ព័ត៌មានអន្តរជាតិ

សម្ដេចតេជោ បញ្ជារដ្ឋមន្ដ្រីការបរទេស និងរដ្ឋមន្ដ្រីយុត្តិធម៌ខ្មែរ ជួបមួយរដ្ឋមន្ដ្រីសាយប្រឺស ដើម្បី បញ្ជាក់ភាពស្អាតស្អំសងខាង ទោះសារព័ត៌មាន The Guardian កែអត្ថបទ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ និងលោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ត្រូវជួបពិភាក្សាគ្នា ជាមួយ រដ្ឋមន្ដ្រីបរទេស ឬរដ្ឋមន្ដ្រីយុត្តិធម៌ប្រទេស សាយប្រឺស (Cyprus) តាមប្រព័ន្ធវិដេអូ ក្នុងពេលឆាប់ៗនេះ ទោះបីជាសារព័ត៌មាន The Guardian កែអត្ថបទចេញផ្សាយរបស់ខ្លួនក៏ដោយ ព្រោះថា ប៉ះពាល់មុខមាត់ប្រទេសទាំងពីរ។

សាយប្រឺស ជាប្រទេសមួយនៅក្នុងទ្វីបអឺរ៉ុប ហើយក៏ជាប្រទេសមួយ នៃសហភាពអឺរ៉ុប ២៧ប្រទេសផងដែរ។

សារព័ត៌មាន The Guardian ដែលមានទីតាំងនៅចក្រភពអង់គ្លេសបានកែខ្លឹមសារ របស់ខ្លួនឡើងវិញដែលពីមុនបានសរសេរថា «មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតនៅក្នុងចំណោមជនជាតិ មិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែន ប្រទេសសាយប្រឺស»។

កាលពីថ្ងៃ៣ តុលា The Guardian បានចេញផ្សាយថា ក្នុងសៀវភៅរបស់សមាគម អ្នកកាសែតអន្តរជាតិ Pandora Papers គឺមានឈ្មោះ សម្តេចតេជោថា បានទិញលិខិតឆ្លងដែន ពីប្រទេសសាយប្រឹស ដែលជាកោះមួយនៅទ្វីបអឺរ៉ុប ។

ដោយសាររឿងនេះ ទើបសម្តេចតេជោ បានស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅ ធានាដំណើរការ ជាប្រក្រតី នៃស្ថាប័នជាតិ សំដៅចារឹក គោលការណ៍គ្រឹះទាំងនេះ ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។

ក្រោយការប្រកាស របស់សម្តេចតេជោកាលពីថ្ងៃ៦ តុលានោះ គណៈរដ្ឋមន្ត្រីក៏បានកំណត់យកថ្ងៃ៨ តុលានេះ ដើម្បីប្រជុំពេញអង្គ ដើម្បីពិភាក្សា និងពិនិត្យលើការធ្វើវិសោធនកម្មមាត្រាមួយ ចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមាន ៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្ត្រី ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាទាំងនេះបានប៉ះពាល់មុខមាត់នាយករដ្ឋមន្ដ្រីកម្ពុជា ដោយឡែក ប្រទេសសាយប្រឺស ក៏ប៉ះពាល់មុខមាត់ដែរ ។

សម្ដេចតេជោបានបញ្ជាក់ថា «ឯកឧត្តម ប្រាក់ សុខុន ធ្វើត្រូវកិច្ចការងារនេះ ឲ្យល្អជាមួយនឹង រដ្ឋមន្រ្តីសាយប្រឺស ។ នេះជាទំនាក់ទំនងរដ្ឋ និងរដ្ឋ ហើយរដ្ឋទាំងពីរទទួលរងគ្រោះដូចគ្នា រាជរដ្ឋាភិបាលកម្ពុជា ប៉ះពាល់ទៅលើមេដឹកនាំកម្ពុជា គឺនាយករដ្ឋមន្ដ្រីកម្ពុជា។ ឯសាយប្រឺសខ្លួនឯង ត្រូវខូចឈ្មោះដោយសារការបន្ទាបបង្អាប់ ហ៊ុន សែន ទិញសញ្ជាតិ និងទិញលិខិតឆ្លងដែន ។ ចឹងទេ រដ្ឋទាំងពីរ សុទ្ធតែជារដ្ឋរងគ្រោះដូចគ្នា ដោយសារតែ សារព័ត៌មាន The Guardian ពិតមែនសារព័ត៌មាននេះ បានកែទៅហើយ ក៏ប៉ុន្ដែយើងបញ្ជាក់ រដ្ឋ និងរដ្ឋ ជាមួយគ្នា»

សម្ដេចតេជោបន្ដថា «ឯកឧត្តម ប្រាក់ សុខុន និងឯកឧត្តម កើត រិទ្ធ ត្រូវជួបរដ្ឋមន្ដ្រីការបរទេស ឬជួបរដ្ឋមន្ដ្រីយុត្តិធម៌ តាមប្រព័ន្ធវិដេអូ យើងត្រូវនិយាយគ្នា ឲ្យច្បាស់លើរឿងនេះ ព្រោះរឿងនេះ អត់ត្រឹមត្រូវចប់ទេ ព្រោះយើងបានស្នើសុំសិទ្ធិកិច្ចសហប្រត្តិបត្តិការក្នុងនាម រដ្ឋ និងរដ្ឋ មិនអាចយករឿង នឹងធ្វើជាល្បែងលេងសើច»

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូល ចំនួន៤របស់ជាតិ ក្នុងល្បឿនលឿនបែបនេះ ជាការបញ្ជាក់នូវល្បឿនការងាររបស់ គណៈរដ្ឋមន្ត្រីកម្ពុជា ដែលធ្វើការងារអត់ដេកពួន ហើយដើម្បីបញ្ជាក់ពីសញ្ជាតិរបស់សម្តេច ផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា «នៅពេលធម្មនុញ្ញចូលជាធរមានហើយ គឺឋានៈ និងតួនាទីរបស់ ហ៊ុន សែន ត្រូវបានបញ្ចប់ ព្រោះដោយសារគេចោទថា ហ៊ុន សែន មានសញ្ជាតិពីរ។ ប៉ុន្តែបើសិន ហ៊ុន សែន អត់មានសញ្ជាតិពីរទេ ហ៊ុន សែន នៅតែបន្ត»

សម្ដេចតេជោបន្ដទៀតថា ចំពោះមុខទៀតគឺមានផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសកម្ពុជា ដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស និងបង្ហាញភក្តីភាពចំពោះជាតិមាតុភូមិ ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា «ហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ ហើយមកចង់ដណ្តើមយកកៅអី ហើយកន្លែងនេះ វាទំនាស់ផលប្រយោជន៍ ការជ្រៀតជ្រែក ពីបរទេសទៅលើតំណែងដ៏សំខាន់នេះ គឺវាអាចកើតមានច្បាស់ ព្រោះអ្នកមានសញ្ជាតិពីរត្រូវបង់ពន្ធ ឲ្យនៅក្រៅប្រទេស ហើយគេអាច កំញើញថា បើមិនធ្វើតាមគេ ទ្រព្យសម្បត្តិរបស់អ្នកឯង នៅក្រៅប្រទេស គេនឹងរឹបអូស ឬអ៊ីចេះអ៊ីចុះ ដូច្នេះនៅក្រោមឥទ្ធិពលគេ»

សម្ដេចតេជោ បានបន្ដថា ការធ្វើច្បាប់នេះប៉ះពាល់ តែស្ថាប័នកំពូល ចំនួន ៤ប៉ុណ្ណោះ ។ សម្ដេចថា នាថ្ងៃខាងមុខ កម្ពុជានឹងត្រូវធ្វើការកំណត់ ឲ្យកាន់តែទូលាយពាក់ព័ន្ធសញ្ជាតិរបស់មន្ត្រីខ្មែរ តែពេលបច្ចុប្បន្ននឹងមាន ការកំណត់សញ្ជាតិឋានៈឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬអនុប្រធានរដ្ឋសភា- ព្រឹទ្ធសភា៕

To Top