បរទេស៖យោងតាមអ្នកវិភាគនិងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលលើកឡើងនូវមន្ទិលសង្ស័យក្នុងសប្ដាហ៍នេះ ស្តីពីការប្រមូលផលរបស់កូរ៉េខាងជើង និងមានសញ្ញាថា ប្រទេសឯកោនេះ នឹងទទួលការបញ្ជូនជំនួយមនុស្សធម៌ដ៏ធំ ពីប្រទេសចិននោះ ស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើង នៅតែមានហានិភ័យ។
ប្រទេសកូរ៉េខាងជើង បានទទួលរកគ្រោះជាយូរមកហើយ ពីអសន្តិសុខស្បៀងអាហារ ដោយឃ្លាំមើលនិយាយថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល មានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែទណ្ឌកម្មអន្តរជាតិ គ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតជម្ងឺកូវីដ១៩នាពេលបច្ចុប្បន្ន ដែលបណ្ដាលឲ្យបិទព្រំដែនមិនធ្លាប់មានពីមុន។
ប្រទេសកូរ៉េខាងជើង ជាចម្បង គឺពឹងផ្អែកលើការនាំចូលនិងជំនួយពីប្រទេសចិន ដើម្បីបំពេញបន្ថែមសម្រាប់ការប្រមូលផលបានតិចតួច ប៉ុន្តែការបិទដំណើរគោចរឆ្លងព្រំដែន ក្នុងគោលបំណងទប់ស្កាត់មិនឲ្យឆ្លងមេរោគកូរ៉ូណា បានធ្វើពាណិជ្ជកម្មធ្លាក់ចុះ និងបង្កមន្ទិលសង្ស័យពីសមត្ថភាពរបស់ប្រទេសនេះ ក្នុងការយកឈ្នះលើកង្វះខាតស្បៀងអាហារ។
គួរបញ្ជាក់ថា នៅក្នុងខែកក្កដា អង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា រដូវដំាដុះឆ្នាំ២០២១ ហាក់មានការចាប់ផ្តើមដ៏ល្អ ប៉ុន្តែរបាយការណ៍ថ្មីមួយ ចេញដោយក្រុមអ្នកវិភាគមានមូលដ្ឋាននៅអាមេរិក នៅក្នុងសប្ដាហ៍នេះ បាននិយាយថា ទិន្នន័យប្រមូលបានដោយផ្កាយរណប បង្ហាញថា ទិន្នផលដែលប្រមូលបានមានការធ្លាក់ចុះពីមធ្យម៕ប្រែសម្រួល៖ប៉ាង កុង