សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីថ្មីចំនួន ៣,៥៩០ ករណីនៃជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១២០,៤៥៤ ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នេះគឺជាថ្ងៃទី៤ ជាប់ៗគ្នាហើយនៅពេលដែលករណីថ្មីប្រចាំថ្ងៃ កើនឡើងលើសពី ៣,០០០ ករណី នៅក្នុងរដ្ឋទីក្រុង របស់ប្រទេសសិង្ហបុរី ដែលជាការកើនឡើង នូវករណីឆ្លងជំងឺគួរឲ្យព្រួយបារម្ភ។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីចំនួន ២,៨២៥ ស្ថិតនៅក្នុងសហគមន៍ ៧៦៥ករណី ស្ថិតនៅក្នុងអន្តេវាសិកដ្ឋានកម្មករចំណាកស្រុក។ ក្នុងចំណោមករណីក្នុងស្រុកនាពេលបច្ចុប្បន្ននេះ មានមនុស្សចាស់ចំនួន ៦១៩ នាក់ ដែលមានអាយុលើសពី ៦០ ឆ្នាំ។
បច្ចុប្បន្ននេះមានករណីសរុបចំនួន ១,៥៦៤ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ អ្នកជំងឺ ៦ នាក់ទៀតបានស្លាប់ដោយសារផលវិបាកដោយសារ ការឆ្លងមេរោគកូវីដ-១៩ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៤២ នាក់។
គួរបញ្ជាក់ថា ប្រជាជនក្នុងស្រុកចំនួន ៨៣ ភាគរយ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយ ៨៥ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូស៕ដោយ ឈូក បូរ៉ា

