ដែលដាំនៅអាហ្កានីស្ថានមានចំនួន៩៥% បានធ្វើដំណើរទៅកាន់ទីផ្សារអឺរ៉ុប! ក្រៅពីនេះ ក៏មាន១%នៃប្រភពហេរ៉ូអ៊ីន ពីអាហ្កានីស្ថានចូល ទៅទីផ្សារអាមេរិកផងដែរ! ក៏ប៉ុន្តែ ហេរ៉ូអ៊ីនមួយភាគធំដែលចែកចាយ ប្រើប្រាស់នៅលើទឹកដីអាមេរិកគឺមានប្រភពមកពី Mexico ទាំងអស់!។

ចាប់តាំងពីបណ្ដាឆ្នាំ២០១៧ ដល់២០២០ មាន៩០%នៃគ្រឿងញៀន ត្រូវបានដឹកជញ្ជូន តាមផ្លូវគោក! ក៏ប៉ុន្តែនៅពេលថ្មីៗនេះ មានគ្រឿងញៀនយ៉ាងច្រើនដែលត្រូវចាប់បាន គឺច្រើនដឹកជញ្ជូនតាមផ្លូវសមុទ្រ ពិសេសគឺក្នុងចន្លោះរវាងផ្លូវសមុទ្រពីតំបន់ សមុទ្រឥណ្ឌាទៅកាន់តំបន់អឺរ៉ុប!។

អាហ្កានីស្ថាន អាចប្រឈមទៅនឹងសង្រ្គាមថ្មី ក្រោមបាតដៃរបស់អាមេរិក!

ពួកអ្នកយោធានិយមបានមើលឃើញថា អាហ្កានីស្ថាន អាចនឹងជួបប្រទះទៅនឹង សង្រ្គាមមានចរិតភេរវកម្មថ្មី! ដោយអាមេរិកមិនងាយបោះបង់ចោលនូវសម្បត្តិធម្មជាតិដ៏មហាសាលរបស់ប្រទេសមួយនេះទៅឱ្យគូបដិបក្ខ ក្នុងការប្រកួតប្រជែងជាយុទ្ធសាស្រ្តគឺចិន និងរុស្ស៊ីនោះឯង!។ នរណាក៏ដឹងដែរថា អាមេរិកមានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងបញ្ជា ក្បាលម៉ាស៊ីនភេរវកម្ម អ៊ីស្លាមនិយមជ្រុលបំផុតឱ្យធ្វើការចល័តពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ដោយបាតដៃរបស់CIAទាំងអស់! ហើយក្នុងករណីបើមានសង្រ្គាមសារជាថ្មីក្នុងយុទ្ធសាស្រ្តប្រឆាំងទៅនឹងសកម្មភាព ភេរវកម្មនៅលើទឹកដីអាហ្កានីស្ថាន នេះ អាចឧបទ្ទវហេតុមួយនេះ នឹងមានការជះឥទ្ធិពលអវិជ្ជមានមកលើផលប្រយោជន៍ របស់រុស្ស៊ីនោះផងដែរ ជាមិនខាន! នេះបើតាមការអះអាង របស់លោក Zhdanov អ្នកវិភាគភូមិសាស្រ្តនយោបាយ របស់រុស្ស៊ីនោះ!។

លោក Zhdanov ក៏បានបញ្ជាក់ថា អាហ្កានីស្ថាន ជាប្រទេសដែលសំបូរទៅដោយរ៉ែធ្យូងថ្ម និងលោហធាតុដែលមានតម្លៃយ៉ាងច្រើន ដូចជាជាតិ Lithium ជាដើម!។

ស្ថានការណ៍ នៅអាហ្កានីស្ថាន មានសភាពធ្ងន់ធ្ងរឡើងវិញ!

Ahmad Massoud

នៅព្រឹកថ្ងៃទី៣១ សីហា កងទ័ពអាមេរិកបានចាកចេញ អស់ពីវាលយន្តហោះកាប៊ុល ហើយអាជ្ញាធរតាលីបង់ បានប្រកាសថា សង្រ្គាមបានចប់ជាស្ថាពរ បន្ទាប់ពីលែង មានវត្តមាន ជាយោធារបស់អាមេរិក លើទឹកដីអាហ្កានីស្ថាន អស់រយៈកាល២០ឆ្នាំមក! តែក្រុមតស៊ូថ្មី ក្រោមការដឹកនាំរបស់ Ahmad Massoud បានបដិសេធ ដោយពួកគេ បាននិងកំពុងកាន់កាប់ តំបន់មួយចំនួន ចាប់ធ្វើការតស៊ូ ប្រយុទ្ធប្រឆាំងទៅនឹង ពួកតាលីបង់ អ្នកយុទ្ធសាស្រ្តយោធា នៅក្នុងតំបន់បានមើលឃើញស្រមោលរបស់អាមេរិក នៅខាងក្រោយពួកនេះជាលឹមៗទៅហើយនោះ!៕

                                                             ​​      ដោយ ហើស សិរីធន់

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top