ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្តនុយក្លេអ៊ែរ ដ៏ល្បីល្បាញ របស់ប៉ាគីស្ថាន ទទួលមរណៈភាព

អ៊ីស្លាម៉ាបាដ៖ ប្រភពពីក្រុមគ្រួសាររបស់លោក បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរប៉ាគីស្ថាន លោក អាប់ឌុល កាដេយខាន់ ដែលជាស្ថាបនិក នៃកម្មវិធីនុយក្លេអ៊ែរប៉ាគីស្ថាន បានទទួលមរណភាព ដោយសារជំងឺសួត នៅអាយុ ៨៥ ឆ្នាំ។

យោងតាមសមាជិកគ្រួសារ របស់លោកបានឱ្យដឹងថា ស្ថានភាពសុខភាពរបស់លោក បានចាប់ផ្តើមយ៉ាប់យ៉ឺន នៅយប់ថ្ងៃសៅរ៍ បន្ទាប់ពីលោកត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យពិសោធន៍ស្រាវជ្រាវ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ។

កាលពីដើមខែសីហា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែររូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានចំពោះកូវីដ-១៩ ។ យោងតាមមន្រ្តីរដ្ឋាភិបាលបានឱ្យដឹងថា លោកត្រូវបានផ្លាស់ប្តូរទៅផ្ទះវិញ បន្ទាប់ពីទទួលបានការព្យាបាល ដោយជោគជ័យពីជំងឺកូរ៉ូណា។

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានសម្តែងការចូលរួមរំលែកទុក្ខ ដល់គ្រួសារ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ ដោយឲ្យដឹងនៅលើបណ្តាញសង្គមធ្វីតធ័រថា លោកត្រូវបានប្រជាជាតិស្រឡាញ់ ដោយសារតែ“ ការរួមចំណែកដ៏សំខាន់ របស់លោក ក្នុងការធ្វើឱ្យប៉ាគីស្ថាន ក្លាយជារដ្ឋអាវុធនុយក្លេអ៊ែរ” ។

នាយករដ្ឋមន្ត្រីបានលើកឡើងថា“ សម្រាប់ប្រជាជនប៉ាគីស្ថាន លោក គឺជានិមិត្តសញ្ញាជាតិ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីប៉ាគីស្ថានលោក អារីហ្វ អាល់វី បានឲ្យដឹងនៅក្នុងបណ្ដាញសង្គមធ្វីតធ័រ ផងដែរថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ បានជួយប៉ាគីស្ថាន“ អភិវឌ្ឍ ការទប់ស្កាត់នុយក្លេអ៊ែរ ដែលជួយសង្គ្រោះជាតិ ហើយប្រទេសដែលដឹងគុណ នឹងមិនភ្លេចសេវាកម្មរបស់លោក ក្នុងរឿងនេះទេ”៕ ដោយ ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top